អ្នកជំនាញ និងអង្គការសង្គមស៊ីវិល អំពាវនាវឱ្យរាជរដ្ឋាភិបាលដំឡើងពន្ធសុខភាពលើភេសជ្ជៈប៉ូវកម្លាំង ដើម្បីកាត់បន្ថយជំងឺមិនឆ្លងក្នុងស្រទាប់យុវវ័យ
អ្នកជំនាញសុខាភិបាល និងតំណាងអង្គការសង្គមស៊ីវិល បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះនិន្នាការនៃការកើនឡើងការបរិភោគភេសជ្ជៈប៉ូវកម្លាំង និងភេសជ្ជៈដែលមានជាតិផ្អែមក្នុងចំណោមយុវជនអាយុក្រោម ៣០ ឆ្នាំ ដែលជាកត្តាប្រឈមចម្បងធ្វើឱ្យកើតមានជំងឺមិនឆ្លង (NCDs) កាន់តែច្រើននៅក្នុងស្រទាប់យុវវ័យ។
លោក នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹងថា ការតាមដាន និងសង្កេតកន្លងមកបង្ហាញថា ការប្រើប្រាស់ភេសជ្ជៈប៉ូវកម្លាំងក្នុងចំណោមយុវវ័យក្រោមអាយុ ៣០ ឆ្នាំ មានការកើនឡើងខ្ពស់ ដែលនិន្នាការនេះមិនត្រឹមតែនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកើតមាននៅតាមបណ្តាប្រទេសជិតខាងផងដែរ។
លោកបានគូសបញ្ជាក់ថា៖ «ផលប៉ះពាល់សុខភាពមានច្រើន បន្ទាប់ពីគាត់ប្រើប្រាស់វារហូតដល់ញៀន ដែលធ្វើឱ្យគាត់ប្រឈមមុខនឹងជំងឺមិនឆ្លង ដូចជា ជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម ជំងឺសរសៃឈាមបេះដូង និងបញ្ហាក្រពះពោះវៀនជាដើម»។
ជាមួយគ្នានេះដែរ លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានលើកឡើងថា ភេសជ្ជៈប៉ូវកម្លាំងកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់យុវជន និងកុមារ ដែលជាហានិភ័យដ៏ធ្ងន់ធ្ងរសម្រាប់សង្គមជាតិ។ លោកបានអំពាវនាវឱ្យរាជរដ្ឋាភិបាលពិចារណាដំឡើងពន្ធសុខភាព និងអាករពិសេសលើភេសជ្ជៈទាំងនោះ ព្រមទាំងបង្កើនពន្ធលើការផ្សាយពាណិជ្ជកម្ម ដើម្បីកាត់បន្ថយការប្រើប្រាស់។
លោកបានបន្ថែមថា៖ «រដ្ឋត្រូវតែទទួលខុសត្រូវលើបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ ប្រសិនបើរដ្ឋមិនទប់ស្កាត់ទេ រដ្ឋនឹងត្រូវចំណាយថវិការបស់ជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់លើការដោះស្រាយបញ្ហាសុខភាព និងផលប៉ះពាល់សង្គមផ្សេងៗនាពេលអនាគត»។
យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ស្ថាប័ន Astute Analytica ស្ដីពីទីផ្សារភេសជ្ជៈប៉ូវកម្លាំង បានបង្ហាញថា ទីផ្សារភេសជ្ជៈប៉ូវកម្លាំងនៅកម្ពុជាមានតម្លៃរហូតដល់ ៤៩.៣៣ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ ហើយត្រូវបានព្យាករណ៍ថានឹងកើនឡើងលើស ៨២.៣១ លានដុល្លារអាមេរិក នៅឆ្នាំ២០៣២។
កត្តាជំរុញដ៏សំខាន់នៃកំណើនទីផ្សារនេះ រួមមាន៖
រចនាសម្ព័ន្ធប្រជាសាស្ត្រ៖ ប្រជាជនកម្ពុជាប្រមាណ ៦០ ភាគរយ មានអាយុក្រោម ៣០ ឆ្នាំ ដែលជាក្រុមអ្នកប្រើប្រាស់គោលដៅធំបំផុត។
កំណើននគរូបនីយកម្ម និងប្រាក់ចំណូល៖ ការកើនឡើងនៃរបៀបរស់នៅក្នុងក្រុង និងប្រាក់ចំណូល បានបង្កើនសមត្ថភាពទិញទំនិញប្រើប្រាស់ដែលមានតម្លៃទាប។
ការផ្លាស់ប្តូរទម្លាប់សង្គម៖ យុវជនទីក្រុង និងអ្នកមានការអប់រំ និយមជ្រើសរើសភេសជ្ជៈប៉ូវកម្លាំងជំនួសគ្រឿងស្រវឹងក្នុងជំនួបសង្គមផ្សេងៗ ដោយសារយល់ថាជាជម្រើសដែលមានផលប៉ះពាល់តិចជាង។
ការរីកចម្រើនផ្នែកឌីជីថល៖ ការប្រើប្រាស់ស្មាតហ្វូន និងបណ្តាញសង្គមកើនឡើង បានជួយសម្រួលដល់ការផ្សព្វផ្សាយ និងការទាក់ទាញអតិថិជនវ័យក្មេងយ៉ាងសកម្ម។
ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ដដែលបានកត់សម្គាល់ថា បច្ចុប្បន្នអ្នកប្រើប្រាស់ក្នុងស្រុកបាននិងកំពុងចាប់ផ្តើមផ្លាស់ប្តូរឥរិយាបថទៅរកជម្រើសដែលមានសុខភាពល្អជាងមុន ស្របតាមនិន្នាការសកលលោក។ ក្នុងនោះ អ្នកប្រើប្រាស់ប្រមាណ ៣០ ភាគរយ នៅកម្ពុជា បានទទួលស្គាល់ពីផលប៉ះពាល់អវិជ្ជមាននៃភេសជ្ជៈប៉ូវកម្លាំងលើសុខភាព ដែលកត្តានេះបានបណ្តាលឱ្យការទទួលទានក្នុងចំណោមយុវវ័យមានការថយចុះ ១២ ភាគរយ នាពេលថ្មីៗនេះ។
ទន្ទឹមនឹងនេះ វិធានការ និងបទប្បញ្ញត្តិរឹតបន្តឹងរបស់រាជរដ្ឋាភិបាលលើភេសជ្ជៈដែលមានជាតិស្ករ និងជាតិកាហ្វេអ៊ីនខ្ពស់ ក៏កំពុងបង្កើនរបាំងពន្ធ និងចំណាយប្រតិបត្តិការសម្រាប់អ្នកផ្គត់ផ្គង់ ដែលចូលរួមចំណែកកាត់បន្ថយតម្រូវការលើផលិតផលទាំងនេះនៅលើទីផ្សារផងដែរ៕
