ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥អត្ថបទគម្ពីរ ម៉ាថាយ ១៧,៩-១៣អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន
ដូច្នេះព្យាការីអេលីបានមកហើយ ប៉ុន្តែប្រជាជនអត់ចង់ជួប អត់ចង់ស្ដាប់ អត់ចង់ទទួលព្រះអង្គ។ ដូច្នេះ ប្រជាជនដែលមានចិត្តរឹងរូស គេចង់រស់នៅដោយសេរីភាព ដោយចិត្តគំនិតខ្លួនឯងធ្វើតាមអ្វីដែលខ្លួនពេញចិត្ត។ សេចក្ដីនេះ សឲ្យឃើញថាចិត្តគំនិតរបស់មនុស្សយើង អ្វីដែលយើងចូលចិត្ត អ្វីដែលយើងចង់បាន គឺចង់បំពេញតាមបំណងរបស់យើងតែប៉ុណ្ណោះ។
ព្រះយេស៊ូបានទតឃើញហើយក៏មានការសោកស្ដាយចំពោះប្រជាជនរបស់ព្រះអង្គដែលមានចិត្តគំនិតរឹងរូស មិនព្រមទទួលព្រះអម្ចាស់ពេលយាងមក សេចក្ដីនេះ ឲ្យយើងម្នាក់ៗពិនិត្យ និងរិះគិតពិចារណា នៅក្នុងអាទិត្យទី២ នៃរដូវរងចាំនេះដែលព្យាការីបានមកថ្លែងព្រះបន្ទូលដល់យើង។ តើយើងបានយកចិត្ត ទុកដាក់ស្ដាប់ព្រះបន្ទូលព្រមទាំងចង់រស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយឬនៅ?
បងប្អូនជាទីស្រឡាញ់ពីមួយថ្ងៃទៅមួយថ្ងៃសូមឲ្យបងប្អូនយកពេលវេលា ដើម្បីពិនិត្យមើលនៅក្នុងចិត្តដួងចិត្តរបស់យើង តើយើងបានបើកចិត្តគំនិតសម្រាប់ព្រះជាម្ចាស់ហើយឬនៅ? តើព្រះបន្ទូលដែលយើង បានស្ដាប់ យើងបានមកអនុវត្តក្នុងជីវិតរបស់យើងហើយឬនៅ? កុំឲ្យពេលវេលាដែលកន្លងផុតទៅទាំងការសោកស្ដាយ ខកខានប្រព្រឹត្ត។
រដូវរងចាំអាទិត្យទី២ នេះជាពេលវេលាល្អ ដើម្បីឲ្យយើងមានពេលសញ្ជឹងគិត ឲ្យយើងមានពេលមើលព្រះជាម្ចាស់! មើលសកម្មភាពរបស់ព្រះយេស៊ូដែលព្រះយេស៊ូបានមករកប្រជាជនរបស់ព្រះអង្គ មកបម្រើគេ ស្រឡាញ់គេ ព្រមទាំងបណ្ដេញសេចក្ដីអាក្រក់ទាំងឡាយ។ ជា គ្រីស្តបរិស័ទយើងបានទទួលអំណោយទាននេះហើយ អំណោយទានដែលព្រះយេស៊ូប្រទាន ឲ្យយើង ឲ្យធ្វើកិច្ចការដែលព្រះយេស៊ូធ្វើ ដើម្បីប្រកាសដំណឹងល្អដែលយើង បានទទួលហើយក៏ឲ្យយើងបំពេញកិច្ចការនេះក្នុងនាមព្រះយេស៊ូ។
នៅក្នុងអាទិត្យទី២នេះ ខ្ញុំក៏សូមលើកតម្កើងនិងអរព្រះគុណព្រះជាម្ចាស់ ឲ្យចិត្តរំពឹងរងចាំរបស់យើង គឺមានចិត្តសទ្ធាជឿថ្លា មានចិត្តអំណរដោយចង់ជួប ចង់ឃើញព្រះយេស៊ូនៅពេលដែលយើងជួបឃើញបងប្អូនយើងមានទុក្ខលំបាកមានក្ដីអស់សង្ឃឹមជាច្រើនមានបញ្ហាផ្សេងៗ ជាច្រើនក្នុងជីវិត។សូមបងប្អូនគិតថា តើខ្ញុំបានប្រើពេលវេលា តើខ្ញុំបានបើកចិត្តខ្ញុំ ដើម្បីសម្ដែងមេត្តាករុណារបស់ព្រះយេស៊ូ ហើយឬនៅ?
បងប្អូនជាទីស្រឡាញ់សូមបងប្អូនចែកព្រះបន្ទូល ដល់បងប្អូនដ៏ទៃទៀត ជាពិសេសអស់អ្នកដែលកំពុងរងទុក្ខលំបាក និងកំពុងស្វែងរកពន្លឺពីព្រះអង្គ។ នៅពេលដែលយើងចែកព្រះបន្ទូលនៅពេលយើងផ្ដល់ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើឲ្យជំនឿរបស់យើងថ្វេរឡើង។ ផ្ទុយពីយើងចែកសម្ភារៈលុយកាក់ នោះនឹងមានតិចទៅៗទៅ! តែចែកជំនឿ គឺធ្វើឲ្យជំនឿរបស់យើងសេចក្តីស្រឡាញ់របស់យើង នឹងគាប់ព្រះហឫទ័យព្រះជាម្ចាស់ច្រើនឡើងៗ។ អាមែន៕