រឿងទុរេនជាសក្ខីកម្មមួយ ដែលឆ្លុះបញ្ចាំងប្រសិទ្ធភាពនៃការគ្រប់គ្រងនៅតាមព្រំដែនស្រុកយើង
កន្លងមកសកម្មភាពនៃការលួចបង្ហូរចូលនៃទំនិញថៃតាមរយៈព្រំដែនថៃដែលកំពុងតែបិទគ្រាន់តែជាការសង្ស័យនៅក្នុងចំណោមពលរដ្ឋតែប៉ុណ្ណោះ ប៉ុន្តែករណីបែកធ្លាយតាមរយៈស្រ្តីម្នាក់នៅលើបណ្តាញសង្គម គឺជាសក្ខីកម្មមួយដែលបង្ហាញសេចក្តីពិតមួយជ្រុងអំពីក្តីមន្ទិលទាំងនេះ ។
បរិមាណនៃការហូរចូលទុរេនដែលស្ត្រីម្ចាស់គណនីហ្វេសបុកអាឡែនបានសារភាពគឺវាមិនច្រើនទេ ពោលគឺ២០០០គីឡូក្រាម ប៉ុន្តែវាគឺជាកញ្ចក់ឆ្លុះបញ្ចាំងថា ទំនិញថៃនៅក្នុងបម្រាមហាមឃាតនៅតែបន្តមានចង្អូរបង្ហូរចូលមកក្នុងប្រទេសកម្ពុជា ដែលគម្បីស្ថាប័នពាក់ព័ន្ធគួរតែដុតដៃដុតជើងដើម្បីពង្រឹងចំណុចឆកល្វែងនិងលើកកំពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់នៅក្នុងប្រទេសបន្ថែមទៀត ជាពិសេសគឺបិទចង្អូរបង្ហូរទាំងនេះបន្តទៀត ។
ស្រ្តីម្ចាស់គណនីអាឡែននេះបានអះអាងថាខ្លួនមិនដឹងថា ទុរេនដែលនាំចូលពីថៃនោះត្រូវគេដឹកជញ្ជូនយ៉ាងម៉េចនោះទេ ប៉ុន្តែគឺឈ្មួញថៃបានបញ្ជូនមកខ្លួនមុនពេលខ្លួនបញ្ជូនបន្តទៅអ្នកដែលបញ្ជាទិញនៅច្រកមួយ ។
នៅក្នុងករណីនេះមន្រ្តីសមត្ថកិច្ចគ្រប់ជំនាញគ្រាប់ស្ថាប័នសូមកុំគិតតែផលប្រយោជន៍បិទមុខឫក៏ខ្វះការប្រុងប្រយ័ត្នហើយប៉ះពាល់ឧត្តមគតិជាតិ ពាក់ព័ន្ធនឹងច្រកបង្ហូរទំនិញនៅក្នុងបម្រាមទាំងនោះមកចូលនៅក្នុងប្រទេស បន្ថែមទៀត ។
ឈ្មួញនានាក៏គួរមានគំនិតជាតិនិយមផងដែរ កុំគិតចំណេញលបលួចនាំរបស់ពីគេ ពោលគឺមិននាំពីណានាំពីប្រទេសដែលឈ្លានពានយើងថែមទៀត ហើយយកមកបោកប្រាស់បន្លែបន្លំថា ជារបស់នៅក្នុងស្រុក ដើម្បីតែហេតុផលប្រាក់ចំណេញ ។
បើទុរេនយើងមិនទាន់ដល់កុំប្រញាប់ប្រមូលលុយអី គឺចាំសិនទៅ ហើយមានប៉ុន្មានលក់ប៉ុណ្ណឹងទៅ ចាំបាច់ទៅបន្លែបន្លំបែបនេះ ។
ដោយឡែកស្ថាប័នអនុវត្តច្បាប់វិញគួរតែពង្រឹងនិងអនុវត្តបញ្ហានេះឲ្យបានតឹងរ៉ឹង ហើយស្រាវជ្រាវរកក្រុមអ្នកដែលពាក់ព័ន្ធ និង ឲ្យពួកគេទទួលខុសត្រូវតាមច្បាប់ឲ្យបានបើមិនដូច្នេះទេ ពួកគេអាចនឹងបានចិត្តដល់ស្ថានភាពស្ងប់ស្ងាត់បន្តិចក៏តាំងប្រពឹត្តិជាថ្មីទៀត ។
មកដល់ពេលនេះបន្លែ និង ផ្លែឈើស្រស់ពីប្រទេសថៃគឺជាប់នៅក្នុងបម្រាមតាំងពីរង្វង់ពាក់កណ្តាល ឆ្នាំ២០២៥មកម្ល៉េះ ។ វានៅក្នុងបញ្ជីបម្រាមជាមួយនឹងប្រេងឥន្ធនៈ អគ្គីសនី និង អ៊ីនធើណិត ដូច្នេះយើងត្រូវតែលើកកំពស់និងអនុវត្តឲ្យបានត្រឹមត្រូវ ។