ការប្រយុទ្ធនឹងគ្រឿងញៀនត្រូវ​តែ​មាន​សង្ឃឹមជានិច្ច

ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននៅក្នុងសង្គមមិនងាយនឹងឈ្នះមែន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងមិនត្រូវអស់សង្ឃឹម ហើយត្រូវបន្តប្រយុទ្ធប្រឆាំងក៏ដូចជាយុទ្ធនាការនានាបន្តទៀត ។

យើងទាំងអស់គ្នាកុំអស់សង្ឃឹម ឲ្យសោះ ពីព្រោះបើកុំតែយើងខំប្រឹងប្រែងប៉ុណ្ណឹងមិនដឹងថា តើសង្គម យើងនឹងរងគ្រោះដោយបញ្ហាគ្រឿងញៀនប៉ុណ្ណានោះទេ ។

របាយការណ៍ពីសមត្ថកិច្ចហើយត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យបានឲ្យដឹងថា កម្ពុជាបានបន្តកត់ត្រាអំពីករណីគ្រឿងញៀនបន្តទៀតនៅក្នុងរយៈពេល២ខែដើមឆ្នាំ២០២៦នេះ ។

ពីខែមករា ដល់ ខែកុម្ភៈ កំណត់ត្រារបស់សមត្ចកិច្ចបង្ហាញពីការធ្លាក់ចុះនៃចំនួនជនសង្ស័យដែលត្រូវបានចាប់ខ្លួន ប៉ុន្តែមានការកើនឡើងនៃចំនួនបរិមាណគ្រឿងញៀនដែលរឹបអូសបាន។

សមត្ថកិច្ចជំនាញបាននិយាយអះអាងថា អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៣.៣៨៦ នាក់ក្នុងអំឡុងពេលខែមករាដល់ខែកុម្ភៈឆ្នាំនេះ ធ្លាក់ចុះ ៨,៤ ភាគរយបើធៀបនឹងចំនួនជនសង្ស័យ ៣.៦៩៧ នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នៅក្នុងរយៈពេលដដែលនេះចំនួនករណីបានបង្រ្កាបគ្រឿងញៀនក៏កត់ត្រាពីការថយចុះ ៦ ភាគរយមកត្រឹម ១.៣៥៥ ករណីនៅឆ្នាំនេះធៀបនឹង ១.៤៤២ ករណីកាលពីឆ្នាំមុន។

របាយការណ៍នេះបាននិយាយថា សម្រាប់បរិមាណគ្រឿងញៀនខុសច្បាប់ដែលរឹបអូឃើញថាមានចំនួនសរុប ៥៨៤,៤គីឡូក្រាមត្រូវបានរឹបអូសពី ជនសង្ស័យទាំងនោះក្នុងអំឡុងពេលប្រតិបត្តិការបង្រ្កាប់ដែលបានធ្វើចាប់ពីថ្ងៃទី ១ ខែមករាដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៦។

បរិមាណគ្រឿងញៀនដែលរឹបអូសបានបង្ហាញនូវការកើនឡើង ១៨០ ភាគរយ នោះបើធៀបនឹងបរិមាណគ្រឿងញៀនតែ ២០៨,៥ គីឡូក្រាមដែលរឹបអូសបានក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំមុន។

សារធាតុគ្រឿងញៀនភាគច្រើនដែលរឹបអូសបានគឺមានកេតាមីន អេស្តាស៊ី ហេរ៉ូអ៊ីន គ្រីស្តាល មេតំហ្វេតាមីន និង កូកាអ៊ីន ជាដើម ។

គ្រឿងញៀនគឺជាសារធាតុដ៏គ្រោះថ្នាក់ចំពោះសង្គមនិងសុខមាលភាពសង្គម  ហើយយើងទាំងអស់គ្នាដាច់ខាតកុំធ្លាក់ទៅក្រោមការអន្ទងរបស់អ្នកដែលញុះញង់ឫអន្ទងឲ្យយើងប្រើប្រាស់ ។ ការប្រើប្រាស់ គ្រឿងញៀនគឺមានតែវិនាសលើខ្លួនប្រាណនិងសង្គមតែប៉ុណ្ណោះ ដូច្នេះយើងទាំងអស់គ្នាចាំបាច់ត្រូវតែនិយាយថា ទេចំពោះគ្រឿងញៀន យើងត្រូវតែរួមដៃគ្នាជមួយនឹងសមត្ថកិច្ច និង សមាសភាពនានា នៅក្នុងគោលបំណងធ្វើយ៉ាងណាចាតការប្រឆាំងអ្នកដែលរត់ពន្ធគ្រឿងញៀនតាមផ្លូវច្បាប់៕

Daily Program

Livesteam thumbnail