ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦អត្ថបទគម្ពីរយ៉ូហាន ១១,១-៤៥អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ គង់ វៀល

ជម្រាបសួរ បងប្អូនជាទីស្រឡាញ់! ថ្ងៃនេះគឺជាថ្ងៃទី៥ ក្នុងរដូវ៤០ថ្ងៃ ជិតដល់បុណ្យចម្លងហើយ។ នៅ​ពេល​នេះយើងឃើញព្រះយេស៊ូ កំពុងធ្វើដំណើរ កាន់​តែ​ជិតទី​ក្រុង​យេរូសា​ឡឹម ហើយថ្ងៃនេះ យើង​ឃើញ​មនុស្សជាច្រើនស្អប់ព្រះយេស៊ូកាន់តែខ្លាំងឡើងៗ។

ព្រះយេស៊ូទ្រង់សម្ដែងសេចក្ដីស្រឡាញ់កាន់តែល្អទៅៗ ពិតជាអស្ចារ្យមែនទែន នៅ​ពេល​ដែល​មាន​មហា​ជន​ជាច្រើន រិះគន់ ប្រមាថព្រះនាមព្រះអង្គ ព្រះអង្គទ្រង់ស្រឡាញ់យើង មិនមែន​គ្រាន់​តែ​ល្អត្រឹមបបូរមាត់ ប៉ុន្តែព្រះអង្គស្រឡាញ់យើង ដោយហ៊ានទៅជួបមិត្តភក្តិដែលជិតស្លាប់។

លោកឡាសារ ដែលជាមិត្តសម្លាញ់របស់ព្រះយេស៊ូ លោកទើបតែទទួលមរណភាព នៅភូមិមួយឈ្មោះ​បេ​ថា​នី ដែលជាប្រមាណប៉ុន្មានគីឡូ ពីទីក្រុងយេរូសាឡឹម។ ព្រះអង្គទ្រង់ឮថា នៅទីក្រុងយេរូសាឡឹម គេ​ចាប់​ផ្ដើ​មរិះគន់ ហើយបង្កើតល្បិច ដើម្បីចាប់ព្រះយេស៊ូ ប៉ុន្តែព្រះអង្គមិនដែលភ័យខ្លាចទេ ដោយ​សារ​មិត្ត​ភាព ចំពោះលោកឡាសារ ព្រះអង្គហ៊ានធ្វើដំណើរទៅជួបលោក ហើយជួបបង​ស្រី​ទាំងពីរ នាងម៉ារី និងនាងម៉ាថា ដែលកំពុងយំសោកសង្រេង ដោយសារបងរបស់គេ ទើបទទួលមរណ​ភាព។

នៅពេលនោះ អ្វីដែលធើ្វឲ្យខ្ញុំចាប់អារម្មណ៍និងងឿងឆ្ងល់ ហេតុអ្វីបានជាមហាជនជាច្រើន ស្អប់ព្រះយេស៊ូ នៅពេល​ដែលព្រះអង្គ ចេះតែស្រឡាញ់យើង? ហេតុអ្វីបានជាមនុស្ស ស្អប់គ្រីស្តសាសនា សូម្បី​តែនៅ​ជុំវិញ​យើង ធ្លាប់ឃើញគេរិះគន់ គេស្អប់ គេធ្វើបាបយើង នៅប្រទេសជាច្រើនប៉ុន្តែ អរគុណព្រះជាម្ចាស់ នៅ​ប្រទេសខ្មែរមានសេរីភាព មិនដូចប្រទេសផ្សេងៗ នៅប្រទេសជិតខាង ធ្លាប់ឃើញមានការបៀតបៀន មានការរិះគន់ មានការធ្វើបាប។

ហេតុអ្វីបានជាបងប្អូនចង់ធើ្វបាបអ្នកដែលស្រឡាញ់គេ? ដោយសារពេលខ្លះ សេរីភា​ព​របស់​គ្រីស្តបរិស័ទ ផ្ទុយនឹងគំនិត ដែលយើងឃើញក្នុងលោកនេះ។ ព្រះយេស៊ូ ព្រះអង្គយាងមក មិន​មែន​ដើម្បី​​បំផ្លាញ​លោក​នេះ​ទេ ប៉ុន្តែដើម្បីប្រោសលោកា។ ហើយមនុស្សដែលកាន់អំណាចទាំងឡាយ ត្រូវ​តែ​ភ័យខ្លាច ដោយសារ​សេរី​ភាព ដែលយើងទទួលពីព្រះយេស៊ូគ្រីស្ត។ ព្រះយេស៊ូមិនបង្ខំនរណា ឱ្យទៅតាម​ព្រះអង្គទេ ប៉ុន្តែ​សេច​ក្ដី​​ស្រឡាញ់នេះ ធ្វើឱ្យមហាជនជាច្រើន ចង់ស្ដាប់ ចង់ទៅ ចង់អនុវត្ត​តាមព្រះបន្ទូលរបស់ព្រះអង្គដែរ។

