សមត្ថកិច្ចរកឃើញបណ្តាញក្រុមហ៊ុនជិត ២០០ ទាំងក្នុង និងក្រៅប្រទេស ពាក់ព័ន្ធនឹងសំណុំរឿង «ព្រីនស៍គ្រុប» ខណៈតុលាការកំពុងស៊ើបអង្កេតលើបទឆបោក និងសម្អាតប្រាក់

នៅក្នុងសំណុំរឿងក្រុមហ៊ុនព្រីនស៍គ្រុប ដែលជាករណីធំនិងមានភាពស្មុគស្មាញ ជាក្រុមហ៊ុនដែលមានបណ្តាញអង្គការចាត់តាំងទាំងក្នុង និងក្រៅប្រទេស លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ និងប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានបញ្ជាក់ថា ត្រឹមពេលនេះ សមត្ថកិច្ចបានរកឃើញបណ្តាញក្រុមហ៊ុនដែលមានការពាក់ព័ន្ធ ចំនួន ៩៨ក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជា និងបណ្តាញក្រុមហ៊ុននៅក្រៅប្រទេសចំនួន ១០០ក្រុមហ៊ុន។

បច្ចុប្បន្ន តុលាការកម្ពុជាបាននិងកំពុងដំណើរការនីតិវិធីសើបសួរយ៉ាងសកម្មនៅក្នុងសំណុំរឿងព្រីនស៍គ្រុបនេះ ដោយផ្តោតលើបទល្មើសធ្ងន់ធ្ងរចំនួនពីរគឺ បទឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង) និង បទសម្អាតប្រាក់មានស្ថានទម្ងន់ទោស។

តាមរយៈការស៊ើបអង្កេតរបស់សមត្ថកិច្ច បានលាតត្រដាងថា បុគ្គលឈ្មោះ ចេន ហ្ស៊ី (CHEN ZHI) ជាមេខ្លោង រួមជាមួយបក្ខពួក បានលួចលាក់ប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានយកទីតាំងផ្សេងៗ រួមមានអគារ និងទីតាំងកាស៊ីណូ មកធ្វើជាទីតាំងបង្កប់ខ្លួន និងប្រតិបត្តិការក្រោមស្លាកក្រុមហ៊ុនសម្ព័ន្ធព្រីនស៍គ្រុប។

ទាក់ទងនឹងចំណាត់ការលើសំណុំរឿងនេះ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានឱ្យដឹងបន្តថា តុលាការបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទសរុបចំនួន ៣២នាក់, បង្គាប់ដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការលើជនត្រូវចោទចំនួន ៤នាក់ និងបានដាក់បទបញ្ជាឱ្យសមត្ថកិច្ចបន្តស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យចំនួន ៥នាក់ផ្សេងទៀត ព្រមទាំងបន្តតាមដានស្រាវជ្រាវលើទ្រព្យសម្បត្តិដែលមានការពាក់ព័ន្ធទាំងអស់ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ថា ចំពោះទ្រព្យសម្បត្តិដែលជាអគារ កាស៊ីណូ អចលទ្រព្យជាច្រើនពាន់កន្លែង និងចលនទ្រព្យជាច្រើនដែលពាក់ព័ន្ធនឹងសំណុំរឿងក្រុមហ៊ុនព្រីនស៍គ្រុប ត្រូវបានប៉ាន់ស្មានថាមានទឹកប្រាក់ស្មើក្នុងរង្វង់ជិតមួយពាន់លានដុល្លារ និងត្រូវបានតុលាការសម្រេចបង្កក ខណៈពេលកំពុងពិនិត្យមូលដ្ឋានច្បាប់ និងភស្តុតាង ដើម្បីធ្វើការចាត់ចែងជាបណ្តោះអាសន្ននូវទ្រព្យដែលជាមធ្យោបាយប្រព្រឹត្តបទល្មើស ឬជាផលនៃបទល្មើស ឱ្យមកស្ថិតក្រោមការគ្រប់គ្រងឬជាសម្បត្តិរបស់រដ្ឋ ឬឈានទៅសម្រេចការរឹបអូសជាស្ថាពរស្របតាមច្បាប់ និងនីតិវិធីជាធរមាននាពេលខាងមុន។

សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួង ស្ថាប័ន អង្គភាពជំនាញ ព្រមទាំងអាជ្ញាធរសមត្ថកិច្ចក្នុងរាជធានី-ខេត្តនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការបន្តបោសសម្អាត និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយមិនដកដៃឡើយ។

ជាលទ្ធផលគិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២៦នេះ អាជ្ញាធរមានសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការសរុប ៥២៩ករណី លើទីតាំងពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ៩១០កន្លែង ដោយរួមបញ្ចូលទាំងមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាធំៗទាំងអស់ចំនួន ៨៦កន្លែង មុខសញ្ញាដែលជាមេក្លោង អ្នកផ្តើមគំនិត អ្នកសមគំនិត និងជនល្មើសជាច្រើនសញ្ជាតិចំនួន ៥,៧៧៨នាក់ ត្រូវបានតុលាការចោទប្រកាន់ និងសម្រេចឃុំខ្លួន ហើយបន្តអនុវត្តនីតិវីធីស៊ើបសួរនៅក្នុងសំណុំរឿងនីមួយៗដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ជាធរមាន។

បច្ចុប្បន្ននេះ អាជ្ញាធរមានសមត្ថកិច្ចបាននិងកំពុងអនុវត្តយ៉ាងសកម្ម ក្នុងការត្រួតពិនិត្យ ស្រាវជ្រាវសកម្មភាពប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងទីតាំងកាស៊ីណូ ដោយកំណត់ល្បែងស៊ីសង ឬល្បែងភ្នាល់តាមប្រព័ន្ធបច្ចេកវិទ្យា ដូចគ្នានឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ជាលទ្ធផល បានរកឃើញទីតាំងកាស៊ីណូដែលប្រព្រឹត្តបទល្មើសមានចំនួន ២៨ទីតាំង ដែលកំពុងស្ថិតក្នុងសំណុំរឿងស៊ើបអង្កេតខាងលើ។

អាជ្ញាធរមានសមត្ថកិច្ចបានអនុវត្តនីតិវិធីលើជនបរទេសដែលត្រូវបានរកឃើញនៅតាមបណ្តាទីតាំងប្រតិបត្តិការ ដោយភាគច្រើនជាអ្នកដែលចាញ់បោកការលួងលោមរបស់ក្រុមមេខ្លោងឧក្រិដ្ឋជនឆបោក ឬបានល្មើសនឹងច្បាប់ស្តីពីអន្តោប្រវេសន៍សរុបចំនួន ២២,៨៩២នាក់ មាន ៤០សញ្ជាតិ និងបានបញ្ជូនត្រលប់ទៅប្រទេសកំណើតខ្លួនវិញស្របតាមច្បាប់អន្តោប្រវេសន៍ និងនិយាមមនុស្សធម៌អន្តរជាតិ៕

 

 

 

Daily Program

Livesteam thumbnail
khmer popup image