មហាសន្និបាតលើកទី ១២ នៃ FABC បើកដំណើរការជាផ្លូវការនៅទីក្រុងហ្សាការតា
នៅថ្ងៃទី ២០ ខែកក្កដា ប្រតិភូមកពីទូទាំងតំបន់អាស៊ីបានអញ្ជើញមកដល់ទីក្រុងហ្សាការតា ដើម្បីចូលរួមក្នុងកិច្ចប្រជុំមហាសន្និបាតលើកទី ១២ នៃសហព័ន្ធក្រុមប្រឹក្សាអភិបាលកាតូលិកអាស៊ី (FABC) ដែលត្រូវបានរៀបចំឡើងនៅសណ្ឋាគារ Mulia Hotel Jakarta ក្នុងក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
ក្រោមប្រធានបទ «ការផ្លាស់ប្តូរតាមបែបស៊ីណូដាល និងបេសកកម្មធ្វើជាស្ពាន និងជាអ្នកកសាងស្ពាននៅអាស៊ី» មហាសន្និបាតដែលមានរយៈពេលមួយសប្តាហ៍នេះ ផ្តោតលើការលើកកម្ពស់ព្រះសហគមន៍មួយដែល «ដើរជាមួយគ្នា» តាមរយៈការអធិស្ឋាន កិច្ចសន្ទនា និងការស្វែងយល់ពិចារណា។
ព្រឹត្តិការណ៍នេះប្រមូលផ្តុំអ្នកចូលរួមជិត ១៥០ អង្គ រួមមាន ការឌីណាល់ លោកអភិបាល លោកបូជាចារ្យ បព្វជិត-បព្វជិតា និងគ្រហស្ថតំណាងមកពីតំបន់អាស៊ីខាងកើត អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។ អមដំណើរ និងជួយសម្រួលដោយមានស្ម័គ្រចិត្តរាប់រយនាក់ រួមទាំងមន្ត្រីទំនាក់ទំនងនិងសម្របសម្រួលដោយ កញ្ញា Hilary Aristotel តាំងពីកិច្ចការបដិសណ្ឋារកិច្ចពីអាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta រហូតដល់ទីតាំងប្រជុំ។ ក្រុមការងារពហុផ្នែកកំពុងគ្រប់គ្រងការទទួលបដិសណ្ឋារកិច្ចនៅអាកាសយានដ្ឋាន ការចុះឈ្មោះ ការដឹកជញ្ជូន សន្តិសុខ សេវាសុខភាព ការផ្សាយផ្ទាល់តាមប្រព័ន្ធផ្សព្វផ្សាយ និងការរៀបចំពិធីបុណ្យ។
លោកបូជាចារ្យ Frans Kristi Adi Prasetya អគ្គលេខាធិការនៃគណៈកម្មាធិការរៀបចំក្នុងស្រុក បានសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងក្នុងការទទួលបដិសណ្ឋារកិច្ចនេះ ត្រូវបានរចនាឡើងដើម្បីឆ្លុះបញ្ចាំងពី «ព្រះសហគមន៍បែបស៊ីណូដាលដែលដើរជាមួយគ្នា» ដោយធានាថាប្រតិភូទទួលបាននូវភាពកក់ក្តៅក្នុងចិត្ត និងភាពស្និទ្ធស្នាលជាបងប្អូន ចាប់តាំងពីពេលពួកគេមកដល់។ លោកបានកត់សម្គាល់ថា កិច្ចសហការយ៉ាងរលូនរវាងអ្នកស្ម័គ្រចិត្តព្រះសហគមន៍ បុគ្គលិកសណ្ឋាគារ និងដៃគូរដ្ឋាភិបាល គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីនៃភាពជាស៊ីណូដាលដែលជាបេះដូងនៃមហាសន្និបាតនេះ៕