រដ្ឋមន្ត្រីឥណ្ឌូនេស៊ី ជំរុញថ្នាក់ដឹកនាំសាសនានៅអាស៊ី ឱ្យប្រើប្រាស់ «ភាសានៃសេចក្ដីស្រឡាញ់»
រដ្ឋមន្ត្រីក្រសួងកិច្ចការសាសនាឥណ្ឌូនេស៊ី លោក Nasaruddin Umar បានអំពាវនាវដល់សហគមន៍សាសនានានានៅទូទាំងអាស៊ី ឱ្យទទួលយក «ភាសានៃសេចក្ដីស្រឡាញ់» ធ្វើជាផ្លូវក្នុងការដោះស្រាយជម្លោះ និងពង្រឹងសន្តិភាព ដោយលោកបានលើកឡើងថា ជំនឿសាសនាត្រូវតែជាកម្លាំងសម្រាប់ភាពជាធ្លុងមួយ ជាជាងការបែកបាក់។
ថ្លែងនៅក្នុងពិធីបើកមហាសន្និបាតពេញអង្គលើកទី ១២ នៃសភាលោកអភិបាលកាតូលិកអាស៊ី (FABC) នៅសណ្ឋាគារ Mulia Jakarta កាលពីថ្ងៃទី ២១ ខែកក្កដា លោក Umar បានមានប្រសាសន៍ថា ការជួបជុំនេះគឺលើសពីការប្រជុំផ្ទៃក្នុងរបស់ព្រះសហគមន៍កាតូលិក។ ផ្ទុយទៅវិញ លោកបានពណ៌នាថាវាជាការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់សន្តិភាព ពង្រឹងសាមគ្គីភាព និងកសាងអនាគតមួយដែលកាន់តែមានយុត្តិធម៌ និងបរិយាបន្នសម្រាប់អាស៊ី។
លោកបានមានប្រសាសន៍ក្នុងខណៈពេលស្វាគមន៍លោកកាឌីណាល់ លោកអភិបាល លោកបូជាចារ្យ អ្នកបួស និងតំណាងគ្រហស្ថមកពីទូទាំងទ្វីបថា «ការជួបជុំនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ដើម្បីជ្រោមជ្រែងសន្តិភាព ពង្រឹងសាមគ្គីភាពក្នុងចំណោមប្រជាជន និងកសាងអនាគតសម្រាប់អាស៊ីមួយ ដែលកាន់តែមានសន្តិភាព យុត្តិធម៌ និងបរិយាបន្ន»។
លោក Nasaruddin បានបន្ថែមថា ភាពសម្បូរបែបនៃវប្បធម៌ ភាសា និងសាសនារបស់អាស៊ី គឺជាកម្លាំងផង និងជាការទទួលខុសត្រូវផង។ ជាមួយគ្នានេះ លោកបានកត់សម្គាល់ថា ទ្វីបនេះកំពុងប្រឈមមុខនឹងបញ្ហាដ៏ស្មុគស្មាញ រួមមានជម្លោះប្រដាប់អាវុធ ការបែកបាក់សង្គម ភាពជ្រុលនិយមខាងសាសនា វិសមភាព ការប្រែប្រួលអាកាសធាតុ ការ អន្តោប្រវេសន៍ និងការរីកចម្រើនយ៉ាងរហ័សនៃបញ្ញាសិប្បនិម្មិត (AI)។
លោកបានបញ្ជាក់ថា បញ្ហាប្រឈមទាំងនេះមិនអាចដោះស្រាយបានតាមរយៈតែខាងនយោបាយ ឬសេដ្ឋកិច្ចនោះឡើយ។ លោកបានមានប្រសាសន៍ថា «ខ្ញុំជឿជាក់ថា ជម្លោះ និងខ្វែងគំនិតគ្នាអាចដោះស្រាយបានតាមរយៈភាសាសាសនា ពោលគឺភាសានៃសេចក្ដីស្រឡាញ់»។ «សេចក្ដីស្រឡាញ់បង្រៀនពីក្តីអាណិតអាសូរ ការយល់ចិត្ត និងសមត្ថភាពទទួលយកភាពខុសគ្នា ដោយមិនបង្កើតឱ្យមានការស្អប់ខ្ពើម»។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំសាសនាមានកាតព្វកិច្ចធានាថា ជំនឿសាសនានៅតែជាប្រភពនៃឯកភាព កិច្ចសន្ទនា និងការផ្សះផ្សា។ លោកបានចង្អុលបង្ហាញថា ប្រទេសឥណ្ឌូនេស៊ីជាគំរូមួយចំពោះការរស់នៅជាមួយគ្នាយ៉ាងសុខសាន្តក្នុងចំណោមសហគមន៍ចម្រុះ។
