ជំងឺមហារីកច្រើន ហើយតម្លៃព្យាបាលថ្លៃតើយើងគួរធ្វើម៉េច?

ដូចដែលយើងដឹងជំងឺមហារីនៅកម្ពុជានៅក្នុងមួយឆ្នាំអាចមានប្រមាណជា ២ម៉ឺននាក់ ហើយស្លាប់វិញ គឺប្រមាណជា ១៤.០០០ នាក់ ឯណោះ ដូច្នេះវាគឺជាអត្រាមួយខ្ពស់គួរសមដែលយើងទាំងអស់គ្នាគួរតែយកចិត្តទុកដាក់។

មកដល់ពេលនេះ អ្នកដែលកើតជំងឺនេះនៅពេលដែលឮថា ខ្លួនកើតជំងឺនេះគឺដឹងតែអស់សង្ឃឹមតែម្តង ហើយចាប់ផ្តើមមើលពិភពលោកឡើងងងឹតឈឹង ពីព្រោះថ្លៃព្យាបាលមិនថោកឡើយ ដោយជំងឺខ្លះគឺត្រូវការវះកាត់ដែលមានតម្លៃរាប់ពាន់ដុល្លារ  ហើយបើចាក់គីមីវិញក៏វាមិនជាថោកដែរ។​

ជាទូទៅ​ អ្នកកើតជំងឺមហារីកដែល​គ្មាន​លទ្ធភាពឬ​មានតិចតួច​ ពួកគាត់​មិនព្យាបាលតែម្តង តើអ្នកត្រូវអស់សង្ឃឹមហើយគេងរង់ចាំមរណៈភាពដោយអស់សង្ឃឹមឬយ៉ាងណា ?​

នៅក្នុងករណីនេះ សូមកុំមើលពិភពលោកទាំងអស់សង្ឃឹម យើងអាចបន្តរស់នៅដោយព្យាយាមរក្សាកម្លាំងចិត្ត។ មកដល់ពេលនេះ មនុស្សជាច្រើនរស់នៅរាប់ឆ្នាំបន្ទាប់ពីការធ្វើរោគវិនិច្ឆ័យឃើញមហារីកនៅក្នុងខ្លួន ជាពិសេសអ្នកដែលរកឃើញវានៅដំណាក់កាលដំបូង ទោះបីជាមិនជ្រើសរើសយកជម្រើសវះកាត់ឬប្រើគីមីក៏ដោយ។

វិធីសាស្រ្តដែលអ្នកទាំងនោះអាចរក្សាជីវិតបាន គឺ​ថែទាំសុខភាពដោយខ្លួនឯងយ៉ាងត្រឹមត្រូវ ដោយការបញ្ឈប់​​​គ្រឿង​ស្រវឹង​ រក្សារបបអាហារជំនួយសុខភាព មិនសូវសំបូរខ្លាញ់ អំបិលតិច បន្លែច្រើន និងប្រូតេអ៊ីនគ្មានខ្លាញ់។

នៅក្នុងស្ថានភាពនោះវាពិតជាពិបាកធ្វើចិត្ត ប៉ុន្តែ​កម្លាំងចិត្តជាកត្តាសំខាន់​ដើម្បី​យក​ឈ្នះ​ជំងឺ​នេះ និង​អាចរក្សាជីវិត​បាន​យូរអង្វែង។  យើង​គួរតែព្យាយាមសម្រាកនិងគ្រប់គ្រងភាពតានតឹង ដោយសារតែ សុខភាពផ្លូវអារម្មណ៍គឺសំខាន់ណាស់។

យើង​អាចពិភាក្សាជាមួយក្រុមគ្រួសារ ឬមិត្តភក្តិជិតស្និទ្ធអំពីការធ្វើរោគវិនិច្ឆ័យ ហើយក៏អាចនឹងពិចារណាចូលរួមក្រុមគាំទ្រជំងឺមហារីក ឬការប្រឹក្សា ដោយផ្ទាល់ ឬតាមអ៊ីនធឺណិត។

ម្យ៉ាងទៀត​យើង​អាចព្យាយាមរក្សាកម្លាំងចិត្តបំពេញការងារជាប្រក្រតី ហើយរៀបចំផែនការហិរញ្ញវត្ថុឲ្យបានប្រសើរ ដើម្បីគ្រួសារ​  ហើយចេះគ្រប់គ្រងពេលវេលា និង​​ព្យាយាមបង្កើតបរិយាកាសល្អៗនៅក្នុងជិវិត។

សរុបទៅសូមកុំរស់ទាំងអស់សង្ឃឹម ទោះបីជាយើងដឹងថា យើងកើតជំងឺនេះដែល​គេអាចវាស់អាយុជីវិតយើងក៏ដោយ។ កាលណាយើងនៅមានជីវិតគឺយើងនៅតែមានសេចក្តីសង្ឃឹមហើយព្យាយាមតស៊ូនឹងវា លុះដំណាក់កាលចុងក្រោយនៃជីវិត។ សូមព្យាយាមប្រឹងប្រែង!៕

Daily Program

Livesteam thumbnail