Reuters ចុះផ្សាយពីកាស៊ីណូនៅអូរស្មាច់ជាប់ពាក់ព័ន្ធនឹងឧកញ៉ាដ៏មានឥទ្ធិពលនៅកម្ពុជា ខណៈកម្ពុជាធ្លាប់តវ៉ារឿងថៃរំលោភអធិបតេយ្យភាព

ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Reuters នៅថ្ងៃពុធ ទី១៥ កក្កដានេះ បានចុះផ្សាយអត្ថបទស៊ើបអង្កេតមួយដោយលើកឡើងថា កាស៊ីណូ The Royal Hill នៅច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ គឺជាទីតាំងប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធអនឡាញ (Cyber scam) ដ៏ធំមួយ ដែលមានជាប់ពាក់ព័ន្ធនឹងឧកញ៉ាមានអំណាចម្នាក់នៅកម្ពុជា។

យោងតាមរបាយការណ៍របស់ Reuters កាស៊ីណូ The Royal Hill គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Lim Heng Group របស់អ្នកឧកញ៉ា លឹម ហេង។ តាមរយៈការចុះទៅដល់ទីតាំងផ្ទាល់ ក្រោមការរៀបចំសម្របសម្រួលពីកងទ័ពថៃ អ្នកសារព័ត៌មាន Reuters បានរកឃើញកិច្ចសន្យាជួលមួយនៅក្នុងបរិវេណកាស៊ីណូ ដែលបានធ្វើឡើងកាលពីខែមីនា ឆ្នាំ២០២៤។ កិច្ចសន្យានោះបានបញ្ជាក់ថា ក្រុមហ៊ុនរបស់អ្នកឧកញ៉ា លឹម ហេង បានជួលទីតាំងនេះឱ្យទៅជនជាតិចិនក្នុងតម្លៃ ២០០,០០០ ដុល្លារអាមេរិកក្នុងមួយខែ ដើម្បីធ្វើជាមជ្ឈមណ្ឌលប្រតិបត្តិការឆបោកអនឡាញ។

នៅក្នុងការចុះពិនិត្យនោះ ភ្នាក់ងារ Reuters បានរៀបរាប់ថា ខ្លួនបានចូលទៅក្នុងអគារចំនួនពីរ ដែលមានបំពាក់ឧបករណ៍ និងការរៀបចំឈុតឆាកសម្រាប់សកម្មភាពឆបោក។ ទោះជាយ៉ាងណាក៏ដោយ Reuters ក៏បានបញ្ជាក់ច្បាស់នៅក្នុងសេចក្តីរាយការណ៍របស់ខ្លួនដែរថា «មិនមានភស្តុតាងណាមួយបង្ហាញថា ក្រុមហ៊ុន Lim Heng Group ឬអ្នកឧកញ៉ា លឹម ហេង មានការដឹងឮ ឬពាក់ព័ន្ធផ្ទាល់នៅក្នុងសកម្មភាពឆបោកអនឡាញទាំងនោះឡើយ» ពោលគឺគ្រាន់តែជាម្ចាស់ដីជួលទីតាំង។

ជុំវិញករណីចុះផ្សាយនេះដែរ ប្រភពព័ត៌មានបានកត់សម្គាល់ពីជម្លោះព្រំដែននៅតំបន់នោះ ដោយសារកាស៊ីណូ The Royal Hill ស្ថិតនៅចំណុចច្រកអូរស្មាច់ ដែលជាទីតាំងធ្លាប់មានការប៉ះទង្គិចអាវុធរវាងកម្ពុជា និងថៃ កាលពីខែធ្នូ ឆ្នាំ២០២៥។ បច្ចុប្បន្ន ទីតាំងនេះត្រូវបានភាគីថៃចូលកាន់កាប់ ហើយតែងតែនាំអ្នកសារព័ត៌មានបរទេសចូលទៅក្នុងបរិវេណកាស៊ីណូជាញឹកញាប់ ដោយគ្មានការជូនដំណឹង ឬសុំការអនុញ្ញាតពីភាគីកម្ពុជានោះឡើយ។

ពាក់ព័ន្ធនឹងសកម្មភាពរបស់ភាគីថៃ រាជរដ្ឋាភិបាលកម្ពុជាបានចេញមុខតវ៉ាជាបន្តបន្ទាប់៖

កាលពីថ្ងៃទី៤ ខែកុម្ភៈ៖ ក្រសួងការបរទេសកម្ពុជាបានប្រកាសតវ៉ាជាផ្លូវការ ប្រឆាំងនឹងដំណើរទស្សនកិច្ចត្រួតពិនិត្យសណ្ឋាគារចំនួន ២កន្លែង ពីសំណាក់ក្រុមអនុព័ន្ធយោធាបរទេស និងមន្ត្រីអនុវត្តច្បាប់ដឹកនាំដោយប្រធានចារកម្មកងទ័ពថៃ ដោយចាត់ទុកថាជា «ការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា» យ៉ាងធ្ងន់ធ្ងរ។

កាលពីថ្ងៃទី៣០ ខែមិថុនា៖ ក្រសួងព័ត៌មានកម្ពុជាក៏បានចេញលិខិតតវ៉ាមួយទៀត ប្រឆាំងនឹងទង្វើរំលោភបំពានដដែលៗរបស់ថៃ ក្រោយពីយោធាថៃបាននាំអ្នកសារព័ត៌មានបរទេស រួមទាំងប្រព័ន្ធផ្សព្វផ្សាយ ABC របស់អូស្ត្រាលី ចូលទៅកាន់តំបន់អូរស្មាច់ដោយខុសច្បាប់។

ក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ភាគីថៃមិនមានសិទ្ធិ ឬយុត្តាធិការណាមួយក្នុងការធ្វើសកម្មភាពយោធា ឬនាំជនបរទេស និងអ្នកសារព័ត៌មានទៅធ្វើសេចក្តីរាយការណ៍នៅលើទឹកដីកម្ពុជាឡើយ ហើយទង្វើនេះគឺជាការរំលោភបំពានយ៉ាងចំហលើសិទ្ធិអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជា៕

 

Daily Program

Livesteam thumbnail