ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ អត្ថបទគម្ពីរ យ៉ូហាន ៤,៥-៤២អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ គង់ វៀល

ជម្រាបសួរ បងប្អូនទាំងអស់គ្នា! ថ្ងៃនេះជាថ្ងៃពិសេសជាទិវាសិទ្ធិនារីអន្តរជាតិ។ ខ្ញុំសូមជូនពរដល់ស្ត្រីទាំង អស់​ដែ​លកំពុងស្តាប់ធម្មទេសនានេះ ឱ្យមានសេចក្តីសុខ និងកម្លាំងចិត្តក្នុងការស្វែងរកព្រះហឫទ័យរបស់ ព្រះអង្គ។

ក្នុងព្រះគម្ពីរថ្ងៃនេះ យើងបានឃើញនាងសាម៉ារី ដែលជាគំរូដ៏អស្ចារ្យសម្រាប់ស្ត្រីទូទាំងពិភពលោក ៖នាង មិនមែនជាសាសន៍យូដា ហើយក៏មិនមែនជាអ្នកដែលឧស្សាហ៍ទៅវត្ត ឬវិហារដែរ។ ពេលនាងបានជួប ព្រះយេស៊ូដោយចៃដន្យនៅពេលដែលនាងកំពុងទៅដងទឹកដើម្បីចិញ្ចឹមជីវិត និងគ្រួសារ។ ព្រះយេស៊ូបាន​ បន្ទាបខ្លួនសុំទឹកនាងពិសារ ដោយមានព្រះបន្ទូលថា៖ «ខ្ញុំសុំទឹកទទួលទានបន្តិច»។

វាជារឿងដ៏អស្ចារ្យដែលព្រះយេស៊ូជាព្រះដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះដែលបង្កើតជីវិតដល់យើង បែរជាមក បន្ទាបខ្លួនសុំទឹកពីនាងសាម៉ារីទៅវិញ។ ព្រះអង្គបានធ្វើជា«អ្នកសុំទាន»ដើម្បីឱ្យយើងដែលជាមនុស្សមាន ចិត្តចង្អៀតចង្អល់ ចាប់ផ្តើមមានចិត្តសប្បុរសឡើងវិញ។

មិនថាបងប្អូនជាអ្នកមាន ឬអ្នកក្រជាបុរស ឬស្ត្រី ជាជនជាតិខ្មែរ ឬបរទេសនោះទេ យើងសុទ្ធតែមាន ឱកាសបង្ហាញចិត្តមេត្តាចំពោះព្រះអង្គ។ ជាពិសេសក្នុងរដូវនេះ នៅពេលដែលយើងមើលទៅព្រះអង្គ ដែលរងទុក្ខនៅលើឈើឆ្កាង យើងមានឱកាសធ្វើឱ្យចិត្តយើងស្ងប់ និងមានចិត្តមេត្តាចំពោះទុក្ខលំបាក របស់ ព្រះអង្គដែលរងគ្រោះដោយសារអំពើបាបរបស់យើង។

កាលពីប៉ុន្មានឆ្នាំមុន សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានយាងមកកាន់ប្រទេសសៀម (ថៃ) ហើយព្រះអង្គបាន មានព្រះបន្ទូលដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង។ ព្រះអង្គបានសួរថា៖ «តើសាសនទូតជាអ្នកណា? តើអ្នកណាជាអ្នកផ្សព្វផ្សាយដំណឹងល្អ?»«សាសនទូត ឬអ្នកផ្សព្វផ្សាយដំណឹងល្អ គឺជាបុគ្គលម្នាក់ដែល ចេះទទួលទានពីអ្នកដទៃ»។

ជាធម្មតាយើងតែងគិតថា សាសនទូតត្រូវតែជាអ្នកពូកែជួយអ្នកក្រ ពូកែរៀបចំសកម្មភាព ឬពូកែចែក អំណោយ។ ប៉ុន្តែសម្តេចប៉ាបបានបង្រៀនយើងថា អ្នកផ្សព្វផ្សាយដំណឹងល្អ គឺជាអ្នកដែលចេះសុំទានពីគេ ចេះជួយអ្នកដទៃឱ្យមានចិត្តសប្បុរស និងឱ្យគេដឹងថាក្នុងនាមជាបុត្រាបុត្រីរបស់ព្រះ យើងមានកិត្តិយស ណាស់នៅពេលដែលយើងបានចូលរួមក្នុងសប្បុរសធម៌របស់ព្រះអង្គ។

ក្នុងសប្ដាហ៍នេះ ខ្ញុំសូមឱ្យបងប្អូនពិចារណាអំពីរបៀបដែលបងប្អូនអាចចូលរួម ក្នុងសប្បុរសធម៌របស់ ព្រះអង្គ។ ទោះបីជាបងប្អូនខ្វះខាតទ្រព្យសម្បត្តិយ៉ាងណាក៏ដោយសូមចងចាំថាការមានចិត្តសប្បុរស និងការបន្ទាបខ្លួន គឺជាកិត្តិយសដ៏ធំធេងក្នុងនាមជាបុត្ររបស់ព្រះជាម្ចាស់៕​

 

Daily Program

Livesteam thumbnail