ប្រធានបទ៖ តាមរយៈកិច្ចការបម្រើអ្នកតូចតាច បញ្ជាក់ថាព្រះវិញ្ញាណបានគង់នៅជាមួយបងប្អូន!
បកស្រាយដោយ៖ លោក សិលា សួន ហង្សលី (អភិបាលឧបត្ថម្ភកៈភូមិភាគភ្នំពេញ)
អភិ. សួន ហង្សលី៖ ជាគ្រីស្តបរិស័ទ យើងមានព្រះវិញ្ញាណដ៏វិសុទ្ធគង់នៅជាមួយយើង ហើយព្រះវិញ្ញាណនេះបានជួយបំភ្លឺមនុស្សទាំងអស់គ្នា ណែនាំមនុស្សទាំងអស់គ្នាបានស្គាល់អំពីអ្វីដែលជាសេចក្តីល្អអាក្រក់ និងជម្រុញឲ្យយើងធ្វើដំណើរទៅមុខនៅក្នុងជីវិតរបស់យើងជាគ្រីស្តបរិស័ទ។ ព្រះវិញ្ញាណដ៏វិសុទ្ធក៏បានណែនាំឲ្យយើងម្នាក់ៗបានស្គាល់ពីសេចក្តីទាំងឡាយដែលព្រះជាម្ចាស់យេស៊ូគ្រីស្តបានបង្រៀន និងជួយការពារយើងម្នាក់ៗពីសេចក្តីអាក្រក់ផងដែរ។
តាមអ្វីដែលយើងបានជួបប្រទះ ឬជាបទពិសោធន៍ ព្រះយេស៊ូបានគង់នៅជាមួយយើងតាមរយៈជំនឿ ជំនឿដែលយើងមានលើព្រះយេស៊ូគ្រីស្ត ជំនឿដែលមានលើព្រះជាម្ចាស់ ជាព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ គឺជាកំលាំងមួយដែលជួយឲ្យគ្រីស្តបរិស័ទបានគាប់ព្រះហឫទ័យព្រះអង្គ និងជំនឿនេះគឺជាកំលាំងមួយដែលជួយឲ្យគ្រីស្តមានសេចក្តីសង្ឃឹម នាំឲ្យយើងពុះពារ ឬឆ្លងឧបសគ្គប្រចាំជិវិត។ សារៈសំខាន់នៃជំនឿ គឺមានវត្តមានព្រះអង្គគង់នៅជាមួយយើងគ្រប់គ្នា ដូចដែលព្រះយេស៊ូធ្លាប់មានព្រះបន្ទូល បើសិនអ្នករាល់គ្នាទុកសេចក្តីស្រឡាញ់របស់ខ្ញុំនៅជាមួយអ្នករាល់គ្នា ដូចខ្ញុំបានទុកសេចក្តីស្រឡាញ់របស់ព្រះបិតារបស់ខ្ញុំនៅជាមួយអ្នករាល់គ្នា ហើយអ្នករាល់គ្នាបានប្រតិបត្តិតាមវិន័យរបស់ខ្ញុំ គឺសេចក្តីស្រឡាញ់នេះឯង នោះមនុស្សលោកទាំងអស់គ្នាគឺជាមិត្តសម្លាញ់របស់ព្រះអង្គ ហើយមនុស្សទាំងអស់នៅក្នុងពិភពលោកនេះ និងក្លាយទៅជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់។
ព្រះជាម្ចាស់គង់នៅជាមួយយើងម្នាក់ៗ ដើម្បីឲ្យមនុស្សលោកមានឱកាសបានរួមរស់ជាមួយព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់ផងដែរ។ បងប្អូនជាទីស្រឡាញ់! ដោយសារសេចក្តីស្រឡាញ់ ដោយសារការបម្រើរបស់យើងចំពោះបងប្អូនទូរទៅដោយមានចិត្តមេត្តាករុណានេះហើយ វាបានបង្ហាញថាព្រះយេស៊ូបានគង់នៅជាមួយយើងម្នាក់ៗ ហើយទ្រង់ក៏ជាកំលាំងដែលមិនអាចខ្វះបានឡើយ ដែលជំរុញឲ្យគ្រីស្តបរិស័ទទាំងអស់ប្រព្រឹត្តអំពើដោយចិត្តសប្បុរសដល់មនុស្សនៅជុំវិញខ្លួន ជាពិសេសអស់អ្នកដែលកំពុងជួបការលំបាក អត់ឃ្លាន ក្រីក្រ គេបោះបង់ និងគ្មានសម្លេងក្នុងសង្គមជាដើម។ អាមេន
ដោយ ឆាក លាំង