ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរកំពុងតែកើន
របាយការណ៍នៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរដែលកម្ពុជាសម្រេចបានកាលពីខែមករា ឆ្នាំ២០២៦ គឺមានតម្លៃសរុប ប្រមាណជាង ១,៤ ពាន់លានដុល្លារ កើនឡើង ៧,២ ភាគរយបើប្រៀបធៀបទៅនឹងខែដូចគ្នាកាលពីឆ្នាំមុន។
តាមការចុះផ្សាយដោយសារព័ត៌មាននានាបានបង្ហាញថា សម្រាប់សម្លៀកបំពាក់កម្ពុជាអាចនាំចេញបានសរុបដែលមានតម្លៃ ១,០១ ពាន់លានដុល្លារ កើនឡើង ៦,៧ ភាគរយ ហើយ ស្បែកជើង មានតម្លៃ ១៩៦,៦ លានដុល្លារ កើនឡើង ១៦,៨ ភាគរយ។ ក្រៅពីនោះ ទំនិញធ្វើដំណើរនិងកាបូប គឺមានតម្លៃប្រមាណជា ១៨៨ លានដុល្លារ កើនឡើង ១,១ ភាគរយ។
ជាមួយនឹងកំណើននេះ អ្នកវិភាគបានអះអាងថា ប្រសិនបើបរិមាណនៃការនាំចេញផលិតផលទាំងនេះនៅតែបន្តប្រសើរបែបនេះទៀតគឺវាកំពុងតែឆ្លុះបញ្ចាំងពីការធ្វើពិពិធកម្មទីផ្សារប្រកបដោយប្រសិទ្ធភាពរបស់កម្ពុជា លើសពីដៃគូប្រពៃណីរបស់ខ្លួន។
មកដល់ពេលនេះឧស្សាហកម្មសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ គឺជាឧស្សាហកម្មរកចំណូលបានច្រើនជាងគេរបស់ប្រទេសកម្ពុជា ដែលមានចំនួន ៤៦.៥ ភាគរយនៃតម្លៃនាំចេញសរុបខណៈដែលវិស័យនេះមានរោងចក្រប្រមាណជា១.៥០០ ដែលមានកម្មករជាង ៩០០.០០០ នាក់ ភាគច្រើនជាស្ត្រី។
សូមបងប្អូនកម្មករជាពិសេសគឺកម្មការនីត្រូវតែខិតខំបំពេញការងារបន្ថែមទៀតដើម្បីបន្តធានាទាំងបរិមាណ និងគុណភាព ហើយស្ថាប័នពាក់ព័ន្ធគួរតែលើកកំពស់ការទាក់ទាញនិងសម្របសម្រួល ដល់ការនាំចេញ ដោយរួមទាំងការខិតខំបើកទីផ្សារថ្មីៗឲ្យបានកាន់តែច្រើនបន្ថែមទៀត។
យើងសង្ឃឹមថា ប្រសិនបើយើងទាំងអស់គ្នាខំប្រឹងប្រែងដោយស្មើដៃគ្នា ហើយកុំអង្គុយរកបញ្ហាដាក់ខ្លួននិង ដាក់រោងចក្រ យើងនឹងអាចបន្តបង្កើនផលិតភាពបន្ថែមទៀត ហើយក្រៅពីនោះយើងក៏ត្រូវតែបន្តពង្រឹង វិជ្ជាជីវៈនិងជំនាញរបស់យើងបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាពង្រឹងមូលដ្ឋានជំនាញនិងវិជ្ជាជីវៈដែលមានស្រាប់ចាប់យកជំនាញនិងវិជ្ជាជីវៈថ្មីដើម្បីបង្កើតឱកាសថ្មីសម្រាប់យើងផងដែរ។
ការងារមូលដ្ឋានយើងពង្រឹង ប៉ុន្តែការអភិវឌ្ឈន៍ខ្លួនក៏ត្រូវតែបង្កើនដើម្បីធ្វើយ៉ាងណាក៏ដោយធានាឲ្យបាននូវកំណើនផលិតផលដែលយើងមានទីផ្សារសា្រប់បន្ថែម ហើយឈានទៅពង្រឹងការងារនិងផលិតផលបន្ថែមផ្សេងទៀតដើម្បីបង្កើនចំណូលនិងជំនាញហើយក៏ធនធានសម្រាប់យើង គ្រួសារ និង សហគមន៍ទាំងមូលផងដែរ៕