កាកឡូ អាគូទីស ៖ ពីយុវជនស្រឡាញ់បច្ចេកវិទ្យា ឆ្ពោះទៅកាន់ «សាវក អ៊ីនធឺណិត» ដំបូងគេបង្អស់នៃព្រះសហគមន៍កាតូលិក
ក្នុងយុគសម័យដែលបច្ចេកវិទ្យា និងអ៊ីនធឺណិតគ្រប់ដណ្តបជីវិតប្រចាំថ្ងៃរបស់យុវជនកម្ពុជា ឬ ពិភពលោកទាំងមូល មនុស្សភាគច្រើនប្រើប្រាស់វាដើម្បីការកម្សាន្ត។ ប៉ុន្តែសម្រាប់ កាកឡូ អាគូទីស (Carlo Acutis) ដែលជាយុវជនជនជាតិអ៊ីតាលី លោកបានប្រើប្រាស់កុំព្យូទ័រ និង ជំនាញសរសេរកម្មវិធីរបស់ខ្លួន ដើម្បីបម្រើដល់ជំនឿសាសនា និងផ្សព្វផ្សាយពីអព្ភូតហេតុ នៃ ព្រះកាយព្រះគ្រីស្តរហូតទទួលបានរហស្សនាមដ៏ល្បីល្បាញថា «សាវកតាមអ៊ីនធឺណិត» (Cyber-Apostle)។
ភាពចាស់ទុំខាងវិញ្ញាណចាប់ផ្តើមតាំងពីវ័យកុមារ
កាកឡូ អាគូទីស កើតនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ១៩៩១ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ក្នុង គ្រួសារអភិជនដ៏មានទ្រព្យស្តុកស្តម្ភ និងជាកូនប្រុសតែមួយគត់របស់លោកអន់ឌ្រៀ អាគូទីស និងអ្នកស្រី អន់តូនៀ សាល់ហ្ស៉ាណូ។ បើទោះបីជាធំធាត់ឡើងក្នុងជីវភាពដ៏ស្តុកស្តម្ភក៏ដោយ ប៉ុន្តែចំណាប់អារម្មណ៍របស់កាកឡូ គឺស្ថិតនៅលើរឿងសាសនា និងការជួយអ្នកដទៃវិញ។
តាមរយៈការមើលថែទាំពីអតីតអ្នកថែទាំកុមារប៉ូឡូញម្នាក់ និងការខិតខំប្រឹងប្រែងរបស់ខ្លួន គឺ ចាប់ពីអាយុត្រឹម ៤ឆ្នាំកន្លះមកម្ល៉េះ កាកឡូ បានចាប់ផ្តើមសូត្រខ្សែអធិស្ឋាន រ៉ូសារី ជារៀងរាល់ ថ្ងៃ និងតែងតែសុំចូលព្រះវិហារ ដែលនិយាយថា ដើម្បី «ចូលទៅសួរសុខទុក្ខព្រះគ្រីស្ទ»។ ភាពចាស់ទុំដ៏កម្រនេះ បានធ្វើឱ្យបព្វជិតម្នាក់សម្រេចចិត្តអនុញ្ញាតឱ្យលោកទទួលពិធីរួមព្រះកាយជាលើកដំបូងតាំងពីអាយុទើបតែ ៧ឆ្នាំ ដែលជាការចាប់ផ្តើមនៃទម្លាប់ចូលរួមពិធីអភិបូជា មិនដែលខានរៀងរាល់ថ្ងៃ រហូតដល់ថ្ងៃចុងក្រោយនៃជីវិត។
យុវជនពូកែព័ត៌មានវិទ្យា និងមានទឹកចិត្តសប្បុរស
ក្រៅពីសេចក្តីជំនឿដ៏មុតមាំ កាកឡូ អាគូទីស គឺជាយុវជនសម័យថ្មីធម្មតាម្នាក់ដែលស្រឡាញ់ការលេងបាល់ទាត់ ស្រឡាញ់សត្វ និងមានជំនាញខាងព័ត៌មានវិទ្យា។ លោកចេះកាត់តវីដេអូ និងបង្កើតគេហទំព័រដោយខ្លួនឯង ព្រមទាំងបានរៀបចំការតាំងពិព័រណ៍តាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីបង្ហាញពីអព្ភូតហេតុនៃពិធីបុណ្យអរព្រះគុណទូទាំងពិភពលោក ដែលជាស្នាដៃដ៏ល្បីល្បាញបំផុតរបស់លោក។
ក្នុងនាមជាសិស្សនៅវិទ្យាស្ថាន ឡេអូ ទី៨ គ្រប់គ្រងដោយគណៈយេស្វីត លោកមិនត្រឹមតែជាគំរូផ្នែកវិន័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងហ៊ានការពារមិត្តរួមថ្នាក់ដែលពិការភាព ឬរងការបៀតបៀនពីគេទៀតផង។ រាល់ពេលទំនេរ លោកតែងតែយកប្រាក់ហោប៉ៅ និងពេលវេលារបស់ខ្លួន ទៅចុះសួរសុខទុក្ខមនុស្សចាស់ជរា និងជួយជនក្រីក្រដែលខ្វះខាត។ លោកតែងតែប្រៀបធៀបពិធីអរព្រះគុណទៅនឹង «ផ្លូវល្បឿនលឿនដែលនាំទៅកាន់ស្ថានសួគ៌»។
ការចាកចេញដ៏ឆាប់រហ័ស ប៉ុន្តែបន្សល់ទុកនូវកេរ្តិ៍ឈ្មោះអមតៈ
ជីវិតដ៏ភ្លឺស្វាងរបស់យុវជនរូបនេះ ត្រូវប្រឈមនឹងការបិទបញ្ចប់យ៉ាងរហ័ស។ នៅដើមខែតុលា ឆ្នាំ២០០៦ កាកឡូ មានអាការៈជំងឺដែលក្រុមគ្រួសារស្មានថា គ្រាន់តែជាជំងឺផ្តាសាយធ្ងន់ធ្ងរ ប៉ុន្តែការពិតវាគឺជាជំងឺមហារីកឈាមប្រភេទធ្ងន់ធ្ងរនិងវិវត្តយ៉ាងលឿន។ ទោះបីជាស្ថិតក្នុងគ្រាឈឺចាប់ខ្លាំងនៅគ្លីនិក សាន ហ្គារ៉ាកដូ ទីក្រុងម៉ុងហ្ស៉ា ប្រទេសអ៊ីតាលី ក៏ដោយ ក៏លោកនៅតែធ្វើឱ្យបុគ្គលិកពេទ្យភ្ញាក់ផ្អើលដោយសារស្នាមញញឹម និងការយកចិត្តទុកដាក់ចំពោះអ្នកដទៃជានិច្ច។
កាកឡូ អាគូទីស បានទទួលមរណភាពនៅព្រឹកព្រលឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០០៦ ក្នុងវ័យត្រឹមតែ ១៥ឆ្នាំប៉ុណ្ណោះ។
ដោយសារតែគុណសម្បត្តិ និងគំរូជីវិតដ៏បរិសុទ្ធនេះ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចប៉ាប ឡេអូ ទី១៤ បានប្រកាសជាផ្លូវការក្នុងការតែងតាំង កាកឡូ អាគូទីស ជា «អ្នកបរិសុទ្ធ (Saint)» នៃព្រះវិហារកាតូលិក ដែលជាស្ពានតភ្ជាប់រវាងយុវជនសម័យឌីជីថល និងជំនឿសាសនាដ៏មុតមាំរហូតមកដល់បច្ចុប្បន្ន។
