មន្ទីរពេទ្យនានាបើមានឧបករណ៍ និងបរិក្ខារគ្រប់គ្រាន់ហើយ សូមពង្រឹងការប្រើប្រាស់ព្យាបាលអ្នកជំងឺឲ្យមានប្រសិទ្ធភាព

បច្ចុប្បន្ននេះសម្ភារៈឧបករណ៍ និងបរិក្ខាចាំបាច់ខាងវេជ្ជសាស្រ្តដែលខ្វះខាត គឺត្រូវបានក្រសួងសុខាភិបាលដោះស្រាយឃើញថា បានប្រសើមែនទែន ហើយមន្ទីរពេទ្យខ្លះគឺបានទទួលនូវឧបករណ៍វេជ្ជសាស្រ្តកាន់តែទំនើបៗ ជាក់ស្តែងដូចជានៅមន្ទីរពេទ្យកោះធំជាដើម។

មន្ទីរពេទ្យកោះធំ មកដល់ពេលនេះ ត្រូវបានគេដឹងថា គឺជាមន្ទីពេទ្យមួយដែលបំពាក់នូវឧបករណ៍ និងសម្ភារៈទំនើបៗជាច្រើន ហើយក៏ត្រូវបានថ្នាក់ដឹកនាំក្រសួងសុខាភិបាលជាបន្តបន្ទាប់ ស្របពេល ដែលរដ្ឋាភិបាលដែលបានសាងសង់មន្ទីរពេទ្យនេះគឺមានបំណងប្រែក្លាយទីនោះក្លាយជាមន្ទីរពេទ្យថ្នាក់តំបន់មួយ ដែលអាចនឹងជួយព្យាបាលប្រជាពលរដ្ឋកម្ពុជា ទាំងនៅក្នុងមូលដ្ឋាន និងតំបន់នានា នៅក្បែរនោះ ដូចនេះគប្បីក្រុមគ្រូពេទ្យ និងវេជ្ជបណ្ឌិតយើងខិតខំបំពេញភារកិច្ចឲ្យអស់ពីសមត្ថភាពដើម្បីប្រើប្រាស់វិជ្ជាជីវៈហើយប្រើប្រាស់ឧបករណ៍ដែលបំពាក់នោះឲ្យអស់ពីលទ្ធភាព។

មកដល់ពេលនេះ ឧបករណ៍វេជ្ជសាស្រ្តខ្លះដែលបំពាក់នៅតាមមន្ទីរពេទ្យនៅក្នុងស្រុកយើងជាពិសេសមន្ទីរពេទ្យដែលសង់ថ្មីៗគឺមិនជាអន់ជាងប្រទេសជិតខាងប៉ុន្មានឡើយ  មិនថាតែនៅមន្ទីរពេទ្យកោះធំ តែមួយនោះទេ នៅតាមមន្ទីរពេទ្យជាច្រើន ប៉ុន្តែដោយសារតែវាជាឧបករណ៍ថ្មី ក្រុមគ្រូពេទ្យយើងអាចមិនទាន់មានជំនាញ ឬមានដែរ ប៉ុន្តែមិនសូវស្ទាត់ ដូច្នេះយើងខ្ញុំគិតថា ក្រុមគ្រូពេទ្យ ឬវេជ្ជបណ្ឌិតជំនាញគួរតែពង្រឹងការស្រាវជ្រាវ និងអភិវឌ្ឈន៍ ហើយតាមដានរកវិធីសាស្រ្តប្រើប្រាស់នូវឧបករណ៍ទាំងនេះឲ្យអស់លទ្ធភាព។​

ឧករណ៍ទាំងនេះមានតម្លៃថ្លៃខ្លាំងណាស់ ដូច្នេះដើម្បីឲ្យសមនឹងតម្លៃហើយនិងការចំណាយដែលរាជរដ្ឋាភិបាលបានខិតខំយកមកបំពាក់ដើម្បីសង្រ្គោះជីវិតមនុស្សនោះ  ក្រុមគ្រូពេទ្យឯកទេសដែលកាន់ម៉ាស៊ីនទាំងនេះគួរតែប្រើវាឲ្យអស់លទ្ធភាព វិភាគនិងរករោគសញ្ញាឱ្យហ្មត់ចត់ ដើម្បីអាចសង្រ្គោះនិងព្យាបាលអ្នកជំងឺដាក់ចំៗ​នឹងរោគសញ្ញា។​

នៅក្នុងករណីដែលយើងមានតែឧបករណ៍តែក្រុមគ្រូពេទ្យយើងមិនយកចិត្តទុកដាក់ ឬក៏មិនសំភី មិនខំប្រឹងប្រែងប្រើប្រាស់ និងស្រាវជ្រាវបន្ថែមទៀត វាគឺនៅតែជាម៉ាស៊ីន ហើយពលរដ្ឋនៅតែពិបាកហើយ នៅតែសង្ស័យសមត្ថភាពនៃក្រុមគ្រូពេទ្យយើងដដែល។

ក្រៅពីឧបករណ៍សំភារៈវេជ្ជសាស្រ្តហើយនោះ ក្រុមគ្រូពេទ្យ និងវេជ្ជបណ្ឌិតក៏គួរតែ​រៀបចំសេវាសង្រ្គោះនានាឱ្យបានកាន់តែរលូន តួយ៉ាងសេវាសង្គ្រោះបន្ទាន់ សេវាសង្គ្រោះកម្រិតធ្ងន់ សេវាសម្រាល និងរូបភាពវេជ្ជសាស្ត្រដោយបន្តយកចិត្តទុកដាក់ខ្ពស់ លើការ គោរពវិន័យការងារ ការបន្តពង្រឹងសមត្ថភាពទាំងភាពជាអ្នកដឹកនាំ ទាំងជំនាញបច្ចេកទេស ដោយចែករំលែកចំណេះដឹងនិងបទពិសោធន៍គ្នា ជាពិសេសប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈបម្រើសុខភាពជូនប្រជាពលរដ្ឋតាមតម្រូវការ។

សរុបមកប្រសិនបើយើងមានតែឧបករណ៍ និងសម្ភារៈទំនើបតែក្រុមគ្រូពេទ្យយើងខ្វះមនសិការខ្វះការស្វះស្វែងស្វែងយល់ វានឹងក្លាយជាឧបករណ៍ដែលគ្មានប្រយោជន៍ឡើយ ហើយពលរដ្ឋនៅតែបន្តស្ទាក់ស្ទើរលើសេវាសុខាភិបាលនៅក្នុងស្រុកយើង។ មានឧបករណ៍និងសម្ភារៈហើយចាំបាច់ត្រូវតែស្រាវជ្រាវ និងរុករកនិងប្រើប្រាស់វាឲ្យអស់សមត្ថភាព ដើម្បីសង្រ្គោះជីវិតពលរដ្ឋរបស់យើង៕ 

Daily Program

Livesteam thumbnail