អ៊ីរ៉ង់មិនថយក្រោយ រក្សាលក្ខខណ្ឌបើកច្រកសមុទ្រអ័រមូស លោកត្រាំ បដិសេធ​ផែនការ​សន្តិភាព

អ៊ីរ៉ង់បានបញ្ជាក់ថា ខ្លួននៅតែរក្សាលក្ខខណ្ឌរបស់ខ្លួន ដើម្បីបើកច្រកសមុទ្រអ័រមូសឡើងវិញ បើ​ទោះបីប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ បានបដិសេធសំណើសន្តិភាពរបស់ ទីក្រុង​តេអេរ៉ង់ក៏ដោយ។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោកអាបបាស អារ៉ាជី បាន អះអាងថា ទ្វារការទូតនៅតែបើកចំហ ប៉ុន្តែទីក្រុងតេអេរ៉ង់ក៏មិនមានបំណងបោះបង់ការ ទាមទារ​របស់ខ្លួនឡើយ។

កាលពីថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា អ៊ីរ៉ង់បានប្រកាសជាថ្មីថា ការបើកច្រកសមុទ្រអ័រមូស​ឡើង​វិញ នឹងអាស្រ័យលើការបំពេញលក្ខខណ្ឌរបស់ខ្លួន។ ការប្រកាសនេះធ្វើឡើង បន្ទាប់ពីលោក ដូណាល់ ត្រាំ បដិសេធផែនការសន្តិភាពដែលអ៊ីរ៉ង់បានដាក់ស្នើ ខណៈទីក្រុងវ៉ាស៊ីនតោន​ចាត់​ទុក​សំណើនេះថា ជាការប៉ុនប៉ងដែលគិតតែប្រយោជន៍របស់អ៊ីរ៉ង់។

លោកអាបបាស អារ៉ាជី បាននិយាយថា លក្ខខណ្ឌ​របស់អ៊ីរ៉ង់គឺច្បាស់លាស់ ហើយការបើក​ច្រក​សមុទ្រអ័រមូសឡើងវិញ នឹងកើតមាន​ឡើង​លុះត្រាតែមានការឆ្លើយតបតាមលក្ខខណ្ឌ​ទាំង​នោះ។ លោកបញ្ជាក់ថា អ៊ីរ៉ង់មិនមាន​បំណង​បន្ទាបការទាមទាររបស់ខ្លួនឡើយ ប៉ុន្តែ​ជាមួយ​គ្នានេះ ទីក្រុងតេអេរ៉ង់ក៏មិនបាន​បិទទ្វារ​ចំពោះការទូត និងការចរចានោះដែរ។

ច្រកសមុទ្រអ័រមូស គឺជាផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយរបស់ពិភពលោក។ មុនពេល​ជម្លោះ​ផ្ទុះឡើង ច្រកសមុទ្រនេះជាផ្លូវឆ្លងកាត់សម្រាប់ប្រេងឥន្ធនៈប្រមាណ ១/៥ នៃការ​ផ្គត់​ផ្គង់​​ពិភពលោក។ ដោយសារសារៈសំខាន់នេះ ច្រកសមុទ្រអ័រមូសបានក្លាយជាចំណុច​កណ្ដាល​​​​នៃភាពតានតឹង​រវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក។ ចាប់តាំងពីការវាយប្រហារដែល​បង្កើន​​ភាពតានតឹងនៅក្នុង​តំបន់មក អ៊ីរ៉ង់បានអះអាងថា ខ្លួនមានការ​គ្រប់គ្រងលើ​ការធ្វើនាវា​ចរណ៍​នៅតំបន់នោះ ខណៈទីក្រុងវ៉ាស៊ីនតោនបានដាក់វិធានការរឹតត្បិតរាំងខ្ទប់ប្រឆាំងនឹង​កំពង់ផែរបស់អ៊ីរ៉ង់។

នៅពេលត្រូវបានសួរពីសំណើរបស់អ៊ីរ៉ង់ លោកដូណាល់ ត្រាំ បានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ថា លោកបដិសេធសំណើនោះ។ ប្រធានាធិបតីអាម៉េរិកក៏បានអះអាងថា មេដឹកនាំអ៊ីរ៉ង់កំពុង​ស្វែង​រកកិច្ចព្រមព្រៀង ព្រោះប្រទេសរបស់ពួកគេកំពុងតែចាញ់យ៉ាងធ្ងន់ធ្ងរ។

ចំណែកលោកម៉ៃ វ៉លត្ស៍ តំណាងអាម៉េរិកប្រចាំអង្គការសហប្រជាជាតិ បានរិះ​គន់​សំណើ​របស់​អ៊ីរ៉ង់តាមសារព័ត៌មានអេនប៊ីស៊ី (NBC) ដោយចាត់ទុកថា វាជាការប៉ុនប៉ងដាក់លក្ខខណ្ឌ​ដែល​ភាគី​អ៊ីរ៉ង់​ដឹងជាមុនថា មិនអាចទទួលយកបាន។

លោកអាបបាស អារ៉ាជី បានច្រានចោលការចោទប្រកាន់នេះ ដោយអះអាងថា លក្ខខណ្ឌ​របស់​អ៊ីរ៉ង់មិនមែនជាការទាមទារថ្មីដែលត្រូវបានបង្កើតឡើងភ្លាមៗនោះទេ។​ លោកបាន​បញ្ជាក់​ថា អ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេចក្នុងការបើកច្រកសមុទ្រអ័រមូសឡើងវិញ ប្រសិនបើ​សហរដ្ឋ​អាម៉េរិកអនុវត្តលក្ខខណ្ឌ ដែលត្រូវបានដាក់បញ្ចូលក្នុងផែនការ​សន្តិភាពរួច​ហើយ។

យោងតាមសារព័ត៌មានវ៉ល់ ស្ត្រីត ជូនណល់ (Wall Street Journal) បានឲ្យដឹងថា លោក ដូណាល់ ត្រាំ ត្រូវបានរាយការណ៍ថា នឹងអាចពិចារណាចាប់ផ្តើមប្រតិបត្តិការវាយប្រហារលើ​អ៊ីរ៉ង់​ឡើងវិញ ក្រោយពីការបោះឆ្នោតពាក់កណ្ដាលអាណត្តិរបស់អាម៉េរិកនៅថ្ងៃទី៣ ខែ​វិច្ឆិកា។ ស្របពេលជាមួយគ្នា លោកក៏កំពុងប្រឈមនឹងការរិះគន់កាន់តែខ្លាំងចំពោះ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ដែលបានរួមចំណែកជំរុញការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ។

ខណៈទ្វារការទូតនៅតែបើកចំហ ការចរចារវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិកនៅតែ​ប្រឈមនឹង​ឧបសគ្គ​ធំមួយ ៖ អ៊ីរ៉ង់មិនព្រមថយក្រោយពីលក្ខខណ្ឌរបស់ខ្លួន ខណៈលោកត្រាំ ក៏មិនបង្ហាញ​សញ្ញា​ថានឹងទទួលយកសំណើរបស់ទីក្រុងតេអេរ៉ង់ឡើយ។

 

Daily Program

Livesteam thumbnail
khmer popup image