ឧត្តមនាវាឯក យី ស៊ុន ស៊ីន ៖ វរបុរសសង្រ្គាមជើងទឹកអមតៈ និងជាជញ្ជាំងដែកថែប ការពារជាតិកូរ៉េ
បេះដូងបម្រើមាតុភូមិដោយស្មោះត្រង់ ភាពក្លាហានឥតញញើត និងខួរក្បាលយុទ្ធសាស្ត្រ យោធាដ៏ប៉ិនប្រសប់ បានផ្លាស់ប្តូរវាសនានៃប្រជាជាតិកូរ៉េទាំងមូលក្នុង សង្គ្រាមឈ្លានពាន ដ៏ ជូរចត់របស់ជប៉ុន។ ឧត្តមនាវាឯក យី ស៊ុន ស៊ីន បន្តប្រយុទ្ធរហូតដល់ដំណក់ឈាមចុងក្រោយដើម្បីការពារទឹកដីកំណើត និងបន្សល់ទុកនូវកេរ្តិ៍ ឈ្មោះល្បីល្បាញរហូតមកដល់បច្ចុប្បន្ន។
ដើមដំណើត និងផ្លូវជោគវាសនាយោធា
លោកយី ស៊ុន ស៊ីន កើតនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ១៥៤៥ នាទីក្រុងសេអ៊ូល ក្នុងយុគសម័យ រាជវង្សចូស៊ុន។ លោកបានធំធាត់ឡើងក្នុងគ្រួសារមន្ត្រីរាជការដែលប្រកាន់ខ្ជាប់នូវ មនោគមវិជ្ជាខុងជឺ។ អប់រំនៅលើមូលដ្ឋានគ្រឹះនៃសីលធម៌ និងការទទួលខុសត្រូវលោកបានចាប់ផ្តើមជីវិតការងារដំបូងក្នុងវិស័យរដ្ឋបាលទំនាក់ទំនងធម្មតា។ យ៉ាងណាមិញដោយសារបេះដូងស្រឡាញ់ជាតិ និងឆន្ទៈមោះមុត លោកបានសម្រេចចិត្តប្តូរវាសនាមក ចូលរួមក្នុងកងទ័ពនៅអាយុ ៣១ឆ្នាំ នាឆ្នាំ១៥៧៦ ដោយបានបម្រើការនៅបន្ទាយព្រំដែនភាគឥសាន។ តាមរយៈសមត្ថភាពដ៏ឆ្នើម និងភាពស៊ូទ្រាំខ្ពស់ លោកបានឡើងឋានៈជាបន្តបន្ទាប់ រហូតដល់ឆ្នាំ១៥៩១ លោកត្រូវបានតែងតាំងជាឧត្តមនាវាឯកនៃកងនាវាចម្បាំងប្រចាំទីក្រុងជេស៊ូ ភាគខាងត្បូងកូរ៉េ។
ការធ្វើទំនើបកម្ម និងរបកគំហើញ «កប៉ាល់អណ្តើក»
ដោយមើលឃើញយ៉ាងច្បាស់ពីការគំរាមកំហែងនៃការឈ្លានពានពីប្រទេសជប៉ុន លោកយី ស៊ុន ស៊ីន មិនបានបង្អែបង្អង់ឡើយ។ លោកបានចាប់ផ្តើមធ្វើទំនើបកម្មកងទ័ពជើងទឹកយ៉ាងប្រញាប់ប្រញាល់ រួមមានការជួសជុលនាវាចម្បាំងចាស់ៗ អភិវឌ្ឍប្រព័ន្ធកាំភ្លើងធំ ពង្រឹងបន្ទាយសមុទ្រ និងបង្កើនការហ្វឹកហ្វឺនកងទ័ព។ ក្នុងចំណោមនោះ ស្នាដៃដ៏ប្រពៃបំផុតរបស់លោកគឺការរួមចំណែកបង្កើត «កប៉ាល់អណ្តើក» ឬ ហ្គ៊ូប៊ូសុន (Geobukseon) ដែលជានាវាចម្បាំងពាសដែកបំពាក់កាំភ្លើងធំមានអានុភាពបំផ្លាញខ្ពស់ និងរចនាឡើងយ៉ាងពិសេសសម្រាប់កម្ទេចសត្រូវលើផ្ទៃសមុទ្រ។
