គ្រីស្តបរិស័ទស្រីលង្កាទីតែក៏នៅតែចងចាំពីពលីកម្មដូនជីដែលបានលះបង់ជីវិតដើម្បីការពារអ្នកដទៃ
នៅថ្ងៃទី៣ ខែសីហា គ្រីស្តបរិស័ទនៅស្រីលង្កា បានជួបជុំគ្នារំលឹកខួបនៃមរណភាពរបស់ដូនជី ម៉ារី អាហ្គណេតា (Mary Agneta) ដែលជាដូនជីមួយរូប បានទទួលមរណភាព បន្ទាប់ពីត្រូវបានបាញ់សម្លាប់ក្នុងអំឡុងពេលអំពើហិង្សាជនជាតិភាគតិចនៃខែកក្កដា ឆ្នាំ១៩៨៣ ខណៈពេលដែលកំពុងការពារសមាជិកងាយរងគ្រោះនៃសហគមន៍របស់ដូនជី។
ពលីកម្មរបស់ដូនជីគឺយូរហើយ ប៉ុន្តែអ្វីដែលដូនជីបានលះបង់ នៅតែជាសក្ខីកម្មដ៏មានឥទ្ធិពលចំពោះសេចក្តីស្រឡាញ់របស់គ្រីស្តបរិស័ទ ដែលបានលើសពីការបែកបាក់ជនជាតិភាគតិចក្នុងអំឡុងពេលដ៏ខ្មៅងងឹតបំផុតមួយរបស់ស្រីលង្កា។
ដូនជីកើតនៅថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៤១ ក្នុងគ្រួសារកាតូលិកដ៏ស្មោះត្រង់។ ដូនជីជាកូនពៅក្នុងចំណោមបងប្អូន ៨ នាក់ ហើយក្នុងឆ្នាំ១៩៦៥ ដូនជីក៏បានសច្ចាតាំងខ្លួនជាដូនជី ហើយក្លាយជាដូនជីពេញសិទ្ធិនៅឆ្នាំ១៩៦៨។
នៅក្នុងនាមជាដូនជី បងស្រីជាអ្នកដែលទទួលខុសត្រូវផ្នែករដ្ឋបាល ប៉ុន្តែការងារផ្សេងៗនៅក្នុងសហគមន៍ រួមទាំងការសម្អាតទ្រុងគោ ចម្អិនអាហារ និងកិច្ចការនានាគឺដូនជីតែងរ៉ាប់រងជានិច្ច។
ក្រៅពីនោះ បងស្រីក៏តែងតែដើរសួរសុខទុក្ខគ្រីស្តបរិស័ទ ដើម្បីលើកទឹកចិត្តដល់ជីវិតអ្នកស្រុក និងត្រូវបានគេស្គាល់ដោយសារស្នាមញញឹមដ៏ទន់ភ្លន់ និងការត្រៀមខ្លួនជួយអ្នកដែលខ្វះខាត។
នៅពេលដែលអំពើហិង្សាប្រឆាំងនឹងជនជាតិតាមីលបានផ្ទុះឡើងនៅទូទាំងប្រទេសស្រីលង្កាក្នុងខែកក្កដា ឆ្នាំ១៩៨៣ ដូនជីបានបដិសេធមិនអនុញ្ញាតឱ្យមានការស្អប់ជាតិសាសន៍ចូលមកក្នុងកន្លែងដែលបងស្រីទទួលខុសត្រូវឡើយ។
បងស្រីបានផ្តល់ជម្រកដល់បងប្អូនស្រីតាមីល និងបានជួយការពារលោកបូជាចារ្យ បូស្កូ ម៉ាឌូរ៉ាណាយ៉ាហ្គាម (Bosco Mathuranayagam) ដែលជាបូជាចារ្យបានតស៊ូមតិដើម្បីសិទ្ធិរបស់កម្មករចម្ការតាមីល ហើយបានក្លាយជាគោលដៅក្នុងអំឡុងពេលមានភាពចលាចល។
ដូនជីបានបាត់បង់ជីវិតនៅយប់ថ្ងៃទី២៧ ខែកក្កដា នៅពេលដែលហ្វូងមនុស្សបានវាយប្រហារព្រះវិហារ និងផ្ទះសម្បែង អណ្តាតភ្លើងបានឆាបឆេះព្រះវិហារព្រះសហគមន៍កាតូលិក ហើយដូនជីត្រូវគ្រាប់កាំភ្លើងដល់ទៅ ៨ គ្រាប់។
