បញ្ចប់ការធ្វើសមយុទ្ធរបស់ចិននៅជុំវិញកោះតៃវ៉ាន់ លោកស៊ី ជីនពីង ព្រមានថា ការបង្រួបបង្រួមគឺមិនអាច​ឈប់បានទេ

លំហាត់សមយុទ្ធរបស់ចិននៅជុំវិញកោះតៃវ៉ាន់បានបញ្ចប់កាលពីថ្ងៃពុធ ទី៣១ ខែធ្នូ ឆ្នាំ​២០២៥។ ទីក្រុង​ប៉េកាំង បានវាយតម្លៃអំពីភាពជោគជ័យនៃសមយុទ្ធដែលសំដៅធ្វើក្លែងការ​បិត​កំពង់ផែ តៃវ៉ាន់។ ទីក្រុងតៃប៉ិ បានថ្កោលទោសសមយុទ្ធរយៈពេល ២ថ្ងៃនេះ និងចាត់ទុក​ថា វាជាការ​បង្ក​ហេតុច្បាស់ៗប្រឆាំងនឹងសន្តិសុខក្នុងតំបន់ និងសណ្តាប់ធ្នាប់ពិភពលោក។

ប្រទេសចិនបានបញ្ជាក់ថាបានជោគជ័យក្នុងការធ្វើសមយុទ្ធយោធា ដែលចាប់ផ្តើមតាំង​ពី​ថ្ងៃ​ចន្ទ នៅជុំវិញកោះតៃវ៉ាន់ ដែលរួមមានការបាញ់គ្រាប់ពិតដែលសំដៅ​ធ្វើក្លែងការបិទ​កំពង់ផែ​នៃ​កោះ និងការវាយប្រហារប្រឆាំងនឹងគោលដៅយោធានៅតាមសមុទ្រ។

នៅអំឡុងការថ្លែងសន្ទរកថាចំពោះជាតិនាពេលចូលឆ្នាំសកលថ្មី ក្រោយពីការប្រកាសដោយ​ទីក្រុងប៉េកាំង​នៃការ​បញ្ចប់ធ្វើសមយុទ្ធយោធា ប្រធានាធិបតីចិន លោកស៊ី ជីងពីន បានថ្លែង​ថា ការបង្រួបបង្រួមប្រទេសគឺមិនអាចបញ្ឈប់បានទេ។

អ្នកនាំពាក្យ និងជាមេបញ្ជាការនាវា លោកលី ស៊ី ក៏បានរៀបរាប់ថា ៖ ​”បញ្ជាការភូមិភាគបូព៌ា​នៃ PLA កងទ័ពរំដោះប្រជាជនចិន បានបញ្ចប់ដោយជោគជ័យនៃលំហាត់យោធា ដែលហៅ​ថា បេសកកម្មយុត្តិធម៌ឆ្នាំ២០២៥។” លោកបន្ថែមថា ទាហាននឹងបន្តការ ហ្វឹកហ្វឺនរបស់ពួកគេ​ដើម្បី​ទប់ស្កាត់យ៉ាងដាច់ខាតនូវគំនិត​ប៉ុនប៉ងបំបែកខ្លួនដែលគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ និង​ការជ្រៀតជ្រែកពីខាងក្រៅ។

ឆ្មាំឆ្នេររបស់កោះតៃវ៉ាន់ បានបញ្ជាក់ថា នាវាចិនដែលបានធ្វើការចល័តនៅសប្តាហ៍នេះ នៅ ជុំវិញកោះតៃវ៉ាន់ នៅអំឡុងលំហាត់យោធា ក្នុងទ្រង់ទ្រាយធំ បានដកថយពីតៃវ៉ាន់។

