កម្ពុជាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតវិស័យកាត់ដេរឆ្នាំ២០២៧ ត្រឹម២១២ដុល្លារអាមេរិក

ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប នៅកម្ពុជា នឹងកើនឡើងដល់ ២១២ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់ឆ្នាំ២០២៧ បន្ទាប់ពីមានការសម្រេចបន្ថែម ២ដុល្លារអាមេរិក ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លើតួលេខដែលទទួលបានការឯកភាពគ្នារបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានរៀបចំកិច្ចប្រជុំបូកសរុបជាចុងក្រោយនាថ្ងៃទី៣០ ខែកញ្ញា ដើម្បីពិភាក្សា និងកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ ស្បែកជើង និងវិស័យពាក់ព័ន្ធសម្រាប់ឆ្នាំ២០២៧។

យោងតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា តួលេខពីរត្រូវបានដាក់ឱ្យបោះឆ្នោត ដោយភាគីនិយោជកបានស្នើឡើងនូវតួលេខ ២១០ដុល្លារអាមេរិក ហើយភាគីសហជីពបានស្នើឡើងនូវតួលេខ ២២៥ដុល្លារអាមេរិក។

បន្ទាប់ពីការចរចាត្រីភាគី និងការបោះឆ្នោត តួលេខ ២១០ដុល្លារអាមេរិក ទទួលបានសំឡេងគាំទ្រ ៤៧ លើ ៥១សំឡេង ដែលធ្វើឱ្យតួលេខនេះក្លាយជាប្រាក់ឈ្នួលអប្បបរមាដែលត្រូវបានឯកភាពសម្រាប់ឆ្នាំ២០២៧ មុនពេលមានការសម្រេចបន្ថែមពីសំណាក់សម្តេចនាយករដ្ឋមន្ត្រី។

ដោយគិតគូរអំពីជីវភាពរស់នៅរបស់កម្មករនិយោជិត សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបន្ថែម ២ដុល្លារអាមេរិក លើតួលេខដែលទទួលបានពីការចរចា ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាផ្លូវការកើនដល់ ២១២ដុល្លារអាមេរិក ក្នុងមួយខែ។

ប្រាក់ឈ្នួលអប្បបរមាថ្មីនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ។ ក្រៅពីប្រាក់ឈ្នួលមូលដ្ឋានប្រចាំខែ កម្មករនិយោជិតក៏នឹងទទួលបានប្រាក់រង្វាន់ និងអត្ថប្រយោជន៍ផ្សេងៗទៀតផងដែរ រួមមាន៖ ប្រាក់រង្វាន់ធ្វើការទៀងទាត់ ប្រាក់សងខាងការធ្វើដំណើរ និងស្នាក់នៅ និងប្រាក់អតីតភាពការងារ ដែលធ្វើឱ្យពួកគាត់អាចទទួលបានប្រាក់ចំណូលសរុបចន្លោះពី ២២៩ដុល្លារ ទៅ ២៤០ដុល្លារអាមេរិក ក្នុងមួយខែ។

ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ នៅតែជាប្រភពរកប្រាក់ចំណូលរូបិយប័ណ្ណបរទេសធំបំផុតរបស់កម្ពុជា ដោយបានផ្តល់ការងារដល់កម្មករនិយោជិតជិត ១លាននាក់ ដែលភាគច្រើនជាស្រ្តី។

រាជរដ្ឋាភិបាលបានបន្តរក្សានយោបាយដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរជាៀងរាល់ឆ្នាំ។ ប្រាក់ឈ្នួលអប្បបរមាមានចំនួន ២១០ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៦ ធៀបនឹង ២០៨ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥, ២០៤ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤, ២០០ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣, ១៩៤ដុល្លារអាមេរិក ក្នុងឆ្នាំ២០២២, ១៩២ដុល្លារអាមេរិក ក្នុងឆ្នាំ២០២១, ១៩០ដុល្លារអាមេរិក ក្នុងឆ្នាំ២០២០, ១៨២ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ និង ១៧០ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨។

 

Daily Program

Livesteam thumbnail
khmer popup image