ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦អត្ថបទគម្ពីរម៉ាថាយ ២១,៣៣-៤៣.៤៥-៤៦ អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី

នៅក្នុងព្រះគម្ពីរដំណឹងល្អនៅថ្ងៃនេះ ព្រះយេស៊ូបានលើកឡើងអំពីចម្ការទំពាំងបាយជូរ។ ច​ម្ការ​​​ទំពាំង​​ បាយជូរដែលគេបានដាំ ក្រោយមកចម្ការនោះទុំហើយម្ចាស់​ចម្ការបានចាត់អ្នកបម្រើរបស់គាត់ឱ្យទៅ ប្រមូលផល។

និយាយដល់ចំនុចនេះប្រហែលជាយើងឆ្ងល់ថា តើអ្នកណាជាម្ចាស់ចម្ការ? ច្បាស់ណាស់យើង ដឹងហើយ ថា ព្រះជាម្ចាស់គឺជាម្ចាស់ចម្ការ។ ទំពាំងបាយជូ​រគឺជាព្រះសហគមន៍យើងសព្វថ្ងៃ ហើយអ្នកដែលត្រូវ ប្រកាសដំណឹងល្អតាំងពីសម័យមុន គឺមានព្យាការីផ្សេងៗដែលព្រះជាម្ចាស់បានចាត់ឱ្យមក។ ក៏ប៉ុន្តែ! ជន ជាតិអ៊ីស្រាអែលនៅសម័យនោះ គេបានសម្លាប់ព្យាការីស្ទើរតែទាំងអស់។ គេមិនតែសម្លាប់ថែម​ទាំង មើល ងាយពួកគាត់ទៀតផង រហូតដល់ពេលចុងក្រោយ ព្រះជាម្ចាស់បានប្រទានបុត្រារបស់ព្រះអង្គគឺ ព្រះយេ ស៊ូ។ ព្រះអង្គគិតថា ពេលកូនរបស់គាត់មក នឹងមិនមានអ្នកណាហ៊ានសម្លាប់ទេ ក៏ប៉ុន្តែកសិករ នៅ តែ មានចិត្តលោភលន់ ហើយនឹងសម្លាប់បុត្រារបស់ព្រះអង្គផងដែរ។

បងប្អូនជាទីស្រឡាញ់! ក្នុងអត្ថបទព្រះគម្ពីរនេះនាំឱ្យយើងដឹងខ្លួនថា ​ជួន​កាលយើ​ង​ជា​ក​សិករដែល មិន ស្តាប់ម្ចាស់របស់ខ្លួន! យើងមិនបានស្ដាប់អ្នកណែនាំ យើងមើលតែតម្រូវការផ្ទាល់ខ្លួន មិនបានមើលឃើញ ពីតម្រូវការរបស់អ្នកដទៃ។ យើងគិតតែពីអាត្មានិយម សម្លាប់អ្នកដទៃដើម្បីបានទ្រព្យសម្បត្តិ និងធ្វើបាប អ្នកដទៃសម្រាប់ផលប្រយោជន៍ខ្លួនឯង។

សព្វថ្ងៃនេះ ពិភពលោកកំពុងតែវិលវល់មនុស្សគិតថាខ្លួនឯងល្អប្រសើរ និងត្រឹមត្រូវហើយអ្នកដទៃ មិន ដូចខ្លួនទេ។ មនុស្សស្ទើរតែទាំងអស់មិនដែលទទួលស្គាល់ថាខ្លួនឯងខុសឡើយ។ មានពេលខ្លះ យើង មិន​បានសម្លាប់គេដោយអាវុធទេ ប៉ុន្តែ! យើងសម្លាប់គ្នាដោយសារពាក្យសម្ដី តាមរយៈបច្ចេកវិទ្យា និង បណ្ដាញ​សង្គមដូចជា Facebook, Telegram, WhatsApp, Instagram ជាដើម។

បងប្អូនជាទីស្រឡាញ់ យើងត្រូវអធិដ្ឋានឱ្យបានច្រើន ដើម្បីឱ្យព្រះជាម្ចាស់កែ​ប្រែចិត្តគំនិត ឱ្យមនុស្ស ចេះយល់គ្នា ចេះស្ដាប់គ្នា និងចេះលើកលែងទោសព្រមទាំងអភ័យទោសឱ្យគ្នាផងដែរ។ អាម៉ែន៕

 

Daily Program

Livesteam thumbnail
khmer popup image