អគ្គលេខាធិការ FABC «ព្រះសហគមន៍កាតូលិកនៅអាស៊ីមិនអាចរស់នៅក្នុងភាពឯកោបានឡើយ»

នៅមុន​ពេល​ ព្រះសហគមន៍កាតូលិកនៅអាស៊ី រៀបចំ កិច្ចប្រជុំមហាសន្និបាតលើកទី ១២ នៃសភាលោកអភិបាល​​កាតូលិកអាស៊ី (FABC) នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៦ ខែកក្កដា កាឌីណាល់ Tarcisio Isao Kikuchi, SVD បានបារម្ភ និងជំរុញឱ្យព្រះសហគមន៍ពង្រឹងទំនាក់ទំនង និងការចូលរួមកាន់តែស៊ីជម្រៅជាមួយសង្គម ដោយលោកបានថ្លែងថា ព្រះសហគមន៍មិនអាចបំពេញបេសកកម្មរបស់ខ្លួនដោយរស់នៅក្នុងភាពឯកោបានឡើយ។

នៅក្នុងសារមួយដែលបានចែករំលែកជាមួយវិទ្យុវើរីតាស់អាស៊ី មុនពេលបើកមហាសន្និបាត អគ្គលេខាធិការ FABC និងជាអគ្គអភិបាលនៃភូមិភាគតូក្យូ ប្រទេសជប៉ុន រូបនេះ បានឆ្លុះបញ្ចាំងអំពីប្រធានបទនៃជំនួបនេះគឺ «ការផ្លាស់ប្តូរ​បែបស៊ីណូដាល និងបេសកកម្មធ្វើជាស្ពាន និងជាអ្នកកសាងស្ពាននៅអាស៊ី» ដោយលោកបានហៅប្រធានបទនេះថាជាការអញ្ជើញមួយសម្រាប់ព្រះសហគមន៍ ឱ្យធ្វើដំណើររួមគ្នាជាមួយប្រជាជននៅគ្រប់វប្បធម៌ សាសនា និងសហគមន៍ដ៏ចម្រុះក្នុងទ្វីបនេះ។

អគ្គអភិបាល Kikuchi បានមានប្រសាសន៍ថា៖ «ក្នុងនាមជាសហគមន៍ព្រះសហគមន៍ ភាគច្រើនយើងជាក្រុមភាគតិចនៅក្នុងការតាំងរូបរាងដ៏ចម្រុះនៃសង្គមនៅអាស៊ី»។ លោកបានបន្ថែមថា៖ «យើង ដែលជាព្រះសហគមន៍កាតូលិក មិនបានរស់នៅដាច់ដោយឡែកនោះទេ។ យើងមានទំនាក់ទំនងជាមួយសង្គម សហគមន៍ជំនឿផ្សេងទៀត វប្បធម៌ផ្សេងទៀត និងភាសាផ្សេងទៀតនៅក្នុងតំបន់អាស៊ី»។

លោកអគ្គអភិបាលបានមានប្រសាសន៍ថា ការពិតជាក់ស្តែងនេះតម្រូវឱ្យព្រះសហគមន៍យល់ដឹងអំពី «ការរួមគ្នា» មិនត្រឹមតែជាដំណើរការផ្ទៃក្នុងប៉ុណ្ណោះទេ ប៉ុន្តែជារបៀបនៃការចូលរួមជាមួយពិភពលោកខាងក្រៅផងដែរ។

លោកបានកត់សម្គាល់ថា កិច្ចសន្ទនាគឺជា​​លក្ខណៈសម្គាល់ដ៏សំខាន់នៃបេសកកម្មរបស់ព្រះសហគមន៍នៅអាស៊ី ដោយលោកបានថ្លែងថា៖ «នៅពេលដែលយើងនិយាយអំពីភាពជាស៊ីណូដាល យើងមិនអាចនិយាយតែអំពីខ្លួនយើង ដែលជាទំនាក់ទំនងផ្ទៃក្នុងរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែត្រូវនិយាយអំពីទំនាក់ទំនងខាងក្រៅរបស់យើង ដែលជាការពិតជាក់ស្តែងរបស់យើងផងដែរ»។

លោកបានពិពណ៌នាអំពីភាពជាស៊ីណូដាលថាជា «ការអំពាវនាវឱ្យមានការប្រែចិត្តគំនិត និងបេសកកម្មជាព្យាការី​នៅតំបន់អាស៊ី» ដោយបានជំរុញឱ្យព្រះសហគមន៍ឈ្វេងយល់ និងបែងចែកឱ្យច្បាស់ថា តើគួរឆ្លើយតបយ៉ាងដូចម្តេចចំពោះការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃទិដ្ឋភាពសង្គម នយោបាយ សេដ្ឋកិច្ច និងវប្បធម៌នៅក្នុងទ្វីបនេះ។

ទោះបីជាបានទទួលស្គាល់នូវបណ្តាបញ្ហាប្រឈមជាច្រើនដែលអាស៊ីកំពុងជួបប្រទះ រួមមានអំពើហិង្សា ភាពក្រីក្រ និងជំងឺរាតត្បាតក៏ដោយ ក៏លោកអគ្គអភិបាល Kikuchi ក៏បានចង្អុលបង្ហាញអំពីក្តីសង្ឃឹម និងកាលានុវត្តភាព ដែលមាននៅទូទាំងតំបន់ផងដែរ។