លោកឡាសារ ស្រឡាញ់ព្រះយេស៊ូខ្លាំងណាស់ ហើយក្លាយជា​មិត្ត​សម្លាញ់​របស់​ព្រះអង្គ។ លោក​អត់ដែ​ល​គិ​​តរឿងផ្សេងៗ ទៅទីក្រុងយេរូសាឡឹម ធ្វើឱ្យមហាបូជាចារ្យ ស្អប់គាត់ដែរ។ ហើយនៅពេលនោះ សេចក្ដី​ស្រ​ឡាញ់ ដែលព្រះយេស៊ូមាន សម្រាប់លោកឡាសារ ជាឱកាសមួយ ដើម្បី​បង្ហាញពី​អំណាចនៃមិត្តភាព ដែល​ធ្វើឱ្យយើងរស់ឡើងវិញ។ ដោយសារព្រះអង្គស្រឡាញ់យើង ព្រះអង្គ​នឹង​ប្រទាន​ជីវិតថ្មីឱ្យយើង មិន​មែន​តែដូចលោកឡាសារ ដែលគាត់មានជីវិតរស់ឡើងវិញតែមួយរយៈ ប៉ុន្តែយើងនឹងមានជីវិតអស់ក​ល្បជា​និច្ច ដោយសារព្រះអង្គស្រឡាញ់យើងយ៉ាងណា ព្រះអង្គក៏គាប់​ព្រះហ​ឫទ័​​យ គង់នៅជាមួយយើង អស់​កល្បជានិច្ចតរៀងទៅ។

ឋានសួគ៌គឺជាអ្វី? សម្រាប់យើងជាគ្រីស្តបរិស័ទ មិនមែនជាកន្លែងដែលយើងអផ្សុកទេ ជាកន្លែងមួយ ដែល​​យើងនៅជាមួយមិត្តសម្លាញ់របស់យើងតរៀងទៅ។ ដូច្នេះបងប្អូន ក្នុងអាទិត្យថ្ងៃនេះ សូមបងប្អូន​រិះ​គិត​ពិចារណា តើបងប្អូនមានមិត្តភក្តិ ជាគ្រីស្តបរិស័ទឬអត់? សូមបងប្អូនថ្លែងអំណរព្រះគុណ ដល់​ព្រះជាម្ចាស់ ហើយសូមបងប្អូនជួយឱ្យមិត្តភក្តិ នៅជុំវិញបងប្អូន ស្គាល់ពីសេចក្ដីស្រឡាញ់​របស់​ព្រះយេ​ស៊ូ​គ្រីស្ត ដែលព្រះអង្គទ្រង់បង្រៀនឱ្យយើង ចេះស្រឡាញ់គ្នាទៅវិញទៅមក តាមរបៀបត្រឹមត្រូវ តាមរ​បៀប​ជា​មិត្តភក្តិ ក្នុងអង្គព្រះយេស៊ូគ្រីស្ត។

នេះគឺជាគំនិតមួយ សម្រាប់ថ្ងៃអាទិត្យនេះ ប្រហែលសម្រាប់បុណ្យចម្លង យើង​ហ៊ានហៅមិត្តភក្តិរបស់យើង ចូលរួមពិធីបុណ្យនានា ឱ្យពួកគេចាប់ផ្ដើមមានបទពិសោធន៍នេះ បទ​ពិសោធន៍​នៃព្រះវត្តមានរបស់ព្រះអង្គ ឱ្យពួកគេចាប់ផ្ដើមយល់ ពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ដែល​ទ្រង់​បានស្រឡាញ់យើងយ៉ាងណា ព្រះអង្គក៏ប្រទានព្រះបុត្រាព្រះអង្គ យាងមកលើផែនដី សោយទុក្ខ​លំបាក សោយទីវង្គតលើព្រះឈើឆ្កាង ដោយសារអំពើបាបរបស់យើង និងមានព្រះជន្ម​រស់ឡើងវិញ ឱ្យយើងគង់នៅជាមួយព្រះអង្គ ហើយ​ព្រះអង្គ​ទ្រង់គង់នៅជាមួយយើង អស់កល្បជានិច្ចតរៀងទៅ។

 

Daily Program

Livesteam thumbnail