នៅលើកោះជាង ១៧,០០០ កោះរបស់ឥណ្ឌូនេស៊ី ក្រុមចម្រុះជាតិសាសន៍រាប់រយ និងប្រពៃណីសាសនាជាច្រើន ប្រទេសនេះបានខិតខំលើកកម្ពស់ភាពចម្រុះធ្វើជាប្រភពនៃកម្លាំងជាតិ។ ដើម្បីជាឧទាហរណ៍នៃការប្តេជ្ញាចិត្តនោះ លោក Nasaruddin បានរំលឹកអំពីការចុះហត្ថលេខាលើ «សេចក្តីប្រកាស Istiqlal» ក្នុងឆ្នាំ ២០២៤ ដោយសម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ និងថ្នាក់ដឹកនាំសាសនាឥស្លាម ព្រមទាំងការសាងសង់ «រូងភ្នំមិត្តភាព» ដែលភ្ជាប់វិហារឥស្លាម Istiqlal ក្នុងក្រុងហ្សាការតា និងវិហារកាតូលិក ព្រះជាម្ចាស់លើព្រះនាងម៉ារីឡើងស្ថានបរមសុខ។
លោកបានមានប្រសាសន៍ថា «ឥណ្ឌូនេស៊ីប្រាថ្នាចង់បង្ហាញពិភពលោកថា ភាពចម្រុះនៃសាសនា និងវប្បធម៌អាចត្រូវបានអបអរសាទរដោយសន្តិវិធី និងក្លាយជាប្រភពដើមកម្លាំងរួមគ្នា»។ ដោយយោងទៅលើប្រធានបទមហាសន្និបាត FABC ដែលមានចំណងជើងថា «ការត្រាស់ហៅឱ្យមានការកែប្រែបែបស៊ីណូដាល និងបេសកកម្មធ្វើជាស្ពាន និងអ្នកកសាងស្ពាននៅអាស៊ី»។
លោក Nasaruddin បានមានប្រសាសន៍ថា ការយកចិត្តទុកដាក់របស់ព្រះសហគមន៍ចំពោះការរួមដំណើរជាមួយគ្នា គឺស្របគ្នាយ៉ាងខ្លាំងទៅនឹងប្រពៃណីយូរលង់របស់ឥណ្ឌូនេស៊ី គឺ musyawarah ដែលមានន័យថា ការពិគ្រោះយោបល់ដើម្បីកសាងភាពស៊ីចង្វាក់គ្នា និង gotong royong គឺជាការជួយគ្នាតាមបែបសហការ ដែលទាំងពីរនេះជួយលើកកម្ពស់កិច្ចសន្ទនា ការចូលរួម និងកិច្ចសហប្រតិបត្តិការដើម្បីប្រយោជន៍រួម។
លោកបានសម្តែងក្តីសង្ឃឹមថា មហាសន្និបាតនេះនឹងពង្រឹងកិច្ចសន្ទនារវាងសាសនា និងសាសនា ពង្រឹងកិច្ចសហប្រតិបត្តិការមនុស្សធម៌ និងបំផុសគំនិតច្នៃប្រឌិតថ្មីៗសម្រាប់សន្តិភាពនៅទូទាំងអាស៊ី។ លោកបានមានប្រសាសន៍ថា «សូមឱ្យទីក្រុងហ្សាការតាក្លាយជាទីកន្លែងដែលគំនិតថ្មីៗសម្រាប់សន្តិភាពត្រូវបានចាប់កំណើត។ សូមឱ្យការជួបជុំនេះពង្រឹងចំណងមិត្តភាពរវាងបងប្អូន ហើយសូមឱ្យអាស៊ីបន្តបង្ហាញពិភពលោកថា ភាពចម្រុះគឺជាប្រភពនៃកម្លាំង មិនមែនជាការបែកបាក់នោះទេ»៕