អភិបាលកាតូលិកកម្ពុជា ឱ្យគ្រីស្តបរិស័ទរក្សាកេរដំណែលសម្ដេចប៉ាបហ្វ្រង់ស៊ីស្កូ

ក្នុងពិធីអភិបូជាសម្រាប់វិញ្ញាណក្ខន្ធសម្ដេចប៉ាបហ្វ្រង់ស៊ីស្កូ ដែលរៀបចំឡើងកាលពីថ្ងៃទី២៦ ខែមេសា លោកអភិបាលរបស់ព្រះសហគមន៍កាតូលិកនៅកម្ពុជា បានរម្លឹកឡើងវិញនូវកេរដំណែលរបស់សម្ដេចប៉ាបដែលបានបន្សល់ទុកដល់គ្រីស្តបរិស័ទ និងសូមឱ្យពួកគាត់ថេរក្សានិងអនុវត្ត។
លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដែលជាអធិបតីនិងជាអ្នករៀបចំកម្មវិធីអភិបូជានេះ មានប្រសាសន៍ថា ថ្ងៃនេះយើងប្រារព្ធពិធីបុណ្យ អរព្រះគុណព្រះជាម្ចាស់សម្រាប់ជីវិតរបស់សម្ដេចប៉ាបហ្វ្រង់ស៊ីស្កូដែលបានសោយទិវង្គតកាលពីថ្ងៃចន្ទនៃបុណ្យចម្លង។
លោកថា ថ្ងៃដែលព្រះយេស៊ូរស់ឡើងវិញ សម្ដេចប៉ាបបានធ្វើដំណើរទៅស្ថានបរមសុខរួមជាមួយព្រះបិតាដែលសម្ដេចប៉ាបបានបម្រើអស់មួយជីវិតរបស់គាត់ដោយដឹកនាំព្រះសហគមន៍ និងពិភពលោកឱ្យស្គាល់ ព្រះហឫទ័យមេត្តាករុណារបស់ព្រះជាម្ចាស់។
លោកបន្ថែមថា យើងអរព្រះគុណសម្ដេចប៉ាបនូវគ្រប់បន្ទូលនិងការដឹកនាំ គ្រប់ស្នាព្រះហស្ដរបស់ព្រះអង្គដោយអធិដ្ឋានសម្រាប់ទ្រង់ឱ្យស្ថិតក្នុងស្ថានបរមសុខ ហើយសូមសម្ដេចប៉ាបអធិដ្ឋានសម្រាប់យើងវិញដែរ។
លោកអភិបាលភូមិភាគភ្នំពេញយល់ថា សម្រាប់យើងជាព្រះសហគមន៍និងពិភពលោក ត្រូវនឹកឃើញអំពីរបៀបដែលសម្ដេចប៉ាបបានអញ្ជើញយើងឱ្យក្លាយជាគ្រីស្តទូតនៃធម៌មេត្តាករុណានិងប្រណីសន្ដោសសម្រាប់មនុស្សលោក ព្រោះ«ព្រះជាម្ចាស់ ស្រឡាញ់យើង ព្រះជាម្ចាស់លើកលែងទោសឱ្យយើង»។
សម្ដេចប៉ាបក៏បានអញ្ជើញយើងឱ្យទៅជាសាវ័កដែលប្រកាស ដំណឹងល្អពោរពេញដោយអំណរសប្បាយ។ លោកថា «យើងដើរតាមព្រះយេស៊ូ យើងត្រូវបង្ហាញអំណរសប្បាយនៃដំណឹងល្អ»។
ក្នុងនោះដែរ គង្វាលរូបនេះបានបន្ថែមថា សម្ដេចប៉ាបផងដែរ បានអញ្ជើញយើងឱ្យទៅជាគ្រួសារតែមួយ មានភាតរភាពរវាងសាសនានិងសាសនា រវាងប្រជាជននិងប្រជាជន រវាងមនុស្សយើងនៅក្នុងព្រះសហគមន៍ក្នុងពិភពលោកគឺឱ្យយើងចេះបង្កើតទំនាក់ទំនងសាមញ្ញធម្មតាដោយលើកទឹកចិត្តគ្នាទៅវិញទៅមក ឱ្យយើងប្រយ័ត្ន ជំងឺនៃសត្សវត្សទី២១គឺ «មិនអើពើដល់អ្នកដទៃ អ្នកតូចតាច និងអ្នកដែលមិនដូចយើង»។
