«ក្ដីព្រួយបារម្ភ និងផលប៉ះពាល់» លើអាជីវករក្នុងស្រុកនិងតំបន់
បច្ចុប្បន្ន ស្ថានភាពទីផ្សារ និងការលក់ដូរទំនិញគ្រប់ប្រភេទនៅកម្ពុជា ព្រមទាំងបណ្ដាប្រទេសក្នុងតំបន់ កំពុងធ្លាក់ចូលក្នុងសភាពស្ងប់ស្ងាត់យ៉ាងខ្លាំង។ មូលហេតុចម្បងគឺបណ្ដាលមកពីការហូរចូលយ៉ាងគំហុកនៃទំនិញតម្លៃថោកៗពីប្រទេសចិន ដែលមិនត្រឹមតែគ្របដណ្ដប់លើទីផ្សារអនឡាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជ្រៀតចូលដល់បណ្ដាតូបអាជីវករតាមផ្សារប្រពៃណីនានា ដែលធ្វើឱ្យអាជីវករលក់ទំនិញផលិតក្នុងស្រុក និងប្រទេសជិតខាង កំពុងនាំគ្នាត្អូញត្អែរពីការធ្លាក់ចុះនៃការលក់ដូរយ៉ាងខ្លាំង។
លោក ហៀម ចិត្រា ជាអ្នកទិញទំនិញពីប្រទេសចិនម្នាក់ បានចែករំលែកបទពិសោធថា ការបញ្ជាទិញទំនិញពីទីផ្សារចិនមានភាពងាយស្រួល តម្លៃធូរថ្លៃជាងទំនិញក្នុងស្រុកបន្តិចមែន ប៉ុន្តែត្រូវចំណាយពេលរង់ចាំយូរបន្តិចទើបដឹកជញ្ជូនមកដល់។
លោកបានបញ្ជាក់បន្ថែមថា៖ «មុននឹងសម្រេចចិត្តបង់ប្រាក់ យើងត្រូវស្គាល់ប្រភពទំនិញឱ្យបានច្បាស់លាស់។ ទោះជាយ៉ាងណា គុណភាព និងរូបរាងរបស់វា គឺអាចទទួលយកបានស្របតាមប្រភេទមុខទំនិញដែលយើងពេញចិត្ត»។
ចំណែកឯម្ចាស់ហាងលក់ទំនិញអនឡាញយីហោ Rhino Store វិញ បានឱ្យដឹងថា ការទិញទំនិញពីចិនយកមកលក់បន្តក្នុងទីផ្សារកម្ពុជា គឺមានភាពងាយស្រួល ហើយគុណភាពអាចទទួលយកបាន ដែលជាកត្តាធ្វើឱ្យអតិថិជនងាកមកចាប់អារម្មណ៍ និងគាំទ្រច្រើនជាងទំនិញមកពីប្រទេសដទៃ។ ម្ចាស់ហាងរូបនេះតែងតែបញ្ជាទំនិញក្នុងបរិមាណច្រើនដើម្បីឱ្យមានក្នុងស្ដុកស្រាប់ មុននឹងផ្សព្វផ្សាយលក់លើបណ្ដាញសង្គមជូនពលរដ្ឋក្នុងស្រុក។
សម្លេងត្អូញត្អែររបស់អាជីវករផ្សារប្រពៃណី៖ «លក់មិនសូវដាច់ ស្ទើរដាច់បាយ»
ផ្ទុយពីភាពមមាញឹកក្នុងប្រព័ន្ធអនឡាញ ស្ថានភាពនៅតាមផ្សារប្រពៃណីក្នុងរាជធានីភ្នំពេញបែរជាស្ងាត់ជ្រងំ។
អ្នកស្រី អ៊ីវ ស៊ីវន អាជីវករលក់សម្លៀកបំពាក់នៅផ្សារកណ្ដាល បានរៀបរាប់ទាំងទឹកមុខស្រងូតស្រងាត់ថា ចាប់តាំងពីបើកផ្សារឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ការលក់ដូរមិនសូវជាមានសន្ទុះនោះទេ។ ទោះបីជាគ្មានមនុស្សដើរទិញទំនិញក៏ដោយ ក៏អ្នកស្រីនៅតែត្រូវមកបើកតូបដដែល ដើម្បីទប់ទល់នឹងជីវភាពគ្រួសារ។ អ្នកស្រីបាននិយាយថា៖«ចាប់តាំងពីបើកផ្សារឡើងវិញក្រោយកូវីដ-១៩ មក ការលក់ដូរមិនសូវដាច់ទេ... យើងមានតូបខ្លួនឯង ក៏ចេះតែមកលក់ទៅ គ្រាន់បានផ្សែផ្សំគ្នាជាមួយប្រាក់ខែប្ដីដើម្បីចិញ្ចឹមកូន»។
