ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ អត្ថបទគម្ពីរយ៉ូហាន ៧,១-២.១០.២៥-៣០អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី

នៅក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អនៅថ្ងៃនេះ គឺយើងបានឮអំពី បុណ្យបារ៉ាំ ដែលជាបុណ្យ​នៃ​ប្រពៃ​ណី​ជាតិ​យូ​ដា ដែលគេតែងតែធ្វើ ហើយព្រះយេស៊ូក៏បានយាងចូលរួមក្នុងពិធីបុណ្យជាមួយគេ នៅក្នុងធម្មសាលា ដូចមនុស្សដទៃទៀតផងដែរ។

បងប្អូនដទៃទៀតគេស្គាល់ព្រះយេស៊ូជាអ្នកណា ជាកូនលោកយ៉ូសែប ជាកូនរបស់នាងម៉ារី នឹងព្រះអង្គជា​អ្នក​ណាថែមទៀតផងដែរ។ ក៏ប៉ុន្តែ គេនៅតែសួរ គេស្គាល់ព្រះយេស៊ូមកពីណា ជាអ្នកណា ហើយ​អ្វី​ដែល​គេ​សួរនេះ គឺមិនមែនចង់ស្គាល់ព្រះអង្គទេ គេសួរចង់រកមធ្យោបាយដើម្បីសម្លាប់ព្រះយេស៊ូ។

ក៏ប៉ុន្តែព្រះយេស៊ូប្រាប់ថា៖"អ្នករាល់គ្នា សួរខ្ញុំ ដឹងខ្ញុំមកពីណា ជាកូនរបស់នរណា មកពីណា ស្គាល់ហើយ ហេតុ​អ្វីសួរទៀត?"  សេចក្ដីពិតដែលព្រះយេស៊ូមាន គឺព្រះអង្គមិនមែនមកក្នុងនាមព្រះអង្គផ្ទាល់ទេ គឺ​ព្រះជា​ម្ចាស់​ដែលគង់នៅស្ថានបរមសុខ ដែលចាត់ព្រះអង្គឱ្យយាងមក។ ព្រះជាម្ចាស់បានចាត់​ព្រះយេ​ស៊ូ​ឱ្យ​យាងមក ដើម្បីអ្វីនៅលើផែនដីនេះ?

ដោយសារព្រះជាម្ចាស់មើលឃើញភពផែនដីរបស់យើងមានចំណុចខ្មៅជាច្រើន ដែលយើងហៅថា អំពើ​បាប។ អំពើបាបដែលមនុស្សកំពុងតែមានសព្វថ្ងៃ៖ ការកាប់សម្លាប់គ្នា ការឈ្នានីសគ្នា ការចង់មាន​ចង់​បាន​​មិនចេះស្កប់ស្កល់ ការមិនចេះអភ័យទោសឱ្យគ្នា ជាដើម។

ហេតុនេះ ព្រះជាម្ចាស់បានចាត់ព្រះយេស៊ូឱ្យយាងមក ដើម្បីសម្រុះសម្រួលមនុស្សលោក។ ក៏ប៉ុន្តែ បងប្អូន​ឃើញថា មនុស្សលោកមិនចង់ស្ដាប់ព្រះយេស៊ូទេ ផ្ទុយទៅវិញ មនុស្សលោករកគ្រប់មធ្យោ​បាយ​ដើម្បី​​សម្លាប់ព្រះយេស៊ូ។ កាលដែលយើងបានឮក្នុងព្រះគម្ពីរថា នៅពេលនោះ ដោយសារមនុស្សច្រើនពេក គេ​រកលេសដើម្បីចោទប្រកាន់ព្រះអង្គឱ្យបាន នឹងបន្តិចទៀតយើងឃើញថា ពិតមែន ចង់ឬមិនចង់ គេត្រូវតែ​សម្លាប់​ព្រះអង្គ សម្លាប់ព្រះអង្គ។ អំពើបាបដែលមនុស្សមាន គឺជារឿងមួយឃោរឃៅ៖ ស ប្រែទៅជាខ្មៅ ល្អ ប្រែទៅជាអាក្រក់

តើមនុស្សពេលណា ទើបមនុស្សយល់អំពីសេរីភាព? ពេលណាមនុស្សយល់អំពីសុភមង្គល? ពេលណា​មនុ​ស្ស​យល់​អំពីការលើកលែងទោស? ពេលណាមនុស្សចេះអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក? ពេលណា​មនុស្ស​ចេះរាប់អានគ្នាដូចជាបងប្អូន ទោះបីយើងនៅក្រុមគ្រួសារផ្សេងពីគ្នា ក៏យើងមានពូជ​ពង្សតែមួយ គឺ​ពូជ​ពង្សមនុស្សជាតិ។ ដោយសារស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ព្រះអង្គបានបង្កើតពិភពលោក បក្សាបក្សី ត្រីសមុទ្រ ភ្នំ ទឹក អ្វីៗទាំងអស់ ហើយព្រះជាម្ចាស់ក៏បានបង្កើតយើងជាមនុស្ស​ឱ្យមានលក្ខណៈ​ដូច​គ្នា​​៖ ឱ្យយើងមានភ្នែកសម្រាប់មើល ឱ្យយើងមានមាត់សម្រាប់និយាយ ឱ្យយើងមានច្រមុះសម្រាប់ដកដង្ហើម

ឱ្យយើងមានត្រចៀកសម្រាប់ស្ដាប់ ឱ្យយើងមានខួរក្បាលដើម្បីត្រិះរិះពិចារណា អ្វីដែលល្អ អ្វីដែលមិនល្អ អ្វី​ដែលគួរធ្វើ អ្វីដែលមិនគួរធ្វើ។ សូមឱ្យមនុស្សលោកចេះ​យកព្រះបន្ទូលរបស់​ព្រះជា​ម្ចាស់​ទៅ​អនុវត្ត​ខ្លះ​ផង ដើម្បីឱ្យពិភពលោករបស់យើងមានពន្លឺ ដើម្បីឱ្យពិភពលោករបស់យើងមានសន្តិភាព ដើម្បីឱ្យពិភព​លោក​យើងមានសេចក្ដីស្រឡាញ់។ កុំឱ្យយើងគិតតែអាត្មានិយមតែខ្លួនឯងតែប៉ុណ្ណោះទេ ផ្ទុយទៅវិញ សូមឱ្យមនុស្សម្នាក់ៗចេះបើកចិត្ត ដើម្បីទទួល និងដើម្បីធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់៕​

 

Daily Program

Livesteam thumbnail