ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦អត្ថបទគម្ពីរ ម៉ាកុស (២,១-១២)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី
នៅក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អម៉ាកុស២,១-១២ គឺរៀបរាប់រ៉ាយរ៉ាប់អំពីបុរស៤ នាក់ ដែលសែងអ្នកពិការខ្វិនដៃខ្វិនជើងម្នាក់មករកព្រះយេស៊ូ។ ឧបការគុណរបស់បុរស៤នាក់នេះ នាំឱ្យបុរសពិការទទួលបានការសង្គ្រោះ។ ចំណុចដ៏សំខាន់នេះ គឺជាជីវិតរបស់យើងផ្ទាល់ដែលទទួលបានការសង្គ្រោះតាមរយៈអ្នកដទៃ គេជួយយើង យើងស្គាល់ព្រះយេស៊ូ តាមជំនឿជាគ្រីស្ដបរិស័ទ តាមរយៈលោកបូជាចារ្យ បងស្រី និងបងប្អូនដទៃៗទៀតដែលគេបានស្គាល់ព្រះយេស៊ូមុនយើង។
ចំណុចទីមួយ៖ ដោយសារបុរសទាំង៤នោះស្គាល់ព្រះយេស៊ូ ហើយគាត់មានជំនឿលើព្រះអង្គ ជំនឿរបស់បុរសទាំង៤មិនគ្រាន់តែជឿដើម្បីតែខ្លួនឯងប៉ុណ្ណោះទេ គាត់បានបង្ហាញអំពីជំនឿតាមរយៈទង្វើរបស់គាត់ គឺយកបុរសខ្វិនដៃខ្វិនជើងទៅជួបព្រះយេស៊ូ ដើម្បីទទួលបានការសង្គ្រោះ។ ជំនឿតែងតែបង្ហាញសេចក្ដីស្រឡាញ់។ ពេលណាដែលយើងមានជំនឿប្រាកដ យើងនឹងធ្វើតែទង្វើល្អ ទង្វើដែលមានចិត្តធម៌ ទង្វើដែលមានចិត្តស្រឡាញ់ និងទង្វើដែលនាំឱ្យគេបានស្គាល់ការសង្គ្រោះ ស្គាល់ព្រះគ្រីស្ដជាព្រះបុត្រារបស់ព្រះជាម្ចាស់។
ចំណុចទីពីរ៖ អំពើបាបធំបំផុតដែលបុរសពិការនេះមាន គឺអំពើបាបខាងព្រលឹងវិញ្ញាណ។ មុនព្រះយេស៊ូព្យាបាលគាត់ ព្រះយេស៊ូបានអត់ទោសឱ្យគាត់បានរួចពីបាប។ "កូនអើយ ខ្ញុំអត់ទោសឱ្យកូនបានរួចពីបាបហើយ។ បន្ទាប់មកគឺព្រះយេស៊ូបានព្យាបាលរូបកាយរបស់គាត់ឱ្យដើរបាន។ ប៉ុន្តែដោយសារជំនឿរបស់គាត់តាមរយៈបុរសទាំង៤នាក់ និងជំនឿរបស់ខ្លួនផងទើបបុរសពិការទទួលបានការសង្គ្រោះ។
ចំណុចទីបី៖ ការចេះអរគុណព្រះជាម្ចាស់ យើងឃើញបុរសពិការ គាត់ទទួលបានការសង្គ្រោះតាមរយៈបុរស៤ នាក់នេះដែលគាត់ជួយលើក ជួយសែង ឱ្យមកជួបព្រះយេស៊ូ និងពេលក្រោយគាត់ទទួលបានការសង្គ្រោះទាំងព្រលឹងវិញ្ញាណរបស់គាត់ ទាំងរូបកាយរបស់គាត់ ហេតុនេះគាត់ចេះដឹងគុណ។ មនុស្សយើងម្នាក់ៗ ប្រសិនបើយើងអត់ចេះដឹងគុណទេ យើងមិនអាចរីកចម្រើនបានដែរ។ ក៏ប៉ុន្តែប្រសិនបើយើងចេះដឹងគុណ នាំឱ្យយើងរីកចម្រើន នាំឱ្យយើងរស់នៅសម្បូរសប្បាយ នាំឱ្យយើងរស់នៅមានសុភមង្គល នាំឱ្យយើងរស់នៅមានសេចក្ដីសុខសាន្ត នាំឱ្យយើងរស់នៅដែលប្រកបទៅដោយសីលធម៌ សុជីវធម៌ និងគុណធម៌នៅក្នុងជីវិតរបស់យើង។
បងប្អូនជាទីស្រឡាញ់! យើងជាគ្រីស្ដបរិស័ទកាតូលិក ពេលណាយើងទទួលអគ្គសញ្ញាជ្រមុជទឹក គប្បីយើងត្រូវចេះអរគុណព្រះជាម្ចាស់។ កាលពីមុនខ្ញុំជាមនុស្សខ្វាក់ កាលពីមុនខ្ញុំជាមនុស្សពិការ កាលពីមុនខ្ញុំជាមនុស្សដែលមិនចេះស្ដាប់ កាលពីមុនខ្ញុំជាមនុស្សដែលមិនចេះមើល ក៏ប៉ុន្តែឥឡូវនេះ ព្រះជាម្ចាស់បានសង្គ្រោះខ្ញុំឱ្យខ្ញុំចេះបើកភ្នែក បើកមាត់ បើកត្រចៀក បើកចិត្តដើម្បីមើល ហើយត្រូវចេះអរគុណព្រះជាម្ចាស់ដែលព្រះអង្គបានសង្គ្រោះខ្ញុំឱ្យរួចពីបាប។ ហេតុនេះសម្រាប់ជីវិតយើងម្នាក់ៗ ប្រសិនបើយើងមិនចេះអរគុណព្រះជាម្ចាស់ យើងមិនអាចរីកចម្រើនបានឡើយ។ យើងត្រូវតែចេះអរព្រះគុណ ចេះដឹងគុណ និងរស់នៅឱ្យបានល្អក្នុងនាមជាគ្រីស្ដបរិស័ទ ក្នុងនាមជានាក់ជឿ។ អាម៉ែន៕