ជាមួយគ្នានេះ លោកបញ្ជាក់ទៀតថា ព្រះអង្គបានហៅយើងឱ្យកសាងសុខសន្តិភាព ទ្រង់បានអធិដ្ឋានគ្រប់ពេលវេលានិងស្រែកលឺៗឱ្យអ្នកដឹកនាំពិភពលោក «ឈប់ប្រើអាវុធធ្វើសង្គ្រាម ឈប់សម្លាប់គ្នាទៅវិញទៅមក»។ លោកបន្ថែមថា មួយទៀតដែរ សម្ដេចប៉ាបបានអញ្ជើញយើងឱ្យដើរឆ្ពោះទៅរកផ្លូវដ៏វិសុទ្ធដែលព្រះយេស៊ូបានបង្កើតតាមផ្លូវនៃសុភមង្គល ណែនាំឱ្យយើងភ្ជាប់ជាមួយព្រះជាម្ចាស់ និងបង្កើតជីវិតថ្មីដូចយើងបានធ្វើអគ្គសញ្ញាជ្រមុជទឹកនៅក្នុងបុណ្យចម្លង ដើម្បីឱ្យជីវិតភ្ជាប់ជាមួយព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់។
ក្នុងពិធីអភិបូជានោះដែរ មានមនុស្សចូលរួមប្រមាណជាង១០០០នាក់ដែលមកពីព្រះសហគមន៍នានាក្នុងភូមិភាគទាំងបី រួមនិងបូជាចារ្យជាច្រើនអង្គ។
ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធរបស់សម្ដេចប៉ាបហ្វ្រង់ស៊ីស្កូ រយៈពេលពីរថ្ងៃពីថ្ងៃទី២៤-២៥ខែមេសា មានរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា រួមទាំងមន្ត្រីជាន់ខ្ពស់ពីស្ថាប័នធំៗ មួយចំនួនទៀតនៃរាជរដ្ឋាភិបាលកម្ពុជា អង្គទូតនានា មន្ត្រីសង្ឃជាន់ខ្ពស់ គណៈដឹកនាំសាសនាឥស្លាមនៅកម្ពុជា មេដឹកនាំក្រុមជំនុំគ្រីស្តបរិស័ទធំៗមួយចំនួន ក្រុមបព្វជិត-ជិតា អង្គការកាតូលិក ការិយាល័យភូមិភាគភ្នំពេញ និងគ្រីស្តបរិស័ទតាមព្រះសហគមន៍នានាចូលរួមផងដែរ។
លោកអភិបាលអេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍ភូមិភាគបាត់ដំបងមានប្រសាសន៍ថា សម្ដេចប៉ាបបានផ្ដល់ឱ្យយើងនូវចំណុចពីរដែលសំខាន់នោះ គឺ«យើងជាបងប្អូនគ្នា យើងត្រូវចេះលើកទឹកចិត្តគ្នាទៅវិញទៅមក ដោយរួមគ្នាទៅខាងមុខរបៀបSynodal ដែលយើងរួមគ្នាកសាងព្រះសហគមន៍របស់ព្រះជាម្ចាស់»។
លោកអេនរីគេបន្ថែមថា យើងសង្ឃឹមថា សម្ដេចប៉ាបថ្មីដែលនឹងជ្រើសរើស នឹងមានរបៀបដែលណែនាំយើងឱ្យទៅខាងមុខតាមមាគ៌ារបស់ព្រះជាម្ចាស់ ដោយសម្ដែងធម៌មេត្តាករុណារបស់ទ្រង់។