ពុះពារឧបសគ្គនយោបាយ និងសមរភូមិ
នៅឆ្នាំ១៥៩២ សង្គ្រាមអ៊ីមជីនបានផ្ទុះឡើង នៅពេលកងទ័ពជប៉ុនវាយប្រហារយ៉ាងគំហុកលើកូរ៉េ។ ទោះជាភាគីសត្រូវមានកម្លាំងច្រើនលើសលប់ លោកយី ស៊ុន ស៊ីន បានប្រើប្រាស់ប្រៀបឈ្នះនៃចំណេះដឹងភូមិសាស្ត្រ ចរន្តទឹក និងយុទ្ធសាស្ត្រវាយឆ្មក់ រហូតទទួលបានជ័យជម្នះនៅសមរភូមិសាចុង ហានសាន និងអន់ឡុបប៉ូ ដែលធ្វើឲ្យខ្សែទំនាក់ទំនងជប៉ុនត្រូវកាត់ផ្តាច់។
នៅក្នុងសមរភូមិ មីអុងយ៉ាង លោកបានបង្កើតអភិនិហារយោធាដ៏អស្ចារ្យ ដោយប្រើប្រាស់នាវាចម្បាំងត្រឹមតែ ១៣ គ្រឿង ប្រឈមមុខ និងយកឈ្នះលើកងនាវាជប៉ុនរហូតដល់ ៣៣៣ គ្រឿង។ ជ័យជម្នះនេះបានស្តារសេចក្តីសង្ឃឹមជាតិ និងរារាំងការវាយប្រហារលើរាជធានីបានសម្រេច។
បណ្តាំចុងក្រោយ និងកេរ្តិ៍ដំណែលអមតៈ
នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៥៩៨ ក្នុងសមរភូមិណ័រយ៉ាង ដែលជាការប៉ះទង្គិចគ្នាចុងក្រោយ ឧត្តមនាវាឯក យី ស៊ុន ស៊ីន បានត្រូវគ្រាប់កាំភ្លើងសត្រូវរហូតរងរបួសធ្ងន់។ ក្នុងនាទីចុងក្រោយនៃជីវិត លោកបានបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យលាក់បាំងការរបួសរបស់លោក ដើម្បីកុំឲ្យប៉ះពាល់ដល់ស្មារតីប្រយុទ្ធរបស់កងទ័ព។ លោកបានទទួលមរណភាព ខណៈដែលកងទ័ពជប៉ុនកំពុងដកថយយ៉ាងប្រញាប់ប្រញាល់។
ក្រោយមរណភាព លោកទទួលបានងារកិត្តិយស ឆុងមូ កុង (Chungmu-gong) ដែលមានន័យថា «ម្ចាស់កិត្តិយសនៃសេចក្តីស្មោះត្រង់ ក្លាហាន និងសង្គ្រាម»។ កំណត់ហេតុសង្គ្រាមរបស់លោកណានជុង អ៊ីហ្គី (Nanjung Ilgi) បានក្លាយជាបេតិកភណ្ឌប្រវត្តិសាស្ត្រដ៏មានតម្លៃ។ រហូតមកដល់សព្វថ្ងៃ លោក យី ស៊ុន ស៊ីន នៅតែជានិមិត្តរូបអមតៈនៃភាពស្មោះត្រង់ ភាពក្លាហាន និងការលះបង់ដ៏ខ្ពង់ខ្ពស់បំផុតដើម្បីជាតិមាតុភូមិកូរ៉េ។
