”ជាដៃគូ មិនមែនជាគូប្រជែង” លោកស៊ី ជីនពីង ទទួលលោកដូណាល់ ត្រាំ ដោយ កិត្តិយស នៅប្រទេសចិន
ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានទទួលលោកដូណាល់ ត្រាំ ដោយអធិកអធម កាលពី ថ្ងៃទី១៤ ខែឧសភា នៅទីក្រុងប៉េកាំង មុនពេលជំនួបសន្ទនាគ្នាដោយលើកយកចំណុច សំខាន់ៗ នៃប្រធានបទដែលមានគំនិតខុសគ្នាច្រើន មកពិភាក្សា។
លោកស៊ី ជីនពីង បានរៀបរាប់ប្រាប់លោកដូណាល់ ត្រាំថា ៖”កិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ នៅខណៈដែលការប្រឈមមុខ នឹងបំផ្លាញភាគីទាំងពីរ។ យើងត្រូវតែជាដៃគូ មិនមែនជាគូសត្រូវ។ យើងត្រូវតែជួយគ្នាទៅវិញទៅមក ដើម្បីទទួលជោគជ័យ និងរីកចម្រើនជាមួយគ្នា និងដែលគូសដានផ្លូវថ្មីផងដែរ នោះគឺជាផ្លូវនៃការត្រូវរ៉ូវគ្នារវាងមហាអំណាចធំៗ នៅក្នុងយុគសម័យថ្មីនេះ។”
លោកដូណាល់ ត្រាំ បាននិយាយថា ៖ “នេះគឺជាកិត្តិយសដែលនៅក្បែលោកស៊ី។ នេះគឺជាកិត្តិយស ដែលក្លាយជាមិត្តលោក ហើយទំនាក់ទំនងរវាងចិន និងអាម៉េរិក នឹងកាន់តែប្រសើរឡើងមិនធ្លាប់មាន។” លោកត្រាំ បានរៀបរាប់បន្ថែមថា ៖ “យើងនឹងមាននូវអនាគតមួយដ៏អស្ចារ្យជាមួយគ្នា។”
យោងតាមទូរទស្សន៍រដ្ឋចិន លោកស៊ី ជីនពីង បានថ្លែងថា ៖ ”បញ្ហាសំណុំរឿងតៃវ៉ាន់ គឺមានសារសំខាន់បំផុតនៅក្នុងទំនាក់ទំនងចិន និងអាម៉េរិក។ ប្រសិនបើបញ្ហានេះត្រូវបានដោះស្រាយល្អ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ចិន និងសហរដ្ឋអាម៉េរិក នឹងអាចធ្វើឲ្យមានស្ថិរភាពជាសកល។ ប្រសិនបើវាមិនត្រូវបានដោះស្រាយល្អទេ។ ប្រទេសទាំងពីរនឹងប៉ះទង្គិចគ្នា ឬអាចប្រឡូកក្នុងជម្លោះផង។” នេះគឺជាពាក្យដែលលោកស៊ីប្រើក្នុងភាសាចិនកុកងឺ ដែលមិនដែលមានន័យចាំបាច់ថា ជាជម្លោះខាងយោធាសង្រ្គាមនោះទេ។
អនាគតនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងសេដ្ឋកិច្ចធំៗពីរនៅលើពិភពលោក ត្រូវបានគេរំពឹងថា នឹងក្លាយជាប្រធានបទមួយនៃកិច្ចប្រជុំកំពូល។
លោកដូណាល់ ត្រាំ បានបញ្ជាក់ នៅពេលចេញដំណើរពីសហរដ្ឋអាមេរិកថា ៖ “នេះនឹងជាការអស្ចារ្យណាស់”។ លោកធ្លាប់បានអះអាងកណ្តាលខែមេសាថា លោកស៊ី ជីងពីង ដែលមិនសូវចូលចិត្តបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនជាសាធារណៈ នឹងឱបគាត់យ៉ាងខ្លាំងនៅទីក្រុងប៉េកាំង។”
នៅលើកំពូលបញ្ជីនៃបំណងរបស់ទីក្រុងវ៉ាស៊ីនតុនគឺ មានកិច្ចព្រមព្រៀងក្នុងវិស័យកសិកម្ម ហើយប្រហែលមានការបញ្ជាក់អំពីការបញ្ជាទិញយន្តហោះច្រើនពីក្រុមហ៊ុនប៊ូអ៊ីង។ លោកត្រាំ ក៏បាននាំអមដំណើរជាមួយនូវអគ្គនាយកប្រតិបត្តិក្រុមហ៊ុនផលិតយន្តហោះ លោកខេលី អ័រប៊ឺក ហើយក៏មានលោកអេឡុន ម៉ាស ប្រធានក្រុមហ៊ុនតេស្លា ប្រធានក្រុមហ៊ុនអេផល និងប្រធានក្រុមហ៊ុនយក្សនៃការផលិតបន្ទះឈីបអេនវ៉ាយឌៀ (Nvidia)ផងដែរ។
នៅលើផ្លូវនៃការធ្វើដំណើរលោកដូណាល់ ត្រាំ បាននិយាយនៅលើបណ្តាញសង្គមថា លោកនឹងបញ្ចុះបញ្ចូលលោកស៊ី ឲ្យបើកប្រទេសរបស់លោកសម្រាប់សហគ្រាសអាម៉េរិក។ ជាមួយនិងប្រាក់ចំណេញពាណិជ្ជកម្មរបស់ចិន ការអនុវត្តមិនស្មើភាព ឬការរំលោភលើកម្មសិទ្ធិបញ្ញា ដែលត្រូវបានចោទប្រកាន់ទៅលើចិន និងឧបសគ្គក្នុងការចូលដល់ទីផ្សារចិន ទាំងនេះគឺជាការតវ៉ាធំមួយរបស់សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសអភិវឌ្ឍន៍ផ្សេងៗទៀត ចំពោះទីក្រុងប៉េកាំង។
ប្រធានបទផ្សេងៗទៀតនៃការប៉ះទង្គិច មិនមែនថាគ្មានទេ ដូចជា ការផ្គត់ផ្គង់រ៉ែកម្រ និងបន្ទះឈីប សំណុំរឿងតៃវ៉ាន់ បន្ថែមជាមួយរឿងបញ្ហាសង្រ្គាមនៅអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ។
យោងតាមរដ្ឋាភិបាលអាម៉េរិកបានឲ្យដឹងថា លោកដូណាល់ ត្រាំ មានបំណងដាក់សម្ពាធឲ្យចិន ដែលជាដៃគូយុទ្ធសាស្ត្រ និងដៃគូសេដ្ឋកិច្ចសំខាន់របស់អ៊ីរ៉ង់ ហើយប្រទេសចិនក៏ជាអ្នកនាំចូលប្រេងរបស់អ៊ីរ៉ង់ចម្បង ដើម្បីឲ្យចិនប្រើឥទ្ធិពលរបស់ខ្លួន ដើម្បីស្វែងរកដំណោះស្រាយឲ្យចាកចេញពីវិបត្តិនៅតំបន់ឈូងសមុទ្រ។