នយោបាយ «ច្នៃប្រវត្តិសាស្ត្រ» ៖ អាថ៌កំបាំងនៅពីក្រោយការទាញផល ចំណេញពី បាតុកម្មបារាំងរបស់ចលនាម៉ាហ្គា MAGA នៅអាម៉េរិក
បាតុកម្ម និងការតវ៉ារបស់សិស្សវិទ្យាល័យនៅប្រទេសបារាំងជុំវិញវិបត្តិជីវភាពរស់នៅ និង វិស័យអប់រំ បានប្រែក្លាយជា «អាវុធនយោបាយ» ដ៏មានប្រជាប្រិយភាពសម្រាប់ថ្នាក់ដឹកនាំ អាម៉េរិក។ ចលនាម៉ាហ្គា (MAGA) ឬចលនាធ្វើឲ្យអាម៉េរិកអស្ចារ្យម្តងទៀត ក្រោមការដឹកនាំរបស់លោកដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក ជេ ឌី វ៉ាន ក៏បានប្រើប្រាស់ស្ថានការណ៍ចលាចលនៅទីក្រុងប៉ារីស ដើម្បីបង្វែរសាច់រឿង បម្រើឱ្យរបៀបវារៈនយោបាយផ្ទៃក្នុង និងពង្រឹងមូលដ្ឋានអ្នកគាំទ្ររបស់ខ្លួន។
ការបង្វែរសាច់រឿង ៖ ពីវិបត្តិសង្គម ទៅជាសង្គ្រាមមនោគមវិជ្ជា
ព្រឹត្តិការណ៍បាតុកម្មកាលពីថ្ងៃទី១៧ ខែតុលា ដែលផ្តើមចេញពីកំហឹងរបស់សិស្សវិទ្យាល័យទាមទារថវិកាអប់រំ និងការតវ៉ារបស់ប្រជាជនប្រឆាំងនឹង «ការកើនឡើងនៃថ្លៃជីវភាពរស់នៅ» ត្រូវបានក្រុមអ្នកនយោបាយស្តាំជ្រុលអាម៉េរិកបកស្រាយក្នុងរូបភាពផ្សេងស្រឡះ។ លោក ដូណាល់ ត្រាំ បានប្រកាសភ្លាមៗថា ទីក្រុងប៉ារីសកំពុងត្រូវអណ្ដាតភ្លើងស៊ីបំផ្លាញ ហើយបានទាមទារឱ្យមានការបិទព្រំដែន។ ជាមួយគ្នានេះ មហាសេដ្ឋីអេឡុន ម៉ាស ក៏បានបោះសម្តីថា ការតវ៉ានេះមិនមែនជាកំហឹងរបស់សិស្សសាលានោះទេ ប៉ុន្តែវាគឺជា «ការឈ្លានពានដ៏សន្សឹមៗ»។ ចំណែកឯលោក ជេ ឌី វ៉ាន វិញ បានកែច្នៃព្រឹត្តិការណ៍នេះទៅជា «សង្គ្រាមវប្បធម៌» ដោយទម្លាក់កំហុសលើ «ក្រុមសេរីនិយមលោកខាងលិច» ដែលនាំចូលជនអន្តោប្រវេសន៍ពីប្រទេសតតិយលោក។
ដូច្នេះ ការបះបោលរបស់សិស្សវិទ្យាល័យបារាំងដើម្បីទាមទារមធ្យោបាយបន្ថែមសម្រាប់ការអប់រំ និងបាតុកម្មបរិហារលើបញ្ហានៃ «ការកើនឡើងនៃថ្លៃជីវភាពរស់នៅ” កាលពីថ្ងៃទី១៧ ខែតុលា ហាក់ដូចជាបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ។
អ្នកឯកទេសនយោបាយអាម៉េរិក លោកហ្ស៉េរ៉ូម វីយ៉ាឡា ហ្គោដឺហ្វ្រ័យ មកពីសកលវិទ្យាល័យ ស្យ៉ង់ ប៉ូ Sciences Po ប្រទេសបារាំង បានលើកឡើងថា សារលើបណ្តាញសង្គមទាំងនេះគឺជា «ការកែច្នៃ និងតម្រូវសាច់រឿងឡើងវិញទាំងស្រុង» ដើម្បីធ្វើឱ្យព្រឹត្តិការណ៍នៅបារាំងស្របទៅនឹងទ្រឹស្តីប្រកាន់ពូជសាសន៍ និងមនោគមវិជ្ជារបស់ពួកគេតែប៉ុណ្ណោះ។
ល្បែងយុទ្ធសាស្ត្រនយោបាយ និងការបង្វែរដានប្រព័ន្ធផ្សព្វផ្សាយ
សម្រាប់លោក ជេ ឌី វ៉ាន វិបត្តិនៅប្រទេសបារាំងកើតឡើងចំពេលវេលាដ៏មានតម្លៃបំផុត។ ក្នុងបរិបទដែលការបោះឆ្នោតពាក់កណ្តាលអាណត្តិកំពុងខិតជិតមកដល់ ហើយគណបក្សសាធារណរដ្ឋអាចប្រឈមមុខនឹងការបាត់បង់អាសនៈ ការទាញយកប្រធានបទអន្តោប្រវេសន៍មកធ្វើជាចំណុចទាក់ទាញ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតក្នុងការបំផុសស្មារតីក្រុមអ្នកគាំទ្រចលនាម៉ាហ្គា MAGA។
បន្ថែមពីនេះ លោក វីលៀម ហ្ស៉េនីញ៉េ អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវ និងវិទ្យាសាស្រ្តបារាំង CNRS បានវិភាគថា ព្រឹត្តិការណ៍នេះបានផ្តល់ឱកាសឱ្យលោក ជេ ឌី វ៉ាន បង្វែរការចាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយចេញពីសំណុំរឿងសង្គ្រាមដ៏ប្រឈមនៅអ៊ីរ៉ង់ និងអ៊ីស្រាអែល ដែលទាំងនេះគឺជាប្រធានបទដែលលោកមានទស្សនៈមិនសូវស្របគ្នាមួយចំនួនជាមួយលោក ត្រាំ។ ដូច្នេះការលាតត្រដាងលើបញ្ហាបារាំង មិនត្រឹមតែជួយឱ្យលោកទទួលបានការចាប់អារម្មណ៍ពីសារព័ត៌មានឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឱ្យរូបលោកបង្ហាញជំហរឯកភាពគ្នាយ៉ាងរឹងមាំជាមួយលោក ដូណាល់ ត្រាំ លើប្រធានបទអន្តោប្រវេសន៍ផងដែរ។
ជារួម សកម្មភាពបាតុកម្ម និងការផ្លាស់ប្តូរសេដ្ឋកិច្ច-សង្គមនៅបារាំង កំពុងតែបានក្លាយទៅជាឧបករណ៍ឃោសនានយោបាយនៅអាម៉េរិក។ នេះក៏វាបានបង្ហាញយ៉ាងច្បាស់ពីសិល្បៈនៃការច្នៃប្រឌិតព័ត៌មានក្នុងសម័យកាលទំនើប ដែលជាការស្រង់យកព្រឹត្តិការណ៍អន្តរជាតិ និងត្រូវបានប្រើប្រាស់ដើម្បីបម្រើផលប្រយោជន៍នយោបាយផ្ទៃក្នុងរបស់ប្រទេសមួយយ៉ាងមានប្រសិទ្ធភាព។