មានយន្តហោះចម្បាំងរាប់សិបគ្រឿង នាវាចម្បាំង និងកប៉ាលឆ្មាំឆ្នេរ ដែលត្រូវបានបញ្ជូន​ដោយទីក្រុង​ប៉េកាំង ដើម្បីឡោមព័ទ្ធកោះតៃវ៉ាន់ កាលពីថ្ងៃចន្ទ និងអង្គារ នៅក្នុងក្របខណ្ឌនៃ​ការ​ធ្វើសមយុទ្ធដែលក្លែងបិទកំពង់ផែយុទ្ធសាស្រ្តរបស់តៃវ៉ាន់ ព្រមទាំង​ការវាយប្រហារលើ​គោលដៅ តាមសមុទ្រផងដែរ។

ចំណែកទីក្រុងតៃប៉ិ បានថ្កោលទោសលំហាត់យោធាពីរថ្ងៃនេះ និងនិយាយថា វាជាការបង្ក​ហេតុឲ្យឃើញច្បាស់ៗប្រឆាំងនឹងសន្តិសុខតំបន់ និងសណ្តាប់ធ្នាប់ពិភពលោក។ ប្រទេសចិន​កុំមុយនីស្តមិនដែលគ្រប់គ្រងតៃវ៉ាន់ទេ ប៉ុន្តែចាត់ទុកកោះនេះជាផ្នែកនៃដែនដីរបស់ខ្លួន និង គំរាមប្រើប្រាស់កម្លាំងដើម្បីដណ្តើមយកការគ្រប់គ្រងលើកោះតៃវ៉ាន់។

លំហាត់សមយុទ្ធយោធាដែលកើតមានឡើងនៅជុំវិញកោះតៃវ៉ាន់ បានបង្កឲ្យមានរលកនៃ​ការ​ថ្កោលទោសដ៏សម្បើម។

កាលពីថ្ងៃពុធដែរ ប្រទេសជប៉ុនបានវាយតម្លៃថា ការធ្វើសមយុទ្ធរបស់ទីក្រុងប៉េកាំង ធ្វើឲ្យ​មាន​​ភាពតានតឹងរឹតតែធ្ងន់ធ្ងរ នៅក្នុងតំបន់ និងសម្តែងនូវការព្រួយបារម្ភ នៅពេលដែល​អូស្រ្តាលី បានថ្កោលទោស​លំហាត់សមយុទ្ធយោធា​ដែលធ្វើឲ្យអស្ថិរភាព។

ចំណែកសហភាពអឺរ៉ុប អាឡឺម៉ង់ និងបារាំង ក៏បានសម្តែងនូវក្តីព្រួយបារម្ភ និងថ្លែងការណ៍​ដោយ​​ចង​ភ្ជាប់ខ្លួនជាមួយនឹងស្ថិរភាពអន្តរជាតិ។

រីឯហ្វីលីពីន បានចូលរួមចំណែកក្នុងក្តីព្រួយបារម្ភដ៏ជ្រាលជ្រៅ និងវាយតម្លៃថា លំហាត់​យោធា​​របស់ចិន នៅជុំវិញកោះតៃវ៉ាន់ បានផ្តល់ហានិភ័យធ្វើឲ្យខ្សោយដល់សន្តិភាព និង​ស្ថិរភាព​នៅក្នុងតំបន់។

ប៉ុន្តែទីក្រុងប៉េកាំងក៏បានស្តីបន្ទោសសម្រាប់ការរិះគន់ដែលគ្មានការទទួលខុសត្រូវរបស់​ប្រទេស​​ខ្លះ ចំពោះសកម្មភាពចាំបាច់ និងជាភាពត្រឹមត្រូវយុត្តិធម៌ដែលធ្វើឡើងដោយ​ប្រទេស​ចិន​ដើម្បីការពារអធិបតេយ្យភាពជាតិរបស់ខ្លួន។ លោកលីន ជៀន អ្នកនាំពាក្យនៃក្រសួងការ​បរទេស​ចិន បានថ្លែងថា ៖ “ប្រទេសទាំងនេះ បិទភ្នែកចំពោះកងកម្លាំងបំបែកខ្លួន​នៅតៃវ៉ាន់​​ដែល​ព្យាយាមទទួលបានឯករាជ្យដោយមធ្យោបាយយោធា”។

Daily Program

Livesteam thumbnail