ការសន្សំសំចៃ និងចេះកែច្នៃ អាចមានប្រយោជន៍សម្រាប់ខណៈពេលនេះ!
នៅដំណាក់កាលនេះនរណាកក៏លំបាកដែរ ដូច្នេះមានតែអត់ធ្មត់សន្សំសំចៃ ហើយប្រឹងប្រែង ដោយរួមទាំងចេះច្នៃប្រឌិត ។
កាលណាប្រេងឥន្ធនៈឡើងថ្លៃអ្វីៗវានឹងឡើងថ្លៃទាំងអស់ ហើយនេះគឺជាកត្តាសត្យានុម័ត ហើយការលំបាកនេះយើងទាំងអស់គ្នាសុទ្ធតែត្រូវចូលរួមរែកពន្ធទាំងអស់គ្នា ហើយគ្រប់គ្នាមានភារៈទ្រទ្រង់ស្ថានភាពនេះ ឲ្យបាន ។
ជាការពិតម្នាក់ៗប្រាក់ចំណូលមានតែខើច ប៉ុន្តែផ្ទុយទៅវិញការចំណាយរីកប៉ោងឡើង ដូច្នេះវិធានការសន្សំសំចៃដាច់ខាតត្រូវតែដាក់ចេញ ។ ក្រៅពីនោះការកៃច្នៃក៏ជាចំណុចមួយដែលយើងគួរតែយកចិត្តទុកដាក់ ។
បងប្អូនណាមានដីទំនេរគួរតែលៃលកបង្កើតជាសួនបន្លែ ឬ កន្លែងចិញ្ចឹមសត្វ ។ សកម្មភាពបែបនេះវាសាមញ្ញប៉ុន្តែនៅពេលដែលការខិតខំប្រឹងប្រែងយើងចេញជាផ្លែផ្កាយ៉ាងហោចណាស់យើងក៏អាចបានផល បន្លែបង្ការ និង សត្វដែលយើងចិញ្ចឹមនេះអាចនឹងជួយដោះទាល់បានខ្លះ ។
សម្រាប់អ្នកមិនមានដី តែមានទីធ្លារក៏អាចច្នៃបានដែរ ហើយការច្នៃនេះ គឺអាចមើលរបៀបនិងសិក្សាតាមបណ្តាញសង្គម ។ នៅពេលនេះមានការចែករំលែកច្រើនរឿងបង្កើតសួននៅតាមលំនៅស្ថាន ដោយការចំណាយតិច ប៉ុន្តែវាអាចជួយយើងបានមួយផ្នែក ។
សូមកុំមើលស្រាលការងារឬការច្នៃប្រឌិតទាំងនេះ ឲ្យសោះពីព្រោះក្រៅពីផលដែលយើងប្រមូលដោះស្រាយការហូបចុកហើយនោះ យើងអាចមានបទពិសោធន៍នៃជីវិត ហើយជីវិតក៏ស្រស់ស្រាយ ។ ក្រៅពីនោះវាក៏ជាប្រភពនៃលំហាត់ប្រាណរបស់យើងផងដែរ ។
បើយើងមានបញ្ហាដេកតែភ័យ មិនរវល់យើងខ្ជះខ្ជាយពេលវេលា រាងកាយយើងកាន់តែប្រឈមមុខខនឹងអាស្រេ្តស ទន់ខ្សោយ ប៉ុន្តែនៅពេលដែលយើងអនុវត្តតាមវិធីនេះវាអាចជួយឲ្យរាងកាយយើងមានលំហាត់ប្រាណខ្លះបានចេញញើស ដែលមានប្រយោជន៍ផ្នែកសុខភាពផងដែរ ។
សូមរិះគិតហើយអនុវត្តវាទាំងអស់គ្នា ពីព្រោះថាបន្លែបង្ការឥឡូវក៏ថ្លៃ ប៉ុន្តែបើយើងអាចច្នៃដាំបានផលខ្លះ នោះយើងចំណេញច្រើន ដែលជួយដល់ការសន្សំសំចៃរបស់យើង ហើយម្យ៉ាងទៀតយើងនិងគ្រួសារក៏បានបន្លែបង្ការដែលធម្មជាតិទទួលទាន មានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពមួយផ្នែកផងដែរ ។
សរុបទៅសូមកុំខ្ជះខ្ជាយពេលវេលា ហើយអង្គុយរិះគិតតែអ្វីដែលយើងធ្វើមិនបាន ។ សូមសាកល្បងកៃច្នៃអ្វីដែលវាសមញ្ញហើយយើងអាចធ្វើបានដូចជាការកែច្នៃនិងបង្កើតសួនបន្លែតាមគ្រួសារ នេះជាដើម។ សូមកុំមើលស្រាលឲ្យសោះ ហើយកុំបើចង់ឲ្យការងារនេះបានជោគជ័យសូមកុំអង្គុយតែគិត គឺសូមធ្វើវាផង ទើបវាកើតជាផល ហើយពេលធ្វើបើបរាជ័យក៏កុំបាក់ទឹកចិត្តសិក្សារកមូលហេតុកែខៃស្ថានភាពបន្ថែមឲ្យវាទៅមុខ៕