រដូវវស្សាឆ្នាំ២០២៦ នៅកម្ពុជា ត្រូវបានរំពឹងថានឹងបញ្ចប់នៅក្នុងសប្តាហ៍ទីបីនៃខែតុលា

រដូវវស្សានៅកម្ពុជា ត្រូវបានរំពឹងថានឹងបញ្ចប់នៅក្នុងសប្តាហ៍ទីបីនៃខែតុលា ខណៈដែលលំនាំអាកាសធាតុផ្លាស់ប្តូរពីខ្យល់មូសុងនិរតី ទៅជាខ្យល់មូសុងបូព៌ាសារពើ (ឥសាន) នេះបើយោងតាមការជូនដំណឹងដែលចេញដោយក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១០ ខែតុលា។

ក្រសួងបានឱ្យដឹងថា ការតាមដាន និងវិភាគលើការប្រែប្រួលសីតុណ្ហភាពផ្ទៃសមុទ្រនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច មហាសមុទ្រឥណ្ឌា និងតំបន់អេក្វាទ័រ បង្ហាញថា ប្រព័ន្ធសម្ពាធបរិយាកាស ខ្យល់មូសុង និងលំនាំទឹកភ្លៀង កំពុងផ្លាស់ប្តូរឆ្ពោះទៅរករដូវប្រាំង។

នៅពេលឥទ្ធិពលនៃខ្យល់មូសុងនិរតីថយចុះ ហើយខ្យល់មូសុងបូព៌ាសារពើចូលមកជំនួស បរិមាណទឹកភ្លៀងត្រូវបានរំពឹងថានឹងថយចុះជាបន្តបន្ទាប់។ ក្រសួងក៏បានព្រមានដែរថា បាតុភូត អែល នីណូ (El Niño) ត្រូវបានព្យាករថានឹងនៅតែបន្តមានក្នុងកម្រិត ១០០ភាគរយ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ ខណៈដែលខ្យល់មូសុងបូព៌ាសារពើ ត្រូវបានរំពឹងថានឹងនាំមកនូវរបាយទឹកភ្លៀងតិចតួច។

ទោះបីជាមានការផ្លាស់ប្តូរចូលទៅរករដូវប្រាំងក៏ដោយ បាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងបាតុភូតអាកាសធាតុផ្សេងទៀត នៅតែអាចកើតមានឡើងនៅផ្នែកខ្លះនៃប្រទេសកម្ពុជា។

ក្រសួងបានអំពាវនាវដល់សាធារណជនឱ្យប្រើប្រាស់ទឹកដោយសន្សំសំចៃ និងចូលរួមថែរក្សាប្រភពធនធានទឹក ដើម្បីរៀបចំខ្លួនសម្រាប់រដូវប្រាំងដែលកំពុងចូលមកដល់។ ក្រសួងក៏បានប្តេជ្ញាថា នឹងបន្តតាមដានស្ថានភាពអាកាសធាតុ និងធាតុអាកាសជាប្រចាំ ហើយនឹងផ្តល់ព័ត៌មានបច្ចុប្បន្នភាពបន្ថែមទៀត ប្រសិនបើមានការប្រែប្រួលសំខាន់ៗណាមួយកើតឡើង។

 

Daily Program

Livesteam thumbnail
khmer popup image