វិទ្យុវ៉ារីតាសអាស៊ីប្រកាសបើកដំណើរការកម្មវិធី RVA@60 និងឧទ្ទិសឆ្នាំ២០២៧ ជូនដល់សម្ដេចប៉ាបប៉ូលទី៦
វិទ្យុវ៉ារីតាសអាស៊ី (Radio Veritas Asia) ដែលជាស្ថាប័នពហុប្រព័ន្ធផ្សព្វផ្សាយរបស់ព្រះសហគមន៍កាតូលិកបម្រើប្រជាជននៅអាស៊ី បានបើកដំណើរការជាផ្លូវការនូវយុទ្ធនាការអបអរសាទរខួបលើកទី៦០ របស់ខ្លួនដែលមានឈ្មោះថា «RVA@60» និងបានឧទ្ទិសឆ្នាំ២០២៧ ជូនដល់សម្ដេចប៉ាបប៉ូលទី៦ (Pope Paul VI) ក្នុងអំឡុងពេលនៃពិធីថ្វាយអភិបូជាពិសេសមួយ នៅឯព្រះវិហារ Three Saints Chapel ក្នុងទីក្រុងកេហ្សុន (Quezon City) តំបន់មេត្រូ ម៉ានីល (Metro Manila) កាលពីថ្ងៃទី៩ ខែតុលា។
ពិធីនេះត្រូវបានដឹកនាំដោយលោកកាឌីណាល់ ហូសេ អាដវីនគូឡា (José Advincula) អគ្គអភិបាលនៃព្រះសហគមន៍ភូមិភាគក្រុងម៉ានីល ដោយមានការចូលរួមសហការពីលោកអភិបាលជាច្រើនរូប និងមានអ្នកចូលរួមជិត ១០០ នាក់ រួមទាំងបូជាចារ្យដែលបម្រើការនៅការិយាល័យកណ្ដាលរបស់វិទ្យុផ្ទាល់ ព្រមទាំងអ្នកសម្របសម្រួលផ្នែកភាសាផ្សេងៗមកពីជុំវិញទ្វីបអាស៊ី។
ពិធីបើកដំណើរការនេះបានធ្វើឡើងនៅចុងបញ្ចប់នៃពិធីអភិបូជា មុនពេលការផ្ដល់ពរជ័យចុងក្រោយ ដោយមានការជួបជុំគ្នារវាងបុគ្គលិក RVA តំណាងផ្នែកភាសា និងសមាជិកសហគមន៍ ដើម្បីគូសសម្គាល់ដំណើររយៈពេល ៦ ទសវត្សរ៍នៃបេសកកម្មរបស់ស្ថាប័នក្នុងការផ្សព្វផ្សាយដំណឹងល្អ និងការលើកកម្ពស់សាមគ្គីភាពក្នុងចំណោមប្រជាជនអាស៊ី។
មុនពេលការបើកដំណើរការជាផ្លូវការ អ្នកចូលរួមបានអធិស្ឋានរួមគ្នាជាមួយលោកកាឌីណាល់ ដើម្បីថ្លែងអំណរគុណ និងឧទ្ទិសដល់ស្ថាប័ននេះ។ ការអធិស្ឋាននោះបានរំលឹកឡើងវិញនូវដំណើររយៈពេល ៦០ ឆ្នាំរបស់ RVA ក្នុងនាមជា «សំឡេងនៃដំណឹងល្អ ជាស្ពាននៃសាមគ្គីភាព និងជាអ្នកនាំសារនៃក្ដីសង្ឃឹមក្នុងចំណោមប្រជាជនអាស៊ី» ហើយបានទូលសូមព្រះជាម្ចាស់ឱ្យពង្រឹងស្មារតីបេសកកម្មរបស់ស្ថាប័នឡើងវិញ នៅពេលដែលខ្លួនឈានចូលដល់ជំពូកថ្មីមួយទៀត។
ការអធិស្ឋានក៏បានទូលអង្វរដល់ព្រះជាម្ចាស់ សូមឱ្យទឹកព្រះទ័យដ៏មុតមាំរបស់ទ្រង់ក្នុងការផ្សព្វផ្សាយជំនឿ ជំរុញទឹកចិត្ត RVA ឱ្យប្រកាសដំណឹងល្អរបស់ព្រះគ្រីស្តដោយក្លាហាន បម្រើព្រះសហគមន៍ដោយស្មោះត្រង់ និងនាំយកពន្លឺនៃដំណឹងល្អទៅកាន់គ្រប់ជ្រុងជ្រោយនៃទ្វីបអាស៊ី។
បន្ទាប់មក លោកកាឌីណាល់បានចូលរួមជាមួយលោកអភិបាល បូជាចារ្យ និងតំណាងផ្សេងទៀត ក្នុងការចុចប៊ូតុងបើកដំណើរការ ដើម្បីសម្ពោធជាផ្លូវការនូវកម្មវិធី RVA@60 និងការឧទ្ទិសឆ្នាំ២០២៧ ជូនដល់សម្ដេចប៉ាបប៉ូលទី៦។
កម្មវិធីក៏មានការបញ្ចាំងវីដេអូខ្លីមួយដែលរៀបរាប់ពីដំណើររបស់ RVA ចាប់តាំងពីការចាប់ផ្ដើមផ្សាយតាមរលកធាតុអាកាសវិទ្យុ រហូតដល់បេសកកម្មបច្ចុប្បន្នដែលប្រើប្រាស់ពហុភាសា និងប្រព័ន្ធឌីជីថល។ ព្រឹត្តិការណ៍នេះបានរំលឹកឡើងវិញនូវចក្ខុវិស័យដើមនៃការបង្កើតស្ថាប័ននេះឡើង គឺការនាំយកសារនៃដំណឹងល្អទៅកាន់ប្រជាជននៅទូទាំងទ្វីបអាស៊ី ដោយមិនគិតពីព្រំដែន ជាតិសាសន៍ វប្បធម៌ ឬភាសាឡើយ។
