បូជាចារ្យវៀតណាមបណ្តុះបណ្តាលបព្វជិត និងគ្រហស្ថឱ្យប្រើប្រាស់ AI ក្នុងកិច្ចការបម្រើព្រះសហគមន៍
លោកបូជាចារ្យ ប៉ូល ហ្វាង ម៉ាញ់ហ៊ុយ (Paul Hoàng Mạnh Huy) ប្រធានការិយាល័យទំនាក់ទំនងនៃភូមិភាគ ភូគឿង (Phú Cường) ភាគខាងត្បូងប្រទេសវៀតណាម និងជាស្ថាបនិកនៃប្រព័ន្ធ C-mate កំពុងជួយបូជាចារ្យ និងគ្រីស្តបរិស័ទឱ្យយល់ និងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) នៅក្នុងកិច្ចការបម្រើព្រះសហគមន៍។
សម្រាប់លោកបូជាចារ្យ ប៉ូល ការប្រើប្រាស់ AI មិនមែនគ្រាន់តែជាការដើរឱ្យទាន់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែលោកមើលឃើញថា វាជាតម្រូវការចាំបាច់ក្នុងកិច្ចការបម្រើព្រះសហគមន៍ ដោយសារ AI កាន់តែមានភាពពេញនិយមនៅក្នុងជីវិតប្រចាំថ្ងៃរបស់គ្រិស្តបរិស័ទ ជាពិសេសយុវជន។
លោកបានមានប្រសាសន៍ថា ប្រសិនបើព្រះសហគមន៍មិនយល់ពីឧបករណ៍ដែលមនុស្សប្រើប្រាស់ជារៀងរាល់ថ្ងៃនោះទេ ព្រះសហគមន៍អាចនឹងត្រូវគេបោះបង់ចោលនៅក្រៅបរិបទជីវិតរបស់ពួកគេ។ វិធីសាស្ត្ររបស់លោកគឺផ្អែកលើការបង្រៀនថ្មីៗរបស់ព្រះសហគមន៍ រួមទាំងសាររបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ សម្រាប់ទិវាទំនាក់ទំនងពិភពលោកឆ្នាំ ២០២៤ ដែលមានចំណងជើងថា «បញ្ញាសិប្បនិម្មិត និងប្រាជ្ញានៃដួងចិត្ត» ព្រមទាំងឯកសារពីការិយាល័យសម្រាប់គោលលទ្ធិនៃជំនឿ និងការិយាល័យសម្រាប់វប្បធម៌ និងការអប់រំផងដែរ។
កម្មវិធីបណ្តុះបណ្តាលរបស់លោកបូជាចារ្យ បានរួមបញ្ចូលគ្នានូវចំណេះដឹងបច្ចេកទេសមូលដ្ឋាន ជាមួយនឹងការបង្រៀនរបស់ព្រះសហគមន៍កាតូលិកអំពី AI។ រីឯអ្នកចូលរួមវិញ បានរៀនសូត្រអំពីការអភិវឌ្ឍ និងប្រតិបត្តិការរបស់ AI ការសរសេរពាក្យបញ្ជា (prompt) និងការអនុវត្តជាក់ស្តែងសម្រាប់ការគ្រប់គ្រងព្រះសហគមន៍មូលដ្ឋាន និងកិច្ចការបម្រើព្រះសហគមន៍។
ចំណុចសំខាន់មួយនៃវគ្គសិក្សារបស់លោកបូជាចារ្យ គឺការជួយអ្នកចូលរួមឱ្យយល់ទាំងសមត្ថភាព និងដែនកំណត់របស់ AI។ លោកបានពណ៌នាវាថាជា «ម៉ាស៊ីនទស្សន៍ទាយពាក្យ» ដ៏មានឥទ្ធិពលមួយ ដែលគ្មានមនសិការ ឬជំនឿឡើយ ដូច្នេះវាមិនអាចជំនួសការវិនិច្ឆ័យរបស់មនុស្ស ទំនាក់ទំនងផ្ទាល់ ឬការពិចារណាខាងវិញ្ញាណបានទេ។
លោកបានបញ្ជាក់ថា គោលបំណងគឺដើម្បីជួយបុគ្គលិកព្រះសហគមន៍ឱ្យប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវ ព្រមទាំងផ្តល់ពេលវេលាបន្ថែមទៀតសម្រាប់អាទិភាពនៃកិច្ចការបម្រើព្រះសហគមន៍ ដូចជាការជួបជុំផ្ទាល់ខ្លួន ការទទួលព្រះកាយ និងការរួមដំណើរខាងវិញ្ញាណជាដើម។
