លោកអភិបាល Maralit ៖ មហាសន្និបាត ស្វែងរកផ្លូវអនុវត្តជាក់ស្តែងសម្រាប់ Synodality ក្នុងតំបន់អាស៊ី
លោកអភិបាល Marcelino Antonio "Junie" Maralit Jr. នៃប្រទេសហ្វ៊ីលីពីន មានប្រសាសន៍ថា មហាសន្និបាតពេញអង្គលើកទី ១២ នៃសភាអភិបាលអាស៊ី (FABC) មានគោលបំណងឈានផុតពីការពិភាក្សា ហើយផ្តល់ការណែនាំជាក់ស្តែងសម្រាប់ការអនុវត្ត "ការួមដំណើរជាមួយគ្នា" នៅទូទាំងតំបន់អាស៊ី។
កាឌីណាល់ និងលោកអភិបាលជាង ១២០ អង្គមកពីទូទាំងទ្វីប បានជួបជុំគ្នានៅទីក្រុងហ្សាការតា ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៦ ខែកក្កដា សម្រាប់មហាសន្និបាតរយៈពេលមួយសប្តាហ៍នេះ ក្រោមប្រធានបទ «ការអំពាវនាវឱ្យមានការផ្លាស់ប្តូរចិត្តគំនិតបែបស៊ីណូដាល និងបេសកកម្មធ្វើជាស្ពាន និងជាអ្នកកសាងស្ពាននៅក្នុងតំបន់អាស៊ី»។
នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ២០ ខែកក្កដា លោកអភិបាល Junie ដែលជាអ្នកនាំពាក្យផ្លូវការនៃមហាសន្និបាត មានប្រសាសន៍ថា ការជួបជុំនេះគឺ "លើសពីជំនួបរបស់លោកអភិបាល"។
លោកបានបន្ថែមថា៖ «វាជាពេលដ៏សំខាន់មួយសម្រាប់ក្រុមលោកអភិបាលនៅអាស៊ីជួបជុំគ្នា ក្នុងការអធិស្ឋានរួមគ្នា ស្ដាប់គ្នាទៅវិញទៅមក រិះគិតឈ្វេងយល់ និងស្វែងរកវិធីថ្មីៗក្នុងការប្រកាសដំណឹងល្អនៅក្នុងតំបន់ដែលមានភាពរស់រវើក និងសម្បូរបែបបំផុតមួយនៅក្នុងពិភពលោក»។
លោកអភិបាល Junie មានប្រសាសន៍ថា មហាសន្និបាតនេះកើតឡើងនៅក្នុងខណៈពេលដ៏សំខាន់នៃដំណើររបស់ព្រះសហគមន៍បន្ទាប់ពីខួប៥០ឆ្នាំFABC ឯកសារក្រុងបាងកកឆ្នាំ២០២៣ ឯកសារចុងក្រោយនៃស៊ីណូដាលស្តីពីភាពរួមដំណើរជាមួយគ្នាឆ្នាំ២០២៤ ឆ្នាំមហាករុណាទិគុណនៃក្តីសង្ឃឹមឆ្នាំ ២០២៥ និងការចាប់ផ្តើមអភិបាលកិច្ចរបស់សម្តេចប៉ាប ឡេអូ ទី ១៤។
លោកបានសង្កត់ធ្ងន់ថា មួយសប្តាហ៍នៃកិច្ចប្រជុំនេះនឹងក្លាយជា "បទពិសោធន៍ស៊ីណូដាលដ៏ពិតប្រាកដ" ដោយផ្តោតលើការអធិស្ឋាន ការស្តាប់ និងការពិចារណារួមគ្នា ជាជាងគ្រាន់តែពិភាក្សាអំពីតែលើទ្រឹស្តី។
