បើមិនស្រួលខ្លួន សាកល្បងទៅពិគ្រោះជំងឺ និងអាការរោគតាមមណ្ឌលសុខភាពនានា!
នៅពេលនេះ សេវាសុខាភិបាលនៅកម្រិតមូលដ្ឋានហាក់កំពុងតែមានការប្រែប្រួលជាបន្តបន្ទាប់ ក្រោយពេលដែលក្រសួង និងរាជរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការកែលម្អ។ ដូចនេះ ប្រសិនបើយើងមានអាការមិនស្រួលខ្លួន គួរតែសាកល្បងទៅទទួលសេវាពិគ្រោះ និងពិនិត្យអាការរោគនៅតាមមណ្ឌលសុខភាពនានាដែលនៅជិតយើង។
មណ្ឌលសុខភាពត្រូវបានក្រសួងពង្រាយ និងឱ្យបើកដំណើរការនៅតាមមូលដ្ឋាននានាទូទាំងប្រទេស ហើយកំពុងតែត្រូវបានរដ្ឋមន្ត្រី និងក្រុមការងារបែងចែកគ្នាចុះពិនិត្យ វាយតម្លៃ និងដាក់ពិន្ទុឱ្យជាបន្តបន្ទាប់ ដើម្បីធ្វើយ៉ាងណាប្រែក្លាយមណ្ឌលសុខភាពដែលធ្លាប់រងការរិះគន់កន្លងមក ឱ្យក្លាយទៅជាកន្លែងផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យបានសមស្រប កក់ក្តៅ ប្រកបដោយសុជីវធម៌ និងការទទួលខុសត្រូវខ្ពស់។
តាមសេចក្តីរាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ពីមុនមណ្ឌលសុខភាពដែលស្ងាត់ជ្រងំគ្មានអ្នកជំងឺ ឬមានដែរតែតិចតួច ឥឡូវនេះប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានចាប់ផ្តើមទទួលស្គាល់ និងគាំទ្រហើយ។ តាមសេចក្តីរាយការណ៍បានឱ្យដឹងទៀតថា ពីមុនមណ្ឌលសុខភាពខ្លះមានអ្នកជំងឺមកពិគ្រោះជំងឺជាមធ្យមត្រឹមតែប្រមាណ ៥ នាក់ក្នុងមួយថ្ងៃ បច្ចុប្បន្នកើនឡើងដល់ប្រមាណ ៧០ នាក់ក្នុងមួយថ្ងៃ ហើយក៏មានអ្នកជំងឺសម្រាកព្យាបាលនៅមណ្ឌលសុខភាពថែមទៀត។
នេះជាការកែប្រែមុខមាត់ថ្មីមួយនៃវិស័យសេវាសុខាភិបាលនៅក្នុងប្រទេស ហើយការប្រែប្រួលនេះ មិនមែនគ្រាន់តែជាការកើនឡើងនៃតួលេខប៉ុណ្ណោះទេ ប៉ុន្តែគឺជាការវិលត្រឡប់មកវិញនៃជំនឿទុកចិត្ត ភាពជឿជាក់ និងក្តីសង្ឃឹម។ ដូច្នេះ ប្រសិនបើចង់ឱ្យពលរដ្ឋបន្តមានជំនឿ ហើយបន្តផ្សព្វផ្សាយអំពីភាពវិជ្ជមាននេះ សង្ឃឹមថា ក្រសួងសុខាភិបាល និងមន្ត្រីសុខាភិបាលប្រចាំការនៅមណ្ឌលសុខភាពនានា នឹងបន្តខិតខំកែលម្អបរិស្ថានជុំវិញមណ្ឌលសុខភាព ព្រមទាំងកន្លែងផ្តល់សេវាសុខភាពទាំងនោះបន្តទៀត។ ក្រៅពីនោះ ក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវ ក៏ជារឿងមួយដែលត្រូវតែបន្តយកចិត្តទុកដាក់កែលម្អ និងពង្រឹងបន្ថែម គួបផ្សំនឹងការខិតខំស្រាវជ្រាវបំប៉នសមត្ថភាពក្នុងការផ្តល់សេវានោះបន្ថែមទៀត ទើបទំនុកចិត្តរបស់ពលរដ្ឋនឹងកាន់តែមានភាពរឹងមាំ។
ដោយឡែកប្រជាពលរដ្ឋវិញ ក៏មិនគួរមើលស្រាលការខិតខំប្រឹងប្រែងរបស់មន្ត្រី និងក្រុមគ្រូពេទ្យយើងដែរ។ នៅពេលមានជំងឺ ឬមានអាការមិនស្រួលខ្លួន សូមទៅស្វែងរកសេវាសុខាភិបាលសាធារណៈ កុំទម្លាប់រត់ទៅរកសេវានៅតាមគ្លីនិកឯកជន ឬរត់ទៅក្រៅប្រទេសភ្លាមៗនោះឡើយ។
សរុបមក ពលរដ្ឋគួរផ្តល់ឱកាស និងទទួលស្គាល់នូវអ្វីដែលជាការខិតខំប្រឹងប្រែងរបស់ក្រុមមន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យកម្ពុជា។ ដោយឡែក ក្រុមគ្រូពេទ្យក៏គួរយកចិត្តទុកដាក់ចំពោះអ្នកជំងឺ ដោយពិនិត្យឱ្យបានហ្មត់ចត់ច្បាស់លាស់ មិនមែនធ្វើការឱ្យតែរួចពីដៃ ឬចប់ម៉ោងរដ្ឋបាលនោះទេ។ ម្យ៉ាងទៀត អ្នកជំងឺដែលជាពលរដ្ឋយើងទៀតសោត ក៏គួរតែចេះយោគយល់ អត់ធ្មត់ និងយល់ដឹងពីការលំបាកដែលវិស័យសុខាភិបាលយើងកំពុងប្រឈម។ ប្រសិនបើយើងជាពលរដ្ឋរួមគ្នាគាំទ្រ ហើយមន្ត្រី និងបុគ្គលិកសុខាភិបាលរួមគ្នាប្រឹងប្រែង វិស័យសុខាភិបាលនៅស្រុកយើងច្បាស់ជាមានការកែលម្អកាន់តែល្អប្រសើរឡើងជាលំដាប់។
