កុំប្រហែសរឿងអគ្គីភ័យ
បញ្ហាគ្រោះអគ្គីភ័យគឺជាមហន្តរាយដ៏រន្ធត់និងសោកសង្រេងបំផុត ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវតែប្រុងប្រយ័ត្ននៅក្នុងការការពារនិងបង្ការ។
តាំងពីបុណ្យចូលឆ្នាំថ្មីប្រពៃណីសហគមន៍ជនជាតិចិននិងវៀតណាមមកដល់ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឃើញមានរបាយករណ៍អំពីគ្រោះអគ្គីភ័យសឹងជារៀងរាល់ថ្ងៃហើយវាក៏សាហាវដែរ ជាពិសេសគ្រោះអគ្គីភ័យដែលកើតនៅរាជធានីភ្នំពេញតែម្តង។
តាមសេចក្តីរាយការណ៍របស់នាយកដ្ឋាននគបាលបង្កាពន្លត់អគ្គីភ័យនិងសង្រ្គោះនៅភ្នំពេញបានឲ្យដឹងថា គ្រោះថ្នាក់ដែលកើតមានឡើងនាវេលាម៉ោង ២២:២០នាទីយប់ ថ្ងៃព្រហស្បតិ៍ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ គឺសាហាវជាងគេនៅដើមឆ្នាំ២០២៦នេះ។
ករណីអគ្គីភ័យនេះវាបានឆាបឆេះលំនៅដ្ឋានមួយកន្លែង នៅចំណុចផ្ទះលេខ 8D-9D ផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ខណៈដែលមូលហេតុគឺកំពុងតែត្រូវ បានសមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ។
គ្រោះមហន្តរាយដ៏សាហាវមួយករណីនេះវាបានសម្លាប់ជីវិតមនុស្សដល់ទៅ ៤ នាក់ របួស៥នាក់ ខូចខាតផ្ទះបីល្វែង ហើយនឹងបាត់បង់ទ្រព្យសម្បត្តិជាច្រើន។
ក្រៅពីនោះក៏វាមានករណីផ្សេងៗជាច្រើន ប៉ុន្តែអ្វីដែលគួរឲ្យកត់សំគាល់គឺវាកើតមានច្រើនគឺនៅរាជធានីភ្នំពេញតែម្តង។
ជាទូទៅគ្រោះថ្នាក់នេះសាហាវ ហើយវាកើតមានជាបន្តបន្ទាប់ ដែលទាមទារយើងទាំងអស់គ្នាត្រូវមានការយល់ដឹងខ្លះៗដើម្បីអាចសង្រ្គោះជីវិតនៅពេលករណីជួបគ្រោះមហន្តរាយដ៏ចង្រៃបំផុតនេះ ហើយក៏អាចនឹងមានសមត្ថភាពអាចនឹងទប់ស្កាត់ពន្លត់បាននៅកម្រិតបឋម ដែលជាចំណុចគន្លឹះនាំឲ្យមានគ្រោះមហន្ត រាយធំ។
យើងខ្ញុំគិតថា ការបង្ការនិងទប់ស្កាត់ក៏ដូចជាវិធានការសង្រ្គោះបឋមខ្លួនឯងឆ្លើយតបនឹងគ្រោះអគ្គីភ័យនេះ គួរបញ្ចូលទៅក្នុងការអប់រំបំណិនជីវិតដល់កុមារ និងយុវវ័យនៅតាមសាលារៀន។ ការសិក្សានិងបំពាក់បំប៉នចំណុចនេះមិនមែនមិនមានប្រយោជន៍នោះឡើយ។
ការទទួលបានបំណិននិងវិធានបង្ការដែលត្រឹមត្រូវគឺអាចឲ្យបញ្ហាគ្រោះមហន្តរាយតូចទៅជាគ្មាន គ្រោះមហន្តរាយធំឲ្យទៅជាតូច ដូច្នេះយើងខ្ញុំគិតថា សមត្ថកិច្ចជំនាញនិងស្ថាប័នពាក់ព័ន្ធគួរតែយកចិត្តទុកដាក់ចំណុចនេះដើម្បីចូលរួមបង្ការនិងការពារគ្រោះមហន្តរាយដ៏រន្ធត់នេះ។ ស្ថាប័នពាក់ព័ន្ធក៏គួរយកចិត្តទុកដាក់ លើចំណុចនេះហើយប្រសិនបើអាចគួរតែមានពេលវេលាបំពាក់បំប៉នបំណិនបង្ការនិងការពារ ហើយនិងសង្រ្គោះករណីអគ្គីភ័យនេះកើតឡើងសម្រាប់យើងទាំងអស់គ្នា៕