ស្រលាញ់ស្មោះមួយទល់មួយ រួមគ្នាកសាងគ្រួសារគឺជាសេចក្តីសុខពិតប្រាកដ !

នៅមុនសម្រេចចិត្តកសាងគ្រួសារបុរសនិងស្រ្តីគួរតែសិក្សានិងវិភាគឲ្យស៊ីជម្រៅចាំសម្រេចចិត្តដើម្បីកុំអោយចុងក្រោយនៃជីវិតជាគូមានតែទុក្ខនិងអំពើអកសុលដែលកើតមានឡើងដោយសារតែប្រច័ណ្ឌ បញ្ហាមិនចុះសម្រុង រួមទាំងបញ្ហាគ្រួសារ។
មកដល់ពេលនេះមានជីវិតជាគូជាច្រើនដែលបានបញ្ចប់ដោយជីវិតដ៏បរិបូរណ៍គឺអាចរស់នៅជាមួយគ្នាតាំងពីចាប់ដៃគូជីវិតនឹងគ្នារហូតដល់ចាស់ស្លាប់រៀងខ្លួន។
ការរួមរស់នៅជាមួយគ្នានៅក្នុងជីវិតជាគូតាំងពីចាប់ដៃគ្នាដំបូងរហូតដល់បញ្ចប់ជីវិតរៀងៗខ្លួនដោយឆ្លងកាត់ព្យុះភ្លៀងជីវិតជាច្រើននេះហើយដែលគេហៅថា គូនៃជោគជ័យជីវិតជាគ្រួសារ។ នៅក្នុងករណី ដែលយុវវ័យស្រលាញ់គ្នាហើយបានតស៊ូជាមួយគ្នារហូតដល់ទទួលបានចំណងអាពាហ៍ពិពាហ៍ ហើយមកប្រកាសថា ជីវិតជាគូជោគជ័យគឺមិនអាចនិយាយបានឡើយ ពីព្រោះព្យុះភ្លៀងជីវិតនៅឆ្លងកាត់ដំណាក់កាលជាច្រើនទៀត។
នៅក្នុងដំណាក់កាលនេះវាគ្រាន់តែជាការចាប់ផ្តើមនៃដំណើរជីវិតជាគូប៉ុណ្ណោះ។ ជីវិតជាគូនីមួយៗជោគជ័យ គឺទាល់តែឆ្លងកាត់ដំណាក់កាលជាច្រើនរាប់តាំងពីការកសាងគ្រួសារមានតាំងពីទ្រព្យសម្បត្តិ សេចក្តីស្រលាញ់ ការបង្កើតកូនពូនជាចៅ និង អាចរស់នៅជាមួយគ្នាយ៉ាងសុខដុម។
ជាការពិតជីវិតជាគូទោះជាអ្នកនោះជោគជ័យអាចរស់នៅជាមួយគ្នាដល់ចាស់ស្លាប់រៀងខ្លួនមិនមែនបានន័យថា អ្នកនោះមិនឆ្លងកាត់ការឈ្លោះគ្នា បញ្ហារកាំរកូសនៅក្នុងគ្រួសារ គ្មានសេចក្តីប្រច័ណ្ឌ ឬ បញ្ហាអរិយភាពរហូតនោះទេ។ គ្រួសារនីមួយៗគឺរមែងឆ្លងកាត់ទាំងការសើច ការញញឹម និង ដំណើរនៃការជូរចត់កំសត់ រួមទាំងការប្រច័ណ្ឌផងដែរ ប៉ុន្តែជាទូទៅជីវិតជាគូនោះជោគជ័យគឺមកពីការចេញអត់ឱន ចេះអធ្យាស្រ័យ ចេះយោគយល់ និង ចេះសន្តោសប្រណីគ្នាទៅវិញទៅមក។
នៅពេលដែលយើងចាប់ដៃគ្នាដំបូងគឺមានតែភាពផ្អែមល្ហែមមែន ប៉ុន្តែនៅពេលវេលាដំណើរការទៅមុខប្រសិនបើជីវិតគូរបស់អ្នកទាំងពីរគ្មានការស្រលាញ់ ការយោគយល់ ការអធ្យាស្រ័យ និងចេះជួយគ្នាទៅវិញទៅមកនោះទេ គឺមិនអាចជាគ្រួសារជោគជ័យមួយបានឡើយ។
ជីវិតគ្រួសារនឹងរកាំរកូសហើយទីបំផុតគឺមានតែបែកបាក់គ្នានេះឯង ដូច្នេះយុវវ័យនៅពេលដែលមានបំណងចាប់ដៃគ្នាកសាងជីវិតជាគូកុំភ្លេចកុំស្រលាញ់តាមតែចិត្តត្រូវថ្លឹងថ្លែង ពិនិត្យភាពសក្តិសម និង ពិនិត្យមើកទឹកចិត្តនៃការតស៊ូ។
សរុបទៅដើម្បីជោគជ័យនៅក្នុងគ្រួសាមួយ ហើយមួយគូៗអាចបន្តរស់នៅជាមួយគ្នារហូតដល់ចុងបញ្ចប់នៃជីវិតវាត្រូវការបុរសនិងស្រ្តីអំណត់និងអត់ធ្មត់ច្រើនណាស់។ សូមលើកកំពស់ការតស៊ូ និង ការគោរពលើកតម្កើងគ្នាទៅវិញទៅមក ហើយចេះជួយគ្នា មិនមើលបំណាំ។ ជីវិតជាគូគឺត្រូវតែចេះយកចិត្តដាក់គ្នាទោវិញទៅមក ដោយការស្រលាញ់ សន្តោសប្រណីចំពោះគ្នាទៅវិញទៅមក៕
Daily Program
