បូជាចារ្យប៉ាគីស្ថានបោះពុម្ពសៀវភៅស្តីពីអំពីជីវិតក្រុមនិងវត្តមានរបស់ព្រះគ្រីស្តនៅក្នុងសម័យទំនើប
លោកបូជាចារ្យម្នាក់ បានបោះពុម្ពសៀវភៅមួយដែលនិយាយអំពីការស្វែងយល់អំពីរបៀបដែលបូជាចារ្យកាតូលិកអាចបង្ហាញវត្តមានរបស់ព្រះគ្រីស្ទ នៅចំពេលដែលមានការលេចឡើងនៃនិន្នាការមិនជឿលើសាសនា ការសង្ស័យ និងបញ្ហាប្រឈមនានាក្នុងការបំពេញបេសកកម្ម នៅក្នុងពិភពលោកដែលកាន់តែពឹងផ្អែកលើបច្ចេកវិទ្យាឌីជីថល។
សៀវភៅនេះ មានចំណងជើងថា «នៅក្នុងអង្គព្រះគ្រិស្ទ ៖ ការស្វែងយល់យ៉ាងស៊ីជម្រៅអំពីភាពជាបូជាចារ្យនៅក្នុងអង្គព្រះគ្រីស្ទ» ។ សៀវភៅនេះគឺជាឯកសារ ដែលនិពន្ធដោយលោកបូជាចារ្យ សេលស៊ីល ប៉ូល (Cecil Paul) នាយកនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលបេក្ខជនបូជាចារ្យ និងមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយកាតូលិក ។
សៀវភៅនេះ ត្រូវបានដាក់សម្ពោធនៅថ្ងៃទី ១៣ ខែតុលា នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបេក្ខជនបូជាចារ្យ ក្នុងទីក្រុង មូលតាន ( Multan) ខេត្ត ប៉ុនចាប ( Punjab) ភាគខាងកើតប្រទេសប៉ាគីស្ថាន។
លោកអភិបាល យូសាហ្វ សូហាន (Yousaf Sohan) នៃភូមិភាគមូលតាន ( Multan ) ដែលបានចូលរួមក្នុងពិធីសម្ពោធនេះ រួមជាមួយអ្នកចូលរួមប្រហែល ១០០ នាក់ ដែលមានទាំងបូជាចារ្យ ដូនជី លោក ប៉ូល បានពន្យល់ថា សៀវភៅនេះពិនិត្យមើលអត្ថន័យខាងទេវវិទ្យា ក្នុងនាមជាតំណាងរបស់ព្រះគ្រីស្ទ។ លោកបានបន្តថា ការពន្យល់នេះផ្អែកលើព្រះគម្ពីរ និងឯកសាររបស់ក្រុមប្រឹក្សាវ៉ាទីកង់ទី ២ ស្តីពីជីវិត និងបេសកកម្មរបស់បូជាចារ្យ ។
សៀវភៅនេះស្វែងយល់ទាំងទិដ្ឋភាពអគ្គសញ្ញា ឋានៈជាបូជាចារ្យ និងការអនុវត្តជាក់ស្តែងសម្រាប់បូជាចារ្យដែលកំពុងបម្រើក្នុងសហគមន៍សម័យបច្ចុប្បន្ន។
លោកបូជាចារ្យប៉ូល បានមានប្រសាសន៍ថា ការតំណាងឱ្យព្រះគ្រីស្ទនៅក្នុងពិភពលោកសព្វថ្ងៃនេះ ទាមទារឱ្យមានការយកចិត្តទុកដាក់ជាពិសេសទៅលើភាពស្មោះត្រង់ពិតប្រាកដ សីលធម៌ត្រឹមត្រូវ និងភាពបរិសុទ្ធ ជាពិសេសនៅចំពេលដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងឥទ្ធិពលនៃនិន្នាការមិនជឿលើសាសនាដែលកំពុងកើនឡើង។
លោកបានពណ៌នាអំពីសៀវភៅនេះថាជា ដៃគូខាងវិញ្ញាណ ដែលមានបំណងជួយបូជាចារ្យឱ្យឆ្លងកាត់បញ្ហាប្រឈមនានាក្នុងការងារបម្រើព្រះសហគមន៍សព្វថ្ងៃ និងជួយឱ្យពួកគេរកឃើញឡើងវិញនូវក្តីអំណរ និងភាពបរិសុទ្ធនៃបេសកកម្មរបស់ពួកគេ។
