ពលរដ្ឋត្អូញត្អែរ «រកចំណូលតឹង ងាកមកសាំងឡើងថ្លៃ» បង្កសម្ពាធបន្ថែមលើជីវភាពប្រចាំថ្ងៃ
នៅក្នុងប៉ុន្មានថ្ងៃនេះ តម្លៃប្រេងសាំងលក់រាយនៅក្នុងប្រទេសកម្ពុជាហាក់ហក់កើនឡើងបន្តិច ស្របពេលដែលប្រជាពលរដ្ឋសម្តែងការត្អូញត្អែរថា ស្ថានភាពជីវភាពរស់នៅកំពុងជួបការលំបាកស្រាប់ ហើយការឡើងថ្លៃនៃប្រេងឥន្ធនៈបានជះឥទ្ធិពលអាក្រក់ និងបង្កសម្ពាធយ៉ាងខ្លាំងដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។
អ្នកស្រី លី រតនា អាជីវករលក់ផ្លែឈើក្បែរផ្សារអូរឫស្សី បានឱ្យដឹងថា ចំណូលរបស់អ្នកស្រីកំពុងរងផលប៉ះពាល់ដោយសារស្ថានភាពសេដ្ឋកិច្ចមិនទាន់ដំណើរការល្អ ហើយកាន់តែប្រឈមខ្លាំងនៅពេលតម្លៃសាំងឡើងថ្លៃ ដោយសារអ្នកស្រីត្រូវចំណាយលើសាំងច្រើនសម្រាប់ដឹកជញ្ជូនទំនិញទៅកាន់ផ្ទះអតិថិជន។
ស្ត្រីវ័យ ៤០ ឆ្នាំរូបនេះ បានរៀបរាប់ថា៖ «ក្នុងមួយថ្ងៃអ្នកស្រីរកចំណូលបានដប់ទៅ ២០ ដុល្លារ យើងចាត់ចែងទៅវិញទៅមក សល់ពីរបីម៉ឺនអ៊ីចឹងទៅ។ តែសព្វថ្ងៃការលក់ដូរវាខ្សោយ រកមិនសូវបាន ហើយសាំងឥឡូវឡើងទៀត ទៅវិញទៅមកបានតែមួយទប់ មិនសល់អ្វីសោះ»។ អ្នកស្រីបានបន្ថែមទៀតថា ជារឿយៗនៅពេលដែលសាំងឡើងថ្លៃ ទំនិញ និងម្ហូបអាហារផ្សេងៗក៏ឡើងថ្លៃទៅតាមនោះដែរ ដោយគ្មានការចុះថ្លៃឡើយ ដែលតម្រូវឱ្យអ្នកស្រីត្រូវត្បិតត្បៀតការចំណាយយ៉ាងខ្លាំង។
មិនមែនតែអាជីវករនោះទេ សូម្បីតែសិស្ស និស្សិត ក៏កំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។ កញ្ញា គឹម ស្រីនិច និស្សិតឆ្នាំទី ៣ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលមកពីខេត្តសៀមរាប ហើយបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលជាមួយមិត្តភក្តិនៅស្ទឹងមានជ័យ បានឱ្យដឹងថា ចម្ងាយពីបន្ទប់ជួលមកសាលារៀនមានប្រមាណ ១០ គីឡូម៉ែត្រ។ កញ្ញាត្រូវចំណាយថ្លៃសាំងប្រហែល ២០ ដុល្លារក្នុងមួយខែ ឬអាចលើសនេះ។
បើបូករួមទាំងថ្លៃអាហារ និងការស្នាក់នៅ កញ្ញាត្រូវចំណាយយ៉ាងតិច ១៣០ ដុល្លារក្នុងមួយខែ ខណៈចំណូលពីការងារក្រៅម៉ោងបានត្រឹមតែ ១០០ ដុល្លារ និងទទួលបានជំនួយពីគ្រួសារ ៥០ ដុល្លារប៉ុណ្ណោះ។ កញ្ញា ស្រីនិច បានបញ្ជាក់ថា៖ «វាពិបាករកលុយណាស់ ខណៈតម្លៃទំនិញកាន់តែឡើងថ្លៃ ហើយតម្លៃប្រេងសាំងក៏ឡើងថ្លៃទៀត... ទោះបីជាតម្លៃប្រេងសាំង និងហ្គាសឡើងថ្លៃ តែខ្ញុំមិនហ៊ានចាយវាយច្រើននោះទេ»។ កញ្ញាបានបន្ថែមថា ខែខ្លះខ្លួនត្រូវបង្ខំចិត្តកាត់បន្ថយការញ៉ាំ ដើម្បីសល់លុយចាក់សាំងធ្វើដំណើរទៅសិក្សា និងទៅធ្វើការ។
ដោយឡែក អ្នកប្រកបរបរដឹកជញ្ជូនក៏កំពុងជួបវិបត្តិប្រាក់ចំណេញដូចគ្នា។ លោក ហុង ឡៃហួរ អ្នកបើករថយន្តតាក់ស៊ីប្រភេទទួរីស រត់ផ្លូវឆ្ងាយពីភ្នំពេញទៅកាន់ខេត្តបាត់ដំបង បានរៀបរាប់ថា កាលពីខែមុន ការធ្វើដំណើរទៅមកភ្នំពេញ-បាត់ដំបង ចំណាយលើថ្លៃប្រេងម៉ាស៊ូតត្រឹមតែជាង ២០ ម៉ឺនរៀលប៉ុណ្ណោះ ប៉ុន្តែប៉ុន្មានថ្ងៃចុងក្រោយនេះ លោកត្រូវចំណាយរហូតដល់ជាង ៣០ ម៉ឺនរៀល ដែលខុសគ្នាជិត ១០ ម៉ឺនរៀល។
លោក ហុង ឡៃហួរ បានសម្តែងក្តីព្រួយបារម្ភថា៖ «បើប្រេងឡើងថ្លៃ រត់មិនចំណេញ ដេកផ្ទះ។ រកស៊ីអី? មានតែដេកផ្ទះសិនទៅ។ ចាំប្រេងចុះថោកចាំគិតទៀត។ បើជិះទៅវាមិនសល់លុយឱ្យធ្វើម៉េច?»។ លោកបានសំណូមពរចង់ឱ្យតម្លៃប្រេងសាំងចុះថោកវិញ ដើម្បីសម្រួលដល់ការប្រកបមុខរបរ បើមិនដូច្នេះទេ លោកប្រហែលជាត្រូវផ្អាកការបើកបរមួយរយៈពេល។
