បើយើងមានជាតិនិយមគឺ គួរដុះខាតនិងលើកទឹកចិត្តយុវជនយើងឲ្យប្រឹងរៀនសូត្រ !

អរគុណប្អូនៗក្មួយៗដែលមួយរយៈពេលនេះមានការផុលផុសខ្លាំងរឿងចលនាជាតិនិយម ដូច្នេះទន្ទឹមនឹងការបន្តលើកកំពស់ចលនាជាតិនិយមនេះឲ្យកាន់តែរឹងមាំ គឺយើងទាំងអស់គ្នាត្រូវតែកសាងមូលដ្ឋានសមត្ថភាពយើងឲ្យរឹងមាំផងដែរ។
នៅលើបណ្តាញសង្គមសកម្មភាពជាតិនិយមនេះគឺផុលផុសខ្លាំងបំផុតហើយប្អូនៗនិងក្មួយៗក៏បានធ្វើពិតប្រាកដ ដោយប្រមូលផ្តុំគ្នាធ្វើការវាយបកនឹងក្រុមអ្នកជាតិនិយមខាងក្រៅដែលមានចេតនាប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូក៏ដូចជាអត្តសញ្ញាណជាតិរបស់យើង។
ដំណើរការវាយបកនេះប្អូនៗក្មួយៗខ្លះគឺបានធ្វើរហូតដល់អ្នកខ្លះអត់បានគេងអត់បានពួនក៏មានដែរ ហើយក្រៅពីនោះក៏មានអ្នកដែលផុលផុសបង្កើតយុទ្ធនាការនេះយុទ្ធនាការនោះ រាប់តាំងពីយុទ្ធនាការរៃអង្គាសផ្សេង។
អ្វីៗដែលប្អូនៗនិងក្មួយៗបានកំពុងតែធ្វើនៅពេលដែលជាតិយើងកំពុងតែមានបញ្ហាដូចជាសព្វថ្ងៃនេះគឺពិតជាត្រឹមត្រូវនិងគួរឲ្យស្ញើចសរសើរមែន ប៉ុន្តែទន្ទឹមនឹងនោះ សូមកុំភ្លេចចំណុចមួយចំនួន គឺកុំភ្លេចការរៀនសូត្រ។
ការរៀនសូត្រនេះសំខាន់ណាស់ វាគឺជាប្រភពនៃចំណេះដឹង ដែលជាគុណតម្លៃនិងជាអត្ថប្រយោជន៍ដ៏ចំបងសម្រាប់ជាតិនិងមាតុភូមិរបស់យើង ។ ទោះជាជាប់ដៃរវល់វាយបកក្រុមជនអគតិចំពោះជាតិនិងមាតុភូមិយើងយ៉ាងណាក៏ដោយ គឺកុំភ្លេចការរៀនសូត្រ។
ជាតិយើងត្រូវការធនធានមនុស្សត្រូវការកម្លាំងប្អូនៗនៅពេលអនាគត។ ដោយសារតែជាតិយើងធ្លាប់មានប្រវត្តិសាស្រ្តជូចត់ រស់នៅក្នុងសង្រ្គាមរ៉ាំរ៉ៃយូរ ដូច្នេះយើងបានជាគេហ៊ានមើលងាយនិងមើលស្រាល។
សូមប្រឹងប្រែងរៀនសូត្រឲ្យពិតប្រាកដនិងជ្រៅជ្រះ ហើយក៏ត្រូវតែមានគុណធម៌ និង ស្មោះត្រង់ ។ នៅពេលដែលយើងមានចំណេះមានគុណធម៌ យើងនឹងមានមិត្តភ័ក្រមានគ្នាច្រើនធនធានយើងក៏សំបូរនៅពេលនោះហើយដែលអ្នកដែលមានបំណង់អគតិនឹងយើងត្រូវញញើត។
ការរៀនសូត្រគឺជាចំណុចសំខាន់ហើយផ្តើមពីរៀនគឺត្រូវតែបំបែកគំនិតនិងប្រាជ្ញាហើយហ៊ានកែច្នៃធ្វើយ៉ាងណាក៏ដោយគឺត្រូវតែរកអ្វីដែលថ្មីមានប្រយោជន៍ដល់សង្គមនិងប្រទេសជាតិរបសយើង។
ប្អូនៗក្មួយៗអ្វីដែលយើងបានខិតខំនាពេលកន្លងមក គឺយើងសម្រេចបានផលដូចដែលបានឃើញនាពេលបច្ចុប្បន្ននេះ ប៉ុន្តែប្រសិនបើប្អូនៗឫក្មួយៗបន្តខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៅទៀតនៅពេលអនាគត យើងនឹងកាន់តែប្រសើរ ។ នៅពេលដែលស្ថានភាពប្រទេសជាតិយើងប្រសើរសំបូរធនធានមនុស្សដែលមាន គុណភាពគុណតម្លៃនិងសមត្ថភាព អមិត្តនានាក៏ត្រូវតែញញើតនិងកោតក្រែងយើងមិនខាន។ អនាគតប្រទេសជាតិយើងទៅថ្ងៃអនាគតគឺត្រូវពឹងផ្អែកនៅលើប្អូនៗទាំងអស់គ្នានេះហើយ៕
Daily Program
