យុវជនកាតូលិកឥណ្ឌាជាង ៤០០នាក់ ជួបជុំគ្នាក្នុងកម្មវិធីបណ្តុះបណ្តាលស្តីពីការការពារជីវិត

យុវជនកាតូលិកជាង ៤០០នាក់ មកពីភូមិភាគបារ៉េលី (Bareilly) នាភាគខាងជើងប្រទេសឥណ្ឌា បានជួបជុំគ្នាក្នុងសន្និបាតរយៈពេល ៣ថ្ងៃ ដើម្បីពិភាក្សាអំពីសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងភាពពិសិដ្ឋនៃជីវិត។ កម្មវិធីនេះរៀបចំឡើងដោយចលនាយុវជនកាតូលិកឥណ្ឌា ក្នុងគោលបំណងបណ្តុះបណ្តាលអំពីការការពារជីវិត ដោយផ្តោតលើបញ្ហាសីលធម៌ និងសង្គមនាពេលបច្ចុប្បន្ន។

កម្មវិធីនេះបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៧ ដល់ ១៩ ខែតុលា នៅបរិវេណសាលារៀនអភិបាល ខុនរ៉ាដ (Bishop Conrad) ក្នុងទីក្រុងបារ៉េលី រដ្ឋអ៊ូតា ប្រាដេស (Uttar Pradesh) ដោយកម្មវិធីផ្តោតសំខាន់លើប្រធានបទស្តីពីភាពបរិសុទ្ធនៃរាងកាយ ភេទរបស់មនុស្ស និងការបង្រៀនរបស់ព្រះសហគមន៍កាតូលិកស្តីពីការការពារជីវិតមនុស្សជាតិ។

កម្មវិធីនេះបានលើកយកបញ្ហាមួយចំនួនមកពិភាក្សា រួមមាន ការរំលូតកូន រូបភាពអាសអាភាស ការបង្កកំណើតក្នុងមន្ទីរពិសោធន៍ មនោគមវិជ្ជាយេនឌ័រ និងបញ្ហាពាក់ព័ន្ធនឹងក្រុមអ្នកស្រលាញ់ភេទដូចគ្នា ដោយលើកទឹកចិត្តឱ្យយុវជនពិចារណាលើសំណួរទាំងនេះ តាមរយៈទស្សនៈនៃព្រះគម្ពីរ និងការបង្រៀនរបស់ព្រះសហគមន៍កាតូលិក។

លោក អាជីន ចូសេប (Ajin Joseph) ដែលជាជំនួយការលេខាធិការនៃគណៈកម្មការគ្រួសាររបស់ក្រុមប្រឹក្សាលោកអភិបាលនៃព្រះសហគមន៍កាតូលិកឥណ្ឌា និងទទួលបន្ទុកពិសេសលើកិច្ចការការពារជីវិត រួមជាមួយបងស្រី ប៉ោលីណា មេលីត (Paulina Melite) គឺជាអ្នកដឹកនាំវគ្គបណ្តុះបណ្តាលនេះ។ អ្នកទាំងពីរបានផ្តល់ការណែនាំជាក់ស្តែងដល់អ្នកចូលរួម អំពីរបៀបធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹងច្បាស់លាស់ និងការជ្រើសរើសគាំទ្រដល់ជីវិត ព្រមទាំងរបៀបឆ្លើយតបទៅនឹងបញ្ហាប្រឈមនានានាពេលបច្ចុប្បន្ន ដោយផ្អែកលើជំនឿ និងការជឿជាក់យ៉ាងមុតមាំ។

នាឱកាសនោះ លោកអភិបាល អ៊ីញ៉ាទ្យូ ឌីស៊ូហ្សា (Ignatius D’Souza) នៃភូមិភាគបារ៉េលី ដែលជាប្រធានគណៈកម្មការយុវជន បានជំរុញឱ្យយុវជនដែលបានចូលរួម ពង្រឹងជំនឿរបស់ពួកគេឱ្យកាន់តែជ្រាលជ្រៅ និងរស់នៅតាមការត្រាស់ហៅក្នុងនាមជាគ្រីស្តបរិស័ទ។

Daily Program

Livesteam thumbnail
khmer popup image