លោកបានមានប្រសាសន៍ថា៖ «កិច្ចប្រជុំមហាសន្និបាតនឹងព្យាយាមឈ្វេងយល់អំពីការអំពាវនាវនៃព្រះវិញ្ញាណដ៏វិសុទ្ធមកកាន់ព្រះសហគមន៍នានានៅអាស៊ី»។ «ជំនួបនេះនឹងពិចារណាថា តើព្រះសហគមន៍កំពុងរងផលប៉ះពាល់យ៉ាងដូចម្តេចខ្លះពី​បរិបទ​សង្គម នយោបាយ សេដ្ឋកិច្ច និងវប្បធម៌នាពេលបច្ចុប្បន្ន ហើយតើ​ព្រះសហគមន៍ អាចឆ្លើយតបដោយស្មោះត្រង់ និងដោយគំនិតច្នៃប្រឌិតតាមបែបស៊ីណូដាលដោយរបៀបណា»។

លោកអគ្គអភិបាលបានសង្កត់ធ្ងន់ថា ភាពជាស៊ីណូដាលត្រូវតែផ្ទុយពីគ្រាន់តែជាគំនិតអរូបី ឬការកែទម្រង់រចនាសម្ព័ន្ធស្ថាប័ន។

លោកបានមានប្រសាសន៍ថា៖ «ភាពជាស៊ីណូដាលមិនគួរត្រូវបានចាត់ទុកជាគំនិតអរូបី ឬជាការផ្លាស់ប្តូររចនាសម្ព័ន្ធនោះទេ ប៉ុន្តែជាការពិតនៃការរស់នៅដែលទម្រង់បែបបទបេសកកម្ម និងជាសាក្សីរបស់ព្រះសហគមន៍»។

សម្រាប់លោកអគ្គអភិបាល Kikuchi ការក្លាយជាព្រះសហគមន៍បែបស៊ីណូដាល មានន័យថាជាការបម្រើធ្វើជា «ស្ពាន» ផង និងជា «អ្នកកសាងស្ពាន» ផង។

លោកបានមានប្រសាសន៍ថា៖ «ដើរឆ្លងកាត់ការពិតដ៏លំបាកទាំងនេះនៅអាស៊ី យើងចង់ធ្វើជាស្ពានតភ្ជាប់រវាងប្រជាជននៅក្នុងស្ថានភាពចម្រុះផ្សេងៗគ្នា ដើម្បីឱ្យយើងអាចដើរជាមួយគ្នា គាំទ្រគ្នាទៅវិញទៅមក និងអធិស្ឋានជាមួយគ្នាដោយក្តីស្រឡាញ់ សន្តិភាព ការផ្សះផ្សា សុខដុមរមនា ការគាំទ្រគ្នាទៅវិញទៅមក ក្តីសប្បុរស និងការទទួលស្គាល់គ្នា»។

លោកបានបន្ថែមថា ជំនួសឱ្យការផ្តល់ដំណោះស្រាយតែមួយមុខ ព្រះសហគមន៍គួរតែអញ្ជើញអ្នករាល់គ្នាឱ្យចូលរួមក្នុងការកសាងសង្គមមួយដែលមានយុត្តិធម៌ និងក្តីមេត្តាករុណាកាន់តែខ្លាំង។

«មិនមែនមានន័យថាយើងគ្រាន់តែជាអ្នកផ្តល់ស្ពាននោះទេ ប៉ុន្តែយើងចង់ឱ្យអ្នករាល់គ្នាចូលរួមក្នុងការកសាងស្ពានជាមួយគ្នា។ ភាពជាស៊ីណូដាលរបស់យើង និងបេសកកម្មរបស់យើង មិនត្រឹមតែជាការផ្តល់ដំណោះស្រាយប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីធ្វើការជាមួយគ្នាដើម្បីស្វែងរកដំណោះស្រាយរួមមួយ ដើម្បីឱ្យអ្នករាល់គ្នាអាចចាប់ផ្តើមកសាងស្ពាន និងគាំទ្រគ្នាទៅវិញទៅមកដោយក្តីស្រឡាញ់ ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ដែលជាអំណោយដ៏ថ្លៃថ្លាពីព្រះជាម្ចាស់»។

កិច្ចប្រជុំមហាសន្និបាត FABC ដែលមានរយៈពេលមួយសប្តាហ៍នេះ កំពុងប្រមូលផ្តុំអភិបាលកាតូលិកមកពីទូទាំងតំបន់អាស៊ី ដើម្បីឈ្វេងយល់ និងពិចារណាថា តើព្រះសហគមន៍អាចពង្រឹងការរួបរួម ការចូលរួម និងបេសកកម្មយ៉ាងដូចម្តេច ខណៈពេលដែលកំពុងឆ្លើយតបទៅនឹងការពិតនៃគង្វាលកិច្ច និងសង្គមដ៏ចម្រុះនៅក្នុងតំបន់៕

Daily Program

Livesteam thumbnail