គ្រីស្តបរិស័ទនៅឥណ្ឌូនេស៊ី ប្រារព្ធខួប ១០០ ឆ្នាំនៃព្រះសហគមន៍កូតាបារូ
គ្រីស្តបរិស័ទនៅឥណ្ឌូនេស៊ី ជាពិសេសសហគមន៍កាតូលិកមួយនៅតំបន់ភាគកណ្តាលកោះជ្វា (Central Java) បានប្រារព្ធខួបគម្រប់ ១០០ ឆ្នាំនៃព្រះសហគមន៍កូតាបារូ (Kota Baru) ជាមួយនឹងកម្មវិធីថ្វាយអភិបូជាអរព្រះគុណ កាលពីថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ដោយបានអំពាវនាវឱ្យសហគមន៍កាតូលិកបន្តមរតកដែលមានអាយុកាលមួយសតវត្សរ៍នេះ ឈានចូលទៅក្នុងយុគសម័យថ្មីនៃបេសកកម្ម។
ពិធីអបអរសាទរខួបគម្រប់ ១០០ ឆ្នាំនៃព្រះវិហារសន្តអង់តូនី ប៉ាឌូ (St. Anthony of Padua) ក្នុងតំបន់កូតាបារូ នៃទីក្រុងយ៉ូកយ៉ាកាតា (Yogyakarta) ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ព្រះវិហារកូតាបារូ៖ អ្នករួមដំណើរក្នុងក្តីសង្ឃឹម»។
កម្មវិធីនេះដឹកនាំដោយលោកអគ្គអភិបាល រ៉ូប៊ែរទូស រូប៊ីយ៉ាតម៉ូកូ (Robertus Rubiyatmoko)។ ក្នុងឱកាសនោះ លោកបានជំរុញឱ្យគ្រីស្តបរិស័ទមើលឃើញខួបគម្រប់ ១០០ ឆ្នាំនេះ មិនមែនគ្រាន់តែជាការអបអរសាទរអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសមួយដើម្បីពិចារណា និងកំណត់ទិសដៅថា តើព្រះសហគមន៍គួរក្លាយជាអ្វីនៅក្នុងសតវត្សរ៍ទីពីររបស់ខ្លួន។
លោកអគ្គអភិបាលបានលើកឡើងថា «អ្នកជំនាន់មុនបានបំពេញការងារនៅក្នុងព្រះសហគមន៍នេះកាលពី ១០០ ឆ្នាំមុន។ ឥឡូវនេះ ដល់វេនរបស់យើងហើយក្នុងការបន្តការងារនេះ»។
លោកបានសង្កត់ធ្ងន់ថា ប្រវត្តិសាស្ត្រនៃព្រះវិហារនេះ មិនមែនផ្តោតសំខាន់លើអគារដែលឈរជើងអស់រយៈពេលមួយសតវត្សរ៍នោះឡើយ ប៉ុន្តែផ្តោតសំខាន់លើជំនាន់នៃគ្រីស្តបរិស័ទដែលបានកសាង និងថែរក្សាសហគមន៍នៃជំនឿ។
លោកបានមានប្រសាសន៍បន្ថែមទៀតថា ដូច្នេះ ខួបគម្រប់ ១០០ ឆ្នាំនេះ គួរតែលើសពីការចងចាំប្រវត្តិសាស្ត្រ ការរៀបចំពិធីបុណ្យ ឬការបោះពុម្ពសៀវភៅអនុស្សាវរីយ៍។ ព្រះវិហារត្រូវតែស្វែងយល់ និងយល់ដឹងពីការពិតដែលកំពុងផ្លាស់ប្តូរនៃសង្គម ហើយឆ្លើយតបទៅនឹងតម្រូវការរបស់មនុស្ស ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
