សម្តេចប៉ាប ឡេអូទី១៤ អំពាវនាវឲ្យលោកអភិបាលព្រះសហគមន៍ថ្មីសាងសង់ស្ពាននៃទំនាក់ទំនងនិង​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ

សម្តេចប៉ាបឡេអូទី១៤ កាលពីចុងសប្តាហ៍មុនបានមានបន្ទូលជំរុញ​និងលើកទឹកចិត្តលោកអភិបាលថ្មី​នៃព្រះសហគមន៍កាតូលិកនានា ដែលជួបជុំគ្នានៅវ៉ាទីកង់ថា អ្នកទាំងអស់គ្នាគឺជាអ្នកកសាងស្ពាននៃទំនាក់ទំនង និង ជាអ្នកដែលដើរតួនាទីលុបបំបាត់នូវគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ​នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

យោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យព័ត៌មានសន្តអាសនៈសម្តេចប៉ាប ឡេអូ បានបន្តការឆ្លុះបញ្ចាំង លើ "បញ្ហាប្រឈម ក៏ដូចជាការភ័យខ្លាច អារម្មណ៍មិនសក្តិសម និងការរំពឹងទុកផ្សេងៗគ្នាសម្រាប់ជីវិតរបស់បព្វជិត​បន្ទាប់ពីការត្រាស់ហៅ​ឲ្យក្លាយជាអ្នកគង្វាលព្រះសហគមន៍។

សម្តេចប៉ាបឡេអូបានលើកទឹកចិត្តឲ្យអស់លោកអភិបាលនៃព្រះសហគមន៍រក្សាទំនាក់ទំនងឲ្យជិតស្និទ្ធនឹងព្រះជាម្ចាស់ រក្សាពេលវេលាសម្រាប់ការអធិស្ឋាន និងបន្តការទុកចិត្តដោយគ្មានលក្ខខណ្ឌលើព្រះវិញ្ញាណដ៏វិសុទ្ធ ដែលជាប្រភពនៃការត្រាស់ហៅរបស់ពួកគាត់។

សម្តេចប៉ាបឡេអូបានមានបន្ទូលកាលពីចុងសប្តាហ៍មុន នៅពេលជួបសាវនាការជាមួយនឹង​ក្រុមលោកអភិបាល​នៃព្រះសហគមន៍ដែលមកាន់វ៉ាទីកង់ថា នៅលើបណ្តាញសង្គមមនុស្សគ្រប់គ្នាមានអារម្មណ៍ថាពួកគេមានសិទ្ធិនិយាយអ្វីក៏ដោយដែលពួកគេចង់និយាយ សូម្បីតែរឿងនោះវាមិនពិតក៏ដោយ។

ក្នុងពេលជាមួយគ្នានេះ សម្តេចប៉ាបឡេអូបានព្រមានប្រឆាំងនឹងការល្បួងនៃការបង្កើតក្រុមបក្សពួកក្នុងព្រះសហគមន៍ និងដាក់ខ្លួនឯងនៅក្នុងនោះ។ នៅក្នុងនាមជាអភិបាល គឺគួរតែដើរតួរនាទីតំណាងឲ្យក្តីស្រលាញ់ និង សេចក្តីមេត្តាករុណារបស់គ្រីស្ទបរិស័ទ។

ទ្រង់​ក៏​បាន​លើក​ឡើង​អំពី​ស្ថាន​ការណ៍​​ប្រឈមមុខនៃ​ព័ត៌មាន​ក្លែងក្លាយ​ផងដែរ ដែល​ធ្វើ​ឲ្យ​រំជើបរំជួល​សង្គម​នាបច្ចុប្បន្ន​ភាព ហើយ​ជំរុញ​ឲ្យ​លោកអភិបាល​ទាំង​អស់ចូលរួម​​​ដោះ​ស្រាយ​បញ្ហានេះ ដោយ​មាន​ជំនួយ​ពី​​អ្នកជំនាញផ្នែកទំនាក់ទំនង មនុស្ស​ដែលបានទទួលការបណ្តុះបណ្តាលក្នុងវិស័យនេះ និងលើកទឹកចិត្តពួកគេ​នៅពេលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ​សង្គម​ឱ្យរក្សា "ភាពស្ងប់ស្ងាត់" រក្សា "គោលជំហរឲ្យច្បាស់លាស់"៕

Daily Program

Livesteam thumbnail
khmer popup image