ការពារជាតិខ្លាំង អប់រំប្រសើរ ហើយសេដ្ឋកិច្ចប្រឹង តែពុករលួយអ្វីៗអាចនៅតែដដែល !

ការបេ្តជ្ញាចិត្តនៅក្នុងការធ្វើឲ្យសង្គមកម្ពុជាខ្លាំងគឺកំពុងតែត្រូវបានបំផុតបំផុល និង ក្លៀវក្លាបំផុតនៅពេលបច្ចុប្បន្ន​ ប៉ុន្តែសំខាន់ដើម្បីខ្លំាងតើយើងចាំបាច់ត្រូវធ្វើឡើងយ៉ាងណា ហើយចាប់ផ្តើមពីចំណុចណាទៅ ?

នៅពេលនេះសម្រាប់វិស័យអប់រំដែលជាសរសរស្តម្ភមួយដ៏សំខាន់នៅក្នុងការធ្វើជាជន្ទល់សម្រាប់ សង្គមនោះឃើញថា មានសកម្មភាពរស់រវើកនឹងមានការប្រែប្រួលខ្លះៗគួរឲ្យកត់សំគាល់ ។ ហើយក្រៅពីនោះលើវិស័យសេដ្ឋកិច្ចក៏ហាក់ដូចជាខ្នះខ្នែងខ្លាំងក្លានិងសកម្មដែរ ដោយបានព្យាយាមកែទម្រង់កាត់បន្ថយចំណុចរាំងស្ទះជាច្រើន ទោះបីជាមិនទាន់ឈានដល់ចំណុច ដែលវិជ្ជមានមួយចំនួនក៏ដោយ ។

ក្រៅពីអប់រំនិងសេដ្ឋកិច្ចថ្មីៗនេះលើវិស័យការពារជាតិ ក៏កំំពុងមានការពិភាក្សានិងបានដាក់ចេញ វិធានការណ៍ជាបន្តបន្ទាប់ផងដែរ ។

ពាក់ព័ន្ធនឹងវិស័យការពារជាតិនេះ បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺកំពុងតែដំណើរការ ដើម្បីធានាថា វិស័យការពារជាតិគឺត្រូវតែមានការកែប្រែមុខមាត់ថ្មី ហើយថ្មីៗនេះសម្តេចក៏បានថ្លែងជាចំហរកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ការកែទម្រង់កងទ័ព មិនមែនជាការធ្វើការដូចជាភ្លើងចំបើងនោះទេ ។

សម្តេចធិបតីក៏បានលើកឡើងនូវភាពចាំបាច់ផ្សេងៗទៀតដែលសំខាន់គឺធ្វើយ៉ាងណាលើកកំពស់ ប្រសិទ្ធភាព និង ភាពរឹងប៉ឺងរបស់កងកម្លាំងប្រដាប់អារុធ ។

វិស័យទាំងបីនេះគឺអាចថា ជាឆ្អឹងខ្នងដ៏សំខាន់សម្រាប់កំណត់ពីភាពជោគជ័យរបស់កម្ពុជាឆ្ពោះទៅរកការកសាងនូវឧត្តមភាព ប៉ុន្តែប្រយ័ត្នភ្លេចមួយគឺអំពើពុករលួយ ។

ប្រសិនបើមិនប្រុងប្រយ័ត្ននិងមានគោលនយោបាយក៏ដូចជានិតិវីធីត្រឹមត្រូវទេនោះ អំពើពុករលួយដែលកំពុងតែចាក់ឫសនៅក្នុងសង្គម នឹងអាចបន្តដុះពន្លករបស់វាឡើងវិញជាថ្មី ។​

សរុបទៅអំពើពុករលួយ ចាំបាច់ត្រូវតែយើងទាំងអស់គ្នាគួរយកចិត្តទុកដាក់ បើមិនដូច្នេះទេ វាអាចជាបញ្ហាបន្តស៊ីរូងហើយនាំឲ្យវិស័យទាំងបីពុកផុយបន្តទៀតនោះការខិតខំប្រឹងប្រែង នឹង អស់លទ្ធភាព ។​ អំពើពុករលួយនេះ គឺគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់សង្គម ហើយការប្រយុទ្ធប្រឆាំងនឹងវាគឺទាមទារការចូលរួមពីយើងទាំងអស់គ្នា តាំងពីលើដល់ក្រោម ។ យើងទាំងអស់គ្នាសុទ្ធតែជាកោសិកានៃសង្គមដូចគ្នា ហើយតួនាទីនិងភារកិច្ចនៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយយើងសុទ្ធតែមានរួមចំណែក៕

Daily Program

Livesteam thumbnail