ឯកអគ្គរដ្ឋទូតវ៉ាទីកង់ថ្មីប្រចាំប្រទេសឥណ្ឌូណេស៊ី អំពាវនាវឱ្យបូជាចារ្យដើរជាមួយគ្នាជាសហគមន៍ក្នុងយុគសម័យឌីជីថល
លោកអគ្គអភិបាល វ៉ាល់ធ័រ អ៊ែរប៊ី (Walter Erbì) ដែលជាឯកអគ្គរដ្ឋទូតវ៉ាទីកង់ថ្មីប្រចាំប្រទេសឥណ្ឌូណេស៊ី បានមានប្រសាសន៍ទៅកាន់លោកបូជាចារ្យដែលបានជួបជុំគ្នានៅតំបន់ស៊ូម៉ាត្រាខាងជើងថា គំនិតនៃភាពជាសហគមន៍ ឬការដើរជាមួយគ្នា មិនមែនគ្រាន់តែជាសន្និសីទ ឬការប្រជុំជាបន្តបន្ទាប់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាឆន្ទៈក្នុងការស្តាប់ ការរង់ចាំ និងការបន្តដើរជាមួយគ្នា។
លោកអគ្គអភិបាល បានថ្លែងសារបែបនេះក្នុងអំឡុងមហាសន្និបាតជាតិលើកទី ១៥ របស់សមាគមបូជាចារ្យឥណ្ឌូណេស៊ី ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៨ ខែកញ្ញា នៅមជ្ឈមណ្ឌលកាតូលិកនៃភូមិភាគមេដាន (Medan) ក្នុងទីក្រុងប៉េម៉ាតាំងស៊ីអានតារ (Pematangsiantar)។
ការជួបជុំនេះបានប្រមូលផ្តុំបូជាចារ្យមកពីទូទាំងប្រទេសឥណ្ឌូណេស៊ី ដើម្បីពិចារណាអំពីការត្រាស់ហៅឱ្យបម្រើព្រះជាម្ចាស់ បេសកកម្ម និងភាពជាបងប្អូនរបស់ពួកគេ ក្រោមប្រធានបទ៖ «លោកបូជាចារ្យ៖ សាវ័កនៃស្មារតីគ្រិស្តបរិស័ទក្នុងយុគសម័យឌីជីថល»។
លោកឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់បន្ថែមថា ភាពជាសហគមន៍មិនមែនត្រឹមជាសន្និសីទនោះទេ ប៉ុន្តែជាឆន្ទៈក្នុងការរង់ចាំ និងបន្តដំណើររួមគ្នា។
លោកបានចាត់ទុកភាពជាបងប្អូន និងការរួបរួមគ្នាជាចំណុចស្នូលនៃបេសកកម្មរបស់បូជាចារ្យ ដោយគូសបញ្ជាក់ថា លោកបូជាចារ្យមិនត្រូវបានត្រាស់ហៅឱ្យបំពេញបេសកកម្មដោយឯកោនោះទេ ប៉ុន្តែត្រូវដើរជាមួយបងប្អូនបូជាចារ្យដទៃទៀត លោកអភិបាល និងប្រជាជនដែលត្រូវបានប្រគល់ឱ្យពួកគេមើលថែថ្វាយព្រះជាម្ចាស់។
