កុំកាត់ក្តីមនុស្សតាមរយៈ "បង្អួច" នៃបណ្តាញសង្គម

នៅក្នុងពិភពឌីជីថលដែលព័ត៌មានហូរលឿនដូចទឹកបាក់ទំនប់ មនុស្សយើងងាយនឹងធ្លាក់ក្នុងអន្ទាក់នៃ "ការវិនិច្ឆ័យដោយភ្នែក តែខ្វះសតិ"។ យើងច្រើនតែតាំងខ្លួនជាចៅក្រម កាន់ញញួរកាត់ក្តីលើជីវិតអ្នកដទៃ ទាំងដែលយើងទើបតែអានអត្ថបទមួយបន្ទាត់ ឬឃើញរូបភាពត្រឹមមួយសន្លឹក។

ក្នុងព្រះត្រៃបិដក ភាគ ៤០ ពុទ្ធបានដាស់តឿនថា៖ «កុំអាលជឿតាមការឮតៗគ្នា កុំអាលជឿតាមពាក្យចចាមអារ៉ាម... ប៉ុន្តែត្រូវពិចារណាឱ្យដឹងច្បាស់ដោយបញ្ញា»។ ស្របពេលជាមួយគ្នា ព្រះយេស៊ូក៏បានបង្រៀនក្នុងគម្ពីរម៉ាថាយ ៧:១-៥ អំពីការកុំឱ្យមើលរំលង "ធ្នឹមក្នុងភ្នែកខ្លួនឯង" ហើយទៅរវល់តែសម្លឹង "កម្ទេចធូលីក្នុងភ្នែកអ្នកដទៃ" ដោយព្រះអង្គបញ្ជាក់ថា៖ «កុំថ្កោលទោសអ្នកដទៃឡើយ ដើម្បីកុំឱ្យព្រះជាម្ចាស់ថ្កោលទោសអ្នករាល់គ្នាវិញ»

ករណីផ្ទុះការរិះគន់លើវេជ្ជបណ្ឌិតម្នាក់ បន្ទាប់ពីប្រពន្ធ​បង្ហោះរឿងអាស្រូវគ្រួសារ គឺជាឧទាហរណ៍នៃ "ការរុញទូកបណ្តោយទឹក" ដោយខ្វះការពិចារណា។ ការប្រើសម្តីអសុរោះវាយប្រហារផ្លូវចិត្ត មិនខុសពីការបាញ់ព្រួញថ្នាំពិសឡើយ ទោះរឿងនោះជាការពិតឬយ៉ាងណា ក៏អំពើហិង្សាពាក្យសម្តីមិនដែលនាំមកនូវយុត្តិធម៌ពិតប្រាកដនោះទេ។

ការសម្រុកកាត់ក្តីលើបណ្តាញសង្គម បង្កើតជាផលវិបាកជាខ្សែសង្វាក់ ទី១ ចំពោះបុគ្គលដែលរងការរិះគន់ គឺមិនត្រឹមតែបាត់បង់កិត្តិយស និងអាជីពការងារប៉ុណ្ណោះទេ ប៉ុន្តែវាអាចរុញច្រានគាត់​ឱ្យធ្លាក់ក្នុងជំងឺបាក់ទឹកចិត្ត ឬឈានដល់ការបញ្ចប់ជីវិត។ ទី២ ចំពោះក្រុមគ្រួសារ និងកូនៗរបស់​ពួកគេ​ដែលមិនដឹងអី ត្រូវរងសម្ពាធពីសង្គម ការរើសអើងនៅសាលារៀន និងស្លាកស្នាមផ្លូវចិត្តដែលមិនអាចលុបលាងបានពេញមួយជីវិត។ ទី​៣ ចំពោះសង្គមជាតិ គឺ​យើង​កំពុង​​បង្កើតវប្បធម៌ "តុលាការហ្វេសប៊ុក" ដែលបំផ្លាញសណ្តាប់ធ្នាប់ យុត្តិធម៌ និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ។

តើការជេរប្រមាថ និងចែកចាយអាចមានទោសដែរឬទេ?

យោងតាម ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ការប្រើប្រាស់បណ្តាញសង្គមដើម្បីវាយប្រហារអ្នកដទៃ អាចចូលក្នុងបទល្មើសដូចខាងក្រោម៖

  • បទបរិហារកេរ្តិ៍ជាសាធារណៈ (មាត្រា ៣០៥)៖ ការអះអាង ឬការទម្លាក់កំហុសដោយអសុទ្ធចិត្ត ទៅលើអង្គហេតុណាមួយ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស ឬសេចក្តីថ្លៃថ្នូរនៃបុគ្គល។ ទោះបីជាការបង្ហោះនោះ "ជាការពិត" ក៏ដោយ ប៉ុន្តែបើវាជាបញ្ហាឯកជនដែលមិនបម្រើផលប្រយោជន៍សាធារណៈ ហើយធ្វើឡើងក្នុងបំណងបង្ខូចឈ្មោះ វាក៏អាចខុសច្បាប់ដែរ។
  • បទជេរប្រមាថជាសាធារណៈ (មាត្រា ៣០៧)៖ ការប្រើពាក្យប្រមាថ មាក់ងាយ ឬពាក្យអសុរោះទៅលើបុគ្គលណាម្នាក់ជាសាធារណៈ (រួមទាំងការផ្តល់​មតិ​ (Comment) ជេរប្រមាថលើបណ្តាញសង្គម)។
  • អ្នកចែកចាយ (Sharer)៖ ការចែកចាយ (Share) ព័ត៌មានដែលដឹងថាជាការបរិហារកេរ្តិ៍ ឬព័ត៌មានមិនពិត ក៏អាចត្រូវចាត់ទុកថាជា "អ្នកសមគំនិត" ឬជាអ្នករួមចំណែកក្នុងការផ្សព្វផ្សាយបទល្មើស ដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដូចគ្នា។

ជាការពិត ក្នុងនាមជាស្វាមី និងជាឪពុក ការផិតក្បត់គឺជាកំហុសទាំងសីលធម៌ និងច្បាប់ឯកពន្ធភាព។ ប៉ុន្តែយើងជា "អ្នកក្រៅ" មិនគួរប្រើអារម្មណ៍មកកាត់សេចក្តីផ្តេសផ្តាសឡើយ។ យុត្តិធម៌ពិត ត្រូវស្តាប់ពីគ្រប់ភាគី និងការវិនិច្ឆ័យពីស្ថាប័នមានសមត្ថកិច្ច។

មុននឹងបញ្ចេញមតិ ឬចែកចាយ ចូររំលឹកខ្លួនឯងថា៖ «ការស្ងៀមស្ងាត់នៅពេលមិនទាន់ដឹងច្បាស់ គឺជាសញ្ញានៃអ្នកមានបញ្ញា ប៉ុន្តែការជេរប្រមាថតាមហ្វូងមនុស្ស គឺជាសញ្ញានៃភាពទន់ខ្សោយផ្នែកសីលធម៌»៕

 

Daily Program

Livesteam thumbnail