ប្រជុំប៉ាស្តូរាល់ ភូមិភាគបាត់ដំបង៖ ផ្តោតលើ «បេសកកម្ម និងការផ្លាស់ប្តូររបៀបបម្រើ»

នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង បានបើកកិច្ចប្រជុំប៉ាស្តូរាល់លើកទី២៦ ដោយមានអ្នកចូលរួមប្រមាណ ១០០នាក់ ក្រោមអធិបតីភាពរបស់លោកអភិបាល អេនរីគេ ហ្វីការេដូ ដើម្បីពិចារណាស្វែងរកទិសដៅថ្មីក្នុងការបម្រើ និងស្តាប់តាមការដឹកនាំរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ៖ ការស្ងៀមស្ងាត់ អធិដ្ឋាន ស្តាប់ព្រះបន្ទូល ស្តាប់បងប្អូន ស្តាប់តាមរយៈព្រឹត្តិការណ៍នានា។

ក្នុងឱកាសនោះ លោកអភិបាលបានសង្កត់ធ្ងន់លើចំណុចគន្លឹះចំនួន ៥ សម្រាប់ការផ្លាស់ប្តូររបៀបបម្រើ។ ចំណុចទី១ ពីភាពមមាញឹក មកស្វែងរកបេសកកម្មពិត ដោយផ្តោតសំខាន់មិនមែនត្រឹមតែជាអគារនោះទេ ប៉ុន្តែជាសហគមន៍រស់នៅ និងបម្រើដោយផ្អែកលើជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់។ ចំណុចទី២ ពីការនិយាយ ទៅជាការស្តាប់ដោយបេះដូង គឺការបម្រើត្រូវចូលទៅក្នុងដួងចិត្តអ្នកដទៃ ដើម្បីយល់ពីកង្វល់ និងធ្វើឱ្យពួកគេដឹងថាខ្លួនមានតម្លៃ និងមិនឯកោ។ ចំណុចទី៣ ពីទស្សនៈចង្អៀត ទៅជាការបើកចំហ ដោយដើរជាមួយមនុស្សគ្រប់គ្នាតាមដំណើរជីវិតជាក់ស្តែង ដោយមិនបង្ខំល្បឿនចំពោះការរីកចម្រើនក្នុងជំនឿឡើយ។ ហើយចំណុចទី៤ មិនផ្តោតលើចំនួន តែជាគុណភាពនៃទំនាក់ទំនង ដោយផ្តោតលើការកសាងទំនាក់ទំនងជិតស្និទ្ធ ការស្គាល់គ្នា និងការនៅក្បែរគ្នាក្នុងគ្រាលំបាក ជាជាងការវាស់វែងត្រឹមតែតួលេខ។ និងចំណុចទី៥ ពីគ្រួសារដែលជាអ្នកទទួល ទៅជាអ្នកប្រកាសដំណឹងល្អ នោះសំដៅលើការទទួលស្គាល់ និងការផ្តល់ឱកាសឱ្យគ្រួសារចូលរួមយ៉ាងសកម្មក្នុងការប្រកាសដំណឹងល្អ តាមរយៈការរស់នៅ និងការអប់រំកូនៗប្រចាំថ្ងៃ។

ការផ្លាស់ប្តូរដែលផ្តើមចេញពីការស្ងៀមស្ងាត់ ការអធិដ្ឋាន និងការស្តាប់គ្នាទៅវិញទៅមក នឹងធ្វើឱ្យព្រះសហគមន៍កាន់តែមានជីវិត និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់មនុស្សគ្រប់រូប។ កិច្ចប្រជុំប៉ាស្តូរាល់ក្នុងព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំង ធ្វើឡើងជារៀងរាល់មួយឆ្នាំម្តង ក្នុងឆ្នាំនេះ ជាលើកទី២៦ហើយ ចាប់តាំងពីលោកអភិបាលអេនរីគេ ហ្វីការេដូ ទទួលមុខងារជាអភិបាលដើម្បីណែនាំព្រះសហគមន៍ភូមិភាគនេះ។ កម្មវិធីប៉ាស្តូរាល់នេះ ធ្វើឡើងពីថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅព្រះសហគមន៍បាត់ដំបងក្រុងបាត់ដំបង ខេត្តបាត់ដំបង៕

ដោយលី សុវណ្ណា

Daily Program

Livesteam thumbnail
khmer popup image