អ្នកចូលរួមនឹងចូលរួមក្នុងពិធីអរព្រះគុណ ការិះគិតអំពីផ្លូវវិញ្ញាណ កិច្ចសន្ទនាក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ កិច្ចប្រជុំតាមតំបន់ និងការពិភាក្សាតាមតុ។ ការពិចារណារបស់ពួកគាត់នឹងផ្តោតលើរបៀបដែលព្រះសហគមន៍អាចផ្លាស់ប្តូរចិត្តគំនិតបែបស៊ីណូដាល ព្រមទាំងក្លាយជាអ្នកកសាងស្ពាននៅក្នុងទ្វីបមួយដែលសម្បូរទៅដោយវប្បធម៌ចម្រុះបែប និងសាសនា ភាពក្រីក្រ ជនភៀសខ្លួន ជម្លោះ បញ្ហាបរិស្ថាន និងការផ្លាស់ប្តូរសង្គមយ៉ាងឆាប់រហ័ស។
លោកអភិបាល Junie បានឱ្យដឹងថា លទ្ធផលសំខាន់នៃមហាសន្និបាតនេះ គឺការរៀបចំឯកសារសំខាន់ៗចំនួនពីរ។ ទីមួយ គឺឯកសារចុងក្រោយដែលត្រូវបានបង្កើតឡើងជា "សៀវភៅមគ្គុទេសបង្ហាញទិស" ស្តីពីភាពរួមដំណើរជាមួយគ្នានៅអាស៊ី ដើម្បីណែនាំព្រះសហគមន៍ក្នុងស្រុកក្នុងការអនុវត្តដំណើរការស៊ីណូដាល។ ទីពីរ គឺសារផ្ញើជូនព្រះសហគមន៍កាតូលិកនៅអាស៊ី ដើម្បីលើកទឹកចិត្តគ្រីស្តបរិស័ទកាតូលិកនៅទូទាំងតំបន់ ឱ្យបន្តដំណើរនៃការផ្លាស់ប្តូរបែបស៊ីណូដាលនេះ។
ព្រឹត្តិការណ៍សំខាន់ៗនៃមហាសន្និបាត រួមមាន៖ ការចូលរួមរបស់កាឌីណាល់ Oswald Gracias ក្នុងនាមជាបេសកជនពិសេសរបស់សម្តេចប៉ាប ឡេអូទី១៤។ ការណែនាំផ្លូវវិញ្ញាណដោយ កាឌីណាល់ Luis Antonio Tagle។ និងមានបទបង្ហាញពី កាឌីណាល់ Mario Grech ស្តីពីការអនុវត្តស៊ីណូដាល និងសារវីដេអូពីសម្តេចប៉ាប ឡេអូ ទី ១៤។
មហាសន្និបាតនឹងបញ្ចប់ដោយពិធីអភិបូជា នៅអាសនៈវិហារព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ (Cathedral of Our Lady of the Assumption) ក្នុងទីក្រុងហ្សាការតា បន្ទាប់មកមានការទស្សនកិច្ចទៅកាន់វិហារឥស្លាម Istiqlal ដែលនៅជិតនោះ។ អ្នកចូលរួមនឹងដើរឆ្លងកាត់ "រូងភ្នំមិត្តភាព" (Friendship Tunnel) ដែលតភ្ជាប់រវាងព្រះវិហារកាតូលិក និងវិហារឥស្លាម ជាសញ្ញាសម្គាល់នៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសឥណ្ឌូណេស៊ីក្នុងការសម្រុះសម្រួលសាសនា និងជាការអំពាវនាវរបស់មហាសន្និបាតឱ្យព្រះសហគមន៍ក្លាយជាអ្នកកសាងស្ពាននៅក្នុងតំបន់អាស៊ី។
លោកអភិបាល Junie បានមានប្រសាសន៍ថា៖ «យើងសង្ឃឹមថាការជួបជុំនេះនឹងពង្រឹងសក្សីភាពរបស់ព្រះសហគមន៍ចំពោះការរួមរស់ជាធ្លុងមួយ ការចូលរួម និងបេសកកម្ម ព្រមទាំងបំផុសគំនិតគ្រីស្តបរិស័ទកាតូលិកនៅទូទាំងតំបន់អាស៊ី ឱ្យក្លាយជាស្ពាន និងជាអ្នកកសាងស្ពាននៅក្នុងគ្រួសារ សហគមន៍ ប្រទេសជាតិ និងរវាងប្រជាជនដែលមានវប្បធម៌ និងសាសនាខុសៗគ្នា»៕