ភ្ញៀវទេសចរបរទេសមកលេងស្រុកយើងស្រុតចុះ ! បងប្អូនអ្នកធ្វើមាតិការគួរជួយបង្ហាញស្រុកយើងទៅក្រៅផង

ភ្ញៀវទេសចរបរទេសមកលេងស្រុកយើងកំពុងតែធ្លាក់ចុះគួរសម ដោយសារតែបញ្ហាជាច្រើនជាពិសេសគឺបញ្ហាសង្រ្គាមនៅអ៊ីរ៉ង់ បញ្ហាសេដ្ឋកិច្ច ចំណូល វិបត្តិថាមពល ក៏ដូចជាបញ្ហាព្រំដែនរបស់យើងជាមួយនឹងថៃ ដូច្នេះយើងគួរតែជួយគ្នាជាពិសេសគឺបងប្អូនអ្នកផលិតមាតិកាសង្គមនានា។

គ្រឹស្ថានអង្គរបានអះអាងថា ចំនួនភ្ញៀវទេសចរបរទេសមកលេងកំសាន្តតំបន់អង្គររួមមាន រមណីដ្ឋានអង្គរ ប្រាសាទកោះកែរ បេងមាលា និង កំពង់ផែចុងឃ្នៀសនៅក្នុងខែមេសាគឺមានត្រឹមតែ ៥១.០៩៣នាក់ ធ្លាក់ចុះ៣៣,០២ភាគរយ ហើយប្រាក់ចំណូលវិញគឺបានត្រឹម ២,៣៩ លានដុល្លារធ្លាក់ចុះ៣១,៤២ភាគរយ។

បើគិតរយៈពេល៤ខែនៃឆ្នាំ២០២៦នេះវិញភ្ញៀវទេសចរបរទេសមកលេងនៅរមណីដ្ឋានទាំងនេះមានជាង៣២ម៉ឺននាក់ធ្លាក់ចុះ៣២,១៨ភាគរយ ហើយចំណូលវិញគឺបានត្រឹមជាង ១៥,៤៩ លានដុល្លារធ្លាក់ចុះ៣០,២២ភាគរយ។

បងប្អូននៅក្នុងសម័យឌីជីថលបច្ចុប្បន្ន យើងអាចជួយសង្គមនិងស្រុកយើងបានច្រើន ជាពិសេសប្រសិនបើយើងជាអ្នកដែល អ្នកផលិតមាតិកាសង្គមនានា។​

នៅក្នុងសម័យឌីជីថលអ្នកបង្កើតមាតិការសង្គមឫក៏លេងបណ្តាញសង្គមមិនត្រឹមតែជាការកម្សាន្តឬការចែករំលែកព័ត៌មានទេ ប៉ុន្តែបានក្លាយជាថាមពលសំខាន់ក្នុងការជួយលើកស្ទួយវិស័យទេសចរណ៍ជាតិផងដែរ។

កម្ពុជា ជាប្រទេសដែលសម្បូរទៅដោយបេតិកភណ្ឌវប្បធម៌ ទេសភាពធម្មជាតិ និងប្រពៃណីដ៏សម្បូរបែប ដែលអាចទាក់ទាញភ្ញៀវទេសចរពីគ្រប់ទិសទី។ ដូចនេះ អ្នកផលិតមាតិកាគួរជួយពង្រឹងនូវ តួនាទីដ៏មានអត្ថន័យក្នុងការជួយស្ថារវិស័យទេសចរណ៍ ដោយបង្ហាញ និងផ្សព្វផ្សាយតំបន់ទេសចរណ៍ទាំងនេះទៅកាន់ពិភពលោក។

ជាក់ស្តែង ការប្រើប្រាស់បណ្ដាញសង្គមដូចជា Facebook, YouTube, TikTok ឬ Instagram អាចធ្វើឲ្យរូបភាព និងវីដេអូអំពីតំបន់ទេសចរណ៍ក្នុងស្រុកទៅដល់ភ្ញៀវអន្តរជាតិបានយ៉ាងឆាប់រហ័ស។ អ្នកផលិតមាតិកាអាចបង្ហាញពីទីតាំងល្បីៗ និងទីតាំងមិនទាន់មានការស្គាល់ទូលំទូលាយ ដូចជា ប្រាសាទបុរាណ ឆ្នេរសមុទ្រ ទឹកធ្លាក់ ឬជីវិតរស់នៅរបស់ប្រជាជនក្នុងតំបន់ជនបទ។ ការបង្ហាញជាក់ស្តែង និងមានភាពច្នៃប្រឌិត នឹងធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ចង់មកទស្សនាផ្ទាល់។

លើសពីនេះ អ្នកផលិតមាតិកាគួរតែផ្តោតលើភាពត្រឹមត្រូវ និងការគោរពវប្បធម៌ ដោយបង្ហាញព័ត៌មានពិតប្រាកដ មិនបំភាន់ និងមិនប៉ះពាល់ដល់តម្លៃសង្គម។ ការសហការជាមួយស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងទេសចរណ៍ ឬអាជ្ញាធរមូលដ្ឋាន ក៏អាចជួយធានាថាមាតិកាដែលបានផលិតមានគុណភាព និងមានប្រយោជន៍ចំពោះការអភិវឌ្ឍន៍វិស័យទេសចរណ៍យ៉ាងចីរភាព។

សរុបទៅអ្នកផលិតមាតិកាគឺជាអ្នកផ្សព្វផ្សាយដ៏មានឥទ្ធិពលក្នុងសម័យថ្មី ដែលអាចជួយបង្ហាញសក្តានុពលទេសចរណ៍របស់កម្ពុជាឲ្យពិភពលោកស្គាល់កាន់តែច្បាស់។ ប្រសិនបើមានការចូលរួមយ៉ាងសកម្ម និងមានទិសដៅត្រឹមត្រូវ វានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ និងជំរុញសេដ្ឋកិច្ចជាតិឲ្យរីកចម្រើនបន្ថែមទៀត៕

Daily Program

Livesteam thumbnail