លោកអេនរីគេ «ខ្ញុំសូមជូនពរបងប្អូន និងសូមអធិដ្ឋានឱ្យយើងមានសម្ដេចប៉ាបថ្មីដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់»។ ក្រៅពីកេរដំណែល សន្តិភាព សេចក្ដីសង្ឃឹម សេចក្ដីស្រឡាញ់ និងការអត់ទោស លោកអភិបាលសិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាមរម្លឹកដែរថា អ្វីៗដែលជាកេរដំណែលរបស់សម្ដេចប៉ាបបានបន្សល់ទុកសម្រាប់យើងជាគ្រីស្តបរិស័ទទាំងនេះ យើងត្រូវបង្កើតផលផ្លែនៅក្នុងជីវិតរបស់យើងម្នាក់ៗ នៅក្នុងព្រះសហគមន៍ និងក្នុងពិភពលោក។
ខណៈពេលដែលបុរីវ៉ាទីកង់កំពុងរៀបចំជ្រើសរើសសម្ដេចប៉ាបថ្មី លោកអភិបាលហង្សលីបន្តថា សម្រាប់គ្រីស្តបរិស័ទ អ្វីដែលសំខាន់គឺយើងត្រូវអធិដ្ឋានដើម្បីឱ្យការជ្រើសរើសនេះទទួលបានសម្ដេចប៉ាបមានលក្ខណៈល្អប្រសើរ «បន្តអ្វីដែលល្អៗប្រសើរដែលយើងមានទៅអនាគត»។
លោកបន្ថែមថា ម្យ៉ាងទៀត «សូមឱ្យយើងម្នាក់ៗ កែប្រែចិត្តគំនិតពីសេចក្ដីអាក្រក់ដើម្បីរស់នៅតាមសេចក្ដីល្អស្របតាមព្រះបន្ទូលដំណឹងល្អដែលព្រះយេស៊ូប្រទានឱ្យយើង»។
យ៉ាងណាមិញ គ្រីស្តបរិស័ទ ក៏ត្រូវព្យាយាមយកចិត្តទុកដាក់ចំពោះជំនឿរបស់ខ្លួន ដោយលោកពោលថា ត្រូវ «រស់នៅដោយសេចក្ដីស្រឡាញ់ កសាងសន្តិភាព ដូចដែលសម្ដេចប៉ាបហ្វ្រង់ស៊ីស្កូបានណែនាំយើង។ កសាងសន្តិភាពជាមួយបងប្អូននិងធម្មជាតិដែលនៅជុំវិញយើង។»
សម្ដេចប៉ាបហ្វ្រង់ស៊ីស្កូជាមស្ដេចប៉ាបទី២៦៦ បន្តវេនពីសន្តសិលា បានយាងចូលទិវង្គតកាលពីថ្ងៃទី២១ ខែមេសាកន្លងទៅ នៅនិវេសនដ្ឋានរបស់ទ្រង់ នៅបុរីវ៉ាទីកង់ ដោយរោគាពាធ។ សន្តអាសនៈបានប្រកាសអំពីការបោះឆ្នោតជ្រើសរើសសម្ដេចប៉ាបថ្មី នឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ខែឧសភាខាងមុខនេះ។
មកដល់ពេលនេះព្រះសហគមន៍កាតូលិកទាំងមូលមានកាឌីណាល់ចំនួន ២៥២ រូប ហើយលោកកាឌីណាល់ដែលមានបុព្វសិទ្ធិចូលរួមបោះឆ្នោត ជ្រើសរើសសម្តេចប៉ាបគឺមានតែ ១៣៥ រូបប៉ុណ្ណោះ។ លោកកាឌីណាល់ដែលមានអាយុ ក្រោម៨០ ឆ្នាំទើបអាចមានសិទ្ធិទទួលការជ្រើសរើសជាសម្តេចប៉ាប៕ ដោយកែវកញ្ញា


















Daily Program
