ចិន និងរុស្ស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការយោធានៅសមុទ្រជប៉ុន

កាលពីថ្ងៃអាទិត្យ ទី៣ ខែសីហា ប្រទេសចិន និងរុស្ស៊ី បានចាប់ផ្តើម លំហាត់សមយុទ្ធជើង ទឹករួមគ្នានៅក្នុងដែនទឹកដែលគេហៅថាសមុទ្រជប៉ុន។ មហាអំណាចទាំងពីរព្យាយាមធ្វើឲ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូរបស់ពួកគេដើម្បីប្រឈម​នឹងអ្វីដែល​ពួកគេចាត់ទុកថា ជាការគ្រប់គ្រងគ្របដណ្តប់របស់សហរដ្ឋអាម៉េរិក។

រយៈពេល ៣ថ្ងៃ នៃប្រតិបត្តិការលំហាត់យោធា តាំងពីថ្ងៃអាទិត្យទី៣ ខែសីហា លំហាត់​សមយុទ្ធកងទ័ពជើងទឹករួមគ្នារវាងចិន និងរុស្ស៊ីនៅក្នុងដែនទឹកដែលគេហៅថាសមុទ្រជប៉ុន ជា​ការមើលឃើញ​អំពី​ការ​ប្រឆាំង​ទៅនឹងអ្វីដែលមហាអំណាចទាំងពីរចាត់ទុកថា ជាការគ្រប​ដណ្តប់​របស់អាម៉េរិក​នៅលើ​សកលលោក។

នៅក្នុងសេចក្តីប្រកាសមួយក្រសួងការពារជាតិចិន បានថ្លែងថា  ឈ្មោះលំហាត់សមយុទ្ធ​ដែល​ត្រូវ​បានដាក់ឈ្មោះថា សមុទ្ររួមគ្នាឆ្នាំ២០២៥ ត្រូវបានផ្តល់ឲ្យ​នៅក្នុងដែនទឹកដែលស្ថិត​នៅ​ជិត​​កំពង់ផែរុស្ស៊ី វ៉្លាឌីវ៉ូស្តុក។

យោធានៃប្រទេសទាំងពីរធ្វើរួមជាមួយគ្នានូវប្រតិបត្តិ ការការពារដោយនាវាមុជទឹក ការប្រយុទ្ធ​រួម​គ្នា​​ប្រឆាំង​​នឹងនាវា​មុជទឹក ការការពារដែនអាកាសប្រឆាំងមីស៊ីល ព្រមទាំងការប្រយុទ្ធនៅ​លើ​​ដែន​​សមុទ្រ។

ក្រសួងការពារជាតិចិនបានបញ្ជាក់ដែរថា នាវាចិន ៤ គ្រឿង ដែលរួមមាននាវាបំផ្លាញ ​បាញ់​មីស៊ីល ស្ហ៉ាវសីង និងអ៊ូរូមឈី បានចូលរួមនិងលំហាត់សមយុទ្ធនៅក្បែរនាវារុស្ស៊ីជាច្រើន។

បន្ទាប់ពីលំហាត់សមយុទ្ធដែលត្រូវធ្វើឡើងរយៈពេល ៣ថ្ងៃ ប្រទេសទាំងពីរ បានធ្វើការ​ល្បាត​នាវា​នៅក្នុងដែនទឹកនៃមហាសមុទ្រប៉ាស៊ីហ្វីក។

ចាប់តាំងពីច្រើនឆ្នាំមកហើយ ប្រទេសចិន និងរុស្ស៊ី បានដឹកនាំជាទៀងទាត់នូវការធ្វើលំហាត់​សមយុទ្ធ​​រួម​គ្នា និងប្រតិបត្តិការរួមគ្នា ហៅថារួមសមុទ្រ គឺចាប់តាំងពីឆ្នាំ២០១២។ នៅឆ្នាំ​២០២៤ លំហាត់សមយុទ្ធ​ធ្លាប់បានប្រព្រឹត្តិទៅនៅតាមបណ្តោយឆ្នេរភាគខាងត្បូង​ប្រទេស​ចិន។

កាលពីចុងសប្តាហ៍ ក្រសួងការពារជាតិចិន បានប្រកាសថា លំហាត់សមយុទ្ធនៅឆ្នាំនេះ គឺ​សំដៅ​ធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្រ្តសកលរវាង​ប្រទេស​ទាំង​ពីរ។

លំហាត់សមយុទ្ធបានប្រព្រឹត្តឡើងមុនដំណើរទស្សនកិច្ចរបស់មេដឹកនាំរុស្ស៊ី លោកវ្លាឌីមៀ ពូទីន មកកាន់ប្រទេសចិន នៅដំណាច់ខែសីហាខាងមុខនេះ។

ប្រធានាធិបតីរុស្ស៊ី​ បានចូលរួមនឹងកិច្ច​ប្រជុំកំពូលនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ដែល​​ជាអង្គការអន្តររដ្ឋាភិបាលមួយ​បង្កើតឡើងនៅឆ្នាំ២០០១ ដោយប្រទេសចិន រុស្ស៊ី និង​រដ្ឋ​ចំនួន៤ នៃអាស៊ីកណ្តាល ហើយក៏មានការធ្វើក្បួនព្យុះហយាត្រាយោធា​ដែលកត់​សម្គាល់​នូវ​ខួប​លើកទី៨០ នៃការបញ្ចប់សង្រ្គាម​លោកលើកទី២។ លោកវ្លាឌីមៀ ពូទីន ក៏នឹងជួបសន្ទនា​ជាមួយ​សមភាគី​ចិន លោកស៊ី ជីនពីង​ផងដែរ។

ទីក្រុងប៉េកាំងមិនដែលថ្កោលទោសរុស្ស៊ីសម្រាប់ការឈ្លានពានអ៊ុយក្រែននោះទេ និងបាន​ពង្រឹង​​​ទំនាក់ទំនងសេដ្ឋកិច្ច ការទូត និងយោធា​ជាមួយទីក្រុងមូស្គូ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ​២០២២។

នៅខែមេសា ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ក៏បានចោទប្រកាន់​ប្រទេស​ចិន​ដែលបានផ្គត់ផ្គង់អាវុធឲ្យរុស្ស៊ី ហើយដែលការចោទប្រកាន់ទាំងនេះ តែងត្រូវបាន​បដិសេធ​ដោយទីក្រុងប៉េកាំង។

ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ លោកស៊ី ជីនពីង ប្រធានាធិបតីចិន បានថ្លែងប្រាប់រដ្ឋមន្រ្តី​ក្រសួង​ការបរទេសរុស្ស៊ីថា ចិន និងរុស្ស៊ីត្រូវតែពង្រឹងការគាំទ្រគ្នាទៅវិញទៅមក។

 

Daily Program

Livesteam thumbnail