ខណៈដែលអ្នកស្រី ពិសិដ្ឋ លីនដា ជាអាជីវករលក់ស្បែកជើងនៅផ្សារច្បារអំពៅ ក៏បានបង្ហាញពីការអស់សង្ឃឹមស្រដៀងគ្នាដែរ ដោយបញ្ជាក់ថាការរកស៊ីកាន់តែពិបាកទៅៗ ៖«លក់មិនដាច់ទេបងអើយ! គ្មានមនុស្សដើរផ្សារទេ ចង់ដាច់បាយហើយ។ សព្វថ្ងៃទ្រាំលើសពីទ្រាំ មិនដឹងប្រាប់អ្នកណា បើគេដឹងក៏នាំតែគេសើចដែរ មានតែពាក្យថាខំទ្រាំ»។
រីឯលោក ស៊ុយ ទ្រី អាជីវករលក់ខោអាវបុរសនៅផ្សារអូឡាំពិក បានឱ្យដឹងថា ថ្ងៃធម្មតាការលក់គឺស្ងាត់ខ្លាំងណាស់ លើកលែងតែថ្ងៃសៅរ៍ និងអាទិត្យ ដែលមានអ្នកដើរផ្សាររាងច្រើនបន្តិច។ លោកបានបញ្ជាក់ថា ៖«ឥឡូវថ្ងៃខ្លះលក់បាន ៣ម៉ូយ ថ្ងៃខ្លះ ៥ ទៅ ៦ម៉ូយ ឬក៏ ១០ម៉ូយអីប៉ុណ្ណោះ ខណៈកាលពីមុនលក់ដាច់រហូត។ តូបខ្ញុំនៅខាងក្រៅចំមុខ រាងដាច់បន្តិច បើទូបលក់ខោអាវបងស្រីខ្ញុំនៅខាងក្នុងផ្សារកាន់តែយ៉ាប់ទៅទៀត»។
ជុំវិញបញ្ហានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកវិភាគសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានពន្យល់ថា ប្រទេសចិនគឺជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំសម្រាប់ពិភពលោក ដែលមានកម្រិតផលិតខ្ពស់ និងអាចបែងចែកផលិតផលជាច្រើនកម្រិត ឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកមានជីវភាពក្រោមមធ្យម និងលើមធ្យម។
លោកបណ្ឌិតបានបញ្ជាក់បន្ថែមថា ៖«ប្រទេសចិនផលិតស្ទើតែគ្រប់ប្រភេទផលិតផល ឥទ្ធិពលទាំងនោះបានចូលទៅវាយលុកប្រទេសមួយចំនួនដែលមានឧស្សាហកម្ម SMEs (ធុនតូច និងមធ្យម) ធ្វើឱ្យមានការពិបាកក្នុងការផលិតដោយសារថ្លៃដើមខ្ពស់។ ប៉ុន្តែ ប្រទេសចិនមានថ្លៃដើមទាប ដូច្នេះអ្នកប្រើប្រាស់តែងតែរត់រកផលិតផលដែលមានតម្លៃសមរម្យ និងប្រើការបាន»។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិភាគសេដ្ឋកិច្ចរូបនេះបានសង្កត់ធ្ងន់ថា នៅក្នុងបរិបទនៃសកលភាវូបនីយកម្ម តំបន់ និងពិភពលោក យើងមិនអាចធ្វើការបិទហាមឃាត់ចរន្ត ឬលំហូរទំនិញទាំងនោះបានឡើយ។ ការហូរចូលនេះគឺដើរតាមគោលការណ៍ទីផ្សារសេរី និងផ្អែកលើតម្រូវការជាក់ស្ដែងរបស់អ្នកប្រើប្រាស់ ដែលជាក្ដីប្រឈមមួយទាមទារឱ្យអាជីវករក្នុងស្រុកត្រូវពង្រឹងគុណភាព និងស្វែងរកយុទ្ធសាស្ត្រថ្មីៗដើម្បីបត់បែនក្នុងសម័យកាលប្រកួតប្រជែងនេះ៕
