ការអនុវត្តតួនាទី ឬភារកិច្ច គឺត្រូវឱ្យច្បាស់លាស់ កុំចេះមួយរយមុខធ្វើទាំងអស់
ក្នុងសង្គមបច្ចុប្បន្ន ការងារគ្រប់ប្រភេទទាមទារឱ្យមនុស្សមានទាំងចំណេះដឹង ជំនាញ និងការទទួលខុសត្រូវខ្ពស់។ ហើយមនុស្សម្នាក់ៗអាចមានសមត្ថភាពរៀន និងអនុវត្តការងារបានច្រើនប្រភេទ ប៉ុន្តែការងារនឹងទទួលបានលទ្ធផលល្អប្រសើរ លុះត្រាតែមានការបែងចែកតួនាទី និងភារកិច្ចឱ្យបានច្បាស់លាស់។ នៅក្នុងសង្គមការងារ ថ្វីត្បិតតែវាប្រទាក់ក្រឡាគ្នាទៅវិញទៅមក ប៉ុន្តែការបែងចែកការងារ ជំនាញ និងការទទួលខុសត្រូវ គឺត្រូវបានសង្គមកំណត់យ៉ាងច្បាស់លាស់។
នៅក្នុងការបំពេញការងារ តួនាទី និងភារកិច្ចដែលច្បាស់លាស់ គឺជាមូលដ្ឋាននៃការងារដែលមានប្រសិទ្ធភាព។ នៅក្នុងគ្រួសារ សាលារៀន ស្ថាប័ន ឬអង្គការ តែងមានការបែងចែកភារកិច្ចទៅតាមសមត្ថភាព និងការទទួលខុសត្រូវរបស់មន្ត្រីម្នាក់ៗ។ នៅពេលដែលមន្ត្រីម្នាក់ដឹងថាខ្លួនត្រូវធ្វើអ្វី ទទួលខុសត្រូវអ្វី និងសម្រេចគោលដៅអ្វី ការងារនឹងដំណើរការបានរលូន កាត់បន្ថយការភាន់ច្រឡំ និងជម្លោះក្នុងការងារ។ ផ្ទុយទៅវិញ បើតួនាទីមិនច្បាស់លាស់ មន្ត្រីជាច្រើនអាចធ្វើការងារដដែលៗ ឬគេចវេះពីការទទួលខុសត្រូវ ដែលនាំឱ្យការងារយឺតយ៉ាវ និងខ្វះគុណភាព។
ជាការពិត នៅក្នុងសម័យដែលមានការប្រកួតប្រជែងខ្ពស់ ទីផ្សារការងារតែងតែត្រូវការអ្នកដែលមានជំនាញពិតប្រាកដ អាចដោះស្រាយបញ្ហា និងបង្កើតលទ្ធផលជាក់ស្តែង។ ដូច្នេះ ការមានជំនាញស៊ីជម្រៅលើវិស័យនីមួយៗ គឺជាអត្ថប្រយោជន៍ដ៏សំខាន់សម្រាប់ការរីកចម្រើនក្នុងអាជីព។ លើសពីនេះ ការធ្វើការងារច្រើនក្នុងពេលតែមួយ ដោយគ្មានការរៀបចំអាទិភាព អាចធ្វើឱ្យគុណភាពការងារធ្លាក់ចុះ។ មន្ត្រីដែលព្យាយាមទទួលយកការងារគ្រប់យ៉ាង ជាញឹកញាប់តែងប្រឈមនឹងសម្ពាធ ខ្វះពេលវេលា និងងាយមានកំហុស។ ផ្ទុយទៅវិញ មន្ត្រីដែលចេះកំណត់អាទិភាព ផ្តោតលើភារកិច្ចសំខាន់ និងអនុវត្តការងាររបស់ខ្លួនឱ្យបានល្អ នឹងទទួលបានទំនុកចិត្តពីអ្នកដឹកនាំ និងសហការី ហើយអាចសម្រេចការងារបានដោយមានគុណភាពខ្ពស់។
ជាក់ស្តែង យើងអាចឃើញថា វេជ្ជបណ្ឌិតល្អម្នាក់ គឺត្រូវផ្តោតលើជំនាញវេជ្ជសាស្ត្ររបស់វេជ្ជបណ្ឌិតរូបនោះ។ គ្រូបង្រៀនល្អ ត្រូវមានជំនាញក្នុងការបង្រៀន និងការអប់រំ។ វិស្វករល្អ ត្រូវយល់ច្បាស់អំពីការរចនា និងការសាងសង់។ ជាការពិត ពួកគេអាចមានចំណេះដឹងទូលំទូលាយលើវិស័យផ្សេងៗ ប៉ុន្តែភាពជោគជ័យរបស់ពួកគេកើតឡើងដោយសារការស្ទាត់ជំនាញ និងការទទួលខុសត្រូវលើតួនាទីស្នូលរបស់ខ្លួន។
សរុបទៅ ការអនុវត្តតួនាទី និងភារកិច្ចឱ្យបានច្បាស់លាស់ គឺជាមូលដ្ឋាននៃប្រសិទ្ធភាព គុណភាព និងភាពជោគជ័យ។ ការចេះច្រើនមុខមិនមែនជារឿងអាក្រក់ទេ ប៉ុន្តែបើចេះត្រឹមតែសើរៗ និងមិនមានជំនាញស្ទាត់លើអ្វីមួយនោះ ពិបាកនឹងបង្កើតសមិទ្ធផលធំបានណាស់។ ហេតុនេះ មនុស្សគ្រប់រូបគួរខិតខំអភិវឌ្ឍខ្លួនដោយរៀនសូត្រជាបន្តបន្ទាប់ មានចំណេះដឹងទូលំទូលាយ និងពង្រឹងជំនាញស្នូលរបស់ខ្លួនឱ្យរឹងមាំ។ ការធ្វើដូច្នេះ នឹងជួយឱ្យមន្ត្រីម្នាក់ៗបំពេញតួនាទីរបស់ខ្លួនបានល្អ និងរួមចំណែកដល់ភាពរីកចម្រើនរបស់ស្ថាប័ន សង្គម និងប្រទេសជាតិ។