កម្ពុជារៀបចំយុទ្ធសាស្ត្រក្នុងការរក្សា និងលើកទឹកចិត្តឱ្យអ្នកជំងឺប្រើប្រាស់សេវាសុខាភិបាលក្នុងប្រទេសហើយ!

ស្របពេលដែលការស្វែងសេវាព្យាបាលសុខភាពនៅក្រៅប្រទេសនៅតែមានសភាពរស់រវើក ពីសំណាក់ប្រជាពលរដ្ឋមួយចំនួន ក្រសួងសុខាភិបាលនៅពេលនេះបានរៀបចំយុទ្ធសាស្រ្តហើយ ។
តាមការប្រកាសមួយរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ នេះ នៅទីស្តីការក្រសួងសុខាភិបាល គឺមានកិច្ចប្រជុំមួយត្រូវបានរៀបចំឡើង នៅក្នុងគោលបំណងរៀបចំយុទ្ធសាស្ត្រក្នុងការរក្សា និងលើកទឹកចិត្តឱ្យអ្នកជំងឺប្រើប្រាស់សេវាសុខាភិបាលក្នុងប្រទេស ។
ប្រភពដដែលបានឲ្យដឹងថា កិច្ចប្រជុំនេះមានការចូលរួមនិងដឹកនាំផ្ទាល់ដោយសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលតែម្តង និងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងសុខាភិបាលជាច្រើនរូប ។
នៅក្នុងឱកាសនោះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចប្រជុំបំផុសគំនិត ដើម្បីប្រមូលមតិយោបល់ និងស្វែងរកដំណោះស្រាយក្នុងការលើកទឹកចិត្តឱ្យអ្នកជំងឺប្រើប្រាស់សេវាក្នុងប្រទេស ជាពិសេសក្នុងស្ថានភាពដែលរងការប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបង្កឱ្យមានការរាំងស្ទះក្នុងការទទួលសេវាថែទាំ និងព្យាបាលសម្រាប់អ្នកជំងឺដែលធ្លាប់ទៅប្រើប្រាស់សេវាសុខាភិបាលនៅក្រៅប្រទេស។
តាមរយៈការបំផុសគំនិត និងការមូលមតិជារួមពីសមាជិកអង្គប្រជុំ លោក សាស្ត្រាចារ្យបានរំលេចនូវកត្តាសំខាន់ៗមួយចំនួនដើម្បីពង្រឹងការប្រើប្រាស់សេវាក្នុងប្រទេស ។
លោកបានលើកឡើងថា ចំណុចទី ១)គឺ លើកកម្ពស់គុណភាព និងសុវត្ថិភាពនៃសេវាថែទាំ តាមរយៈប្រព័ន្ធទទួលស្គាល់គុណភាពរបស់ក្រសួងសុខាភិបាល។ ទី២) ពង្រឹងធនធាន និងសមត្ថភាពផ្នែកសេវាឯកទេស។ទី ៣) រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងបដិសណ្ឋារកិច្ចក្នុងមូលដ្ឋានសុខាភិបាល។ ទី ៤) ផ្តល់ការថែទាំដែលផ្តោតលើអ្នកជំងឺជាចម្បង និង ទី៥) បង្កើនលទ្ធភាពក្នុងការទទួលសេវាថែទាំ។
ចំណុចដែលបានដាក់ចេញទាំង៥ នេះគឺសុទ្ធសឹងតែជាចំណុចគន្លឹះពីព្រោះមកដល់ពេលនេះ នៅតាមមន្ទីរពេទ្យទាំងរដ្ឋនិងឯកជននានានៅកម្ពុជាសព្វថ្ងៃគឺមានបំពាក់ឧបករណ៍និងសំភារៈវេជ្ជសាស្រ្តទំនើបៗមិនចាញ់នៅបរទេសឡើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ពលរដ្ឋមួយចំនួន នៅតែ មិនទាន់ជឿទុកចិត្តនឹងសេវាសុខាភិបាលនៅក្នុងស្រុក ។
យើងខ្ញុំសង្ឃឹមថា ជាមួយនឹងគោលដៅនិងការកំណត់ចំណុចអទិភាពទាំង៥ នេះ នឹងអាចទាក់ទាញពលរដ្ឋកម្ពុជាដែលធ្លាប់ចេញទៅស្វែងរកសេវានេះបានមួយកម្រិតបន្ថែមទៀត ប៉ុន្តែទន្ទឹមនឹងនោះ ក៏យើងសង្ឃឹមថា ក្រុមគ្រូពេទ្យយើងនឹងខិតខំបញ្ចេញសមត្ថភាពឡើងថែមមួយកម្រិតទៀត ហើយក្រៅពីនោះ ក៏គួរតែគិតគូរអំពីតម្លៃផងដែរ។
